ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ទេសចរណ៍ ​ផ្ដល់​អនុសាសន៍​ណែនាំ​មួយចំនួនដល់​រដ្ឋបាល​ខេត្តកណ្ដាល មន្ទីរ​ទេសចរណ៍ខេត្តកណ្ដាល និង​ផ្នែក​ឯកជន

​ភ្នំពេញ ៖ លោក​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង រៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៤ បានផ្ដល់​អនុសាសន៍​ណែនាំ​មួយចំនួន ដល់​រដ្ឋបាល​ខេត្តកណ្ដាល មន្ទីរ​ទេសចរណ៍​ខេត្តកណ្ដាល និង​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ ក្នុង​សិក្ខាសាលា​អបអរសាទរពិធីបុណ្យ​ទន្លេ​លើក​ទី​៤ ក្រោម​ប្រធានបទ «​ទន្លេ​នៃ​សន្ដិភាព មិត្តភាព និង​និរន្តរភាពទេសចរណ៍​»​។

​ប្រព​ភ​ពី​ក្រសួង​ទេសចរណ៍បាន​ឲ្យ​ដឹងថា ការផ្តល់​អនុ​សាសន៍​ទាំងនេះ​ ធ្វើឡើង​ក្នុង​ឱកាសលោករដ្ឋមន្ត្រី រួមជាមួយ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល អញ្ជើញ​ជា​អធិបតីភាពក្នុង​សិក្ខាសាលា​អបអរសាទរ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៤ ក្រោម​ប្រធានបទ «​ទន្លេ​នៃសន្ដិភាព មិត្តភាព និង​និរន្តរភាព​ទេសចរណ៍​» អម​ជាមួយ​ពិធី​ចែក​ប័ណ្ណ​សរសើរ លិខិត​សរសើរ ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្តកណ្ដាល នា​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០១៨ ដោយមាន​ការចូលរួម​ពីថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ មន្ត្រីរាជការ ភ្ញៀវ​ជាតិ ប្រតិបត្តិ​ករ​ទេសចរណ៍ យុវជន និង​និស្សិត​ប្រមាណ​ ៤០០ ​នាក់​ផងដែរ​។

​លោក​រដ្ឋមន្ត្រី​បានលើកឡើង​ទៀតថា ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល សម្ដេច​តេ​ជោ ហ៊ុន សែន បាននាំមក​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ ភាពសម្បូរ​សប្បាយ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​បានជំរុញ​ឲ្យ​វិស័យ​ទេសចរណ៍​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់ តួយ៉ាង​ដូចជា​ក្រុង​តាខ្មៅ នៃខេត្តកណ្តាល​នេះ​ជាដើម ក៏​ជា​គោលដៅ​ទេសចរណ៍​មួយ​ដែលមាន​សក្តានុពល និង​បង្ហាញលទ្ធភាព​ខ្ពស់ ក្នុង​ត​ភ្ជាប់​ពី​គោលដៅ​ទេសចរណ៍​នានា​ពី​រាជធានី​ភ្នំពេញ ទាំង​ផ្លូវគោក និង​ផ្លូវទឹក​។

​ឆ្លើយតប​នឹង​ចំណុច​នេះ លោក​ ថោង ខុន ក៏បានផ្ដល់​អនុសាសន៍​ណែនាំ​មួយចំនួន ដល់​រដ្ឋបាលខេត្តកណ្ដាល មន្ទីរ​ទេសចរណ៍​ខេត្តកណ្ដាល និង​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ រួមមាន ១៖ត្រូវ​យកចិត្តទុកដាក់​លើ​ការពង្រឹង​លើ​ការគ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ និង​ត្រូវពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍​ឱ្យបាន​កាន់តែ​ល្អ និង​បដិសណ្ឋារកិច្ច​ល្អ ដោយ​ត្រូវអនុវត្តតាមច្បាប់​ស្ដីពី​ទេសចរណ៍ (​ត្រូវ​ស្នើសុំ​អាជ្ញា​ប័ណ្ណ​ទេសចរណ៍​ស្របតាម​មាត្រា​៣២ នៃច្បាប់​ស្ដីពី​ទេសចរណ៍​) និង​ ស្តង់ដារ​គុណភាព​សេវាកម្ម​ទេសចរណ៍ ទាំង​ថ្នាក់ជាតិ និង​ទាំង​ថ្នាក់អាស៊ាន ពិសេស​គុណភាព​ម្ហូបអាហារ​នៅតាម​ភោជនីយដ្ឋាន និង​ម្ហូបអាហារ​នៅតាម​ដងផ្លូវ​។​
២៖ អភិវឌ្ឍ​ទេសចរណ៍​ទីក្រុង​តាម​ដង​ទន្លេ ដែលមាន​សក្ដានុពល​ទាក់ទាញ​ទេសចរណ៍ ដោយផ្ដើមចេញពី​ការអភិវឌ្ឍន៍​ទីក្រុង​ស្អាត ទន្លេ​សា្អ​ត សេវាកម្ម​ល្អ ដើម្បី​ចូលរួម​ទ្រទ្រង់​ដល់ចក្ខុវិស័យ​នៃ​ការអភិវឌ្ឍន៍​ទន្លេ​តាម​ដង​ទន្លេ ប្រកបដោយ​ការទទួលខុសត្រូវ​។ ៣៖ត្រូវយកចិត្តទុកដាក់​អំពី​ភាព​ស្អាត អនាម័យ​របស់​បង្គន់​សាធារណៈ ទាំង​នៅតាម​ទីសាធារណៈនៅក្នុង​សណ្ឋាគារ ភោជនីយដ្ឋាន និង​តាម​សម្បទា​ទេសចរណ៍​ផ្សេងៗ​ទៀត​។ ៤៖អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​តាម​ដង​ទន្លេ ដែល​រួមមាន​សហគមន៍​ទេសចរណ៍ កសិទេសចរណ៍ និង​ផ្ទះ​ស្នាក់​គំរូ​។

​ក្នុង​សិក្ខាសាលា​អបអរសាទរ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៤​នេះ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​ ក៏បានចែកជូន​នូវ​ស្លាក​សញ្ញា​ចំណាត់ថ្នាក់​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ ប័ណ្ណ​សរសើរ​ដល់​ប្រតិបត្តិករ​ទេសចរណ៍​ដែលមាន​ស្នាដៃ​ល្អ ក្នុង​គោលដៅ​លើកកម្ពស់​ពង្រឹងគុណភាព​សេវាកម្ម និង​បង្កើន​ទំនុកចិត្ត​ជូន​ភ្ញៀវទេសចរ​ផងដែរ​។

​អាជីវកម្ម​ដែល​ទទួលបាន​ស្លាក​សញ្ញា​ចំណាត់ថ្នាក់​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ បណ្ណ​សរសើរ និង​លិខិត​សរសើរ​ទាំងអស់ រួមមាន​៖ ចំណាត់ថ្នាក់​សណ្ឋាគារ​ផ្កាយ​៣ ចំនួន​២​ទីតាំង (​សណ្ឋាគារ តាខ្មៅ ហ្គូ​ដ​ហ៊ែ​ល និង​សណ្ឋាគារ​ត្រា​នី​កា​) ប័ណ្ណ​សរសើរ​ចំនួន ៣២​អាជីវកម្ម និង​លិខិត​សរសើរ​ចំនួន ៥​អាជីវកម្ម​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114