ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ និង​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ជា​អធិបតី​បើក​ពិធីបុណ្យ​ទន្លេ​លើក​ទី​៤ នៅ​ក្រុង​តាខ្មៅ​ខេត្ដ​កណ្ដាល​

ភ្នំពេញ ៖ នៅវេលា​ល្ងាច​ថ្ងៃទី ១០​ខែ មីនា ឆ្នាំ​២០១៨​នេះ សម្ដេច​តេ​ជោ និង​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បើក​ពិធីបុណ្យ​ទន្លេ​ជា​ផ្លូវការ ដែល​ពិធីបុណ្យ​ទន្លេ​ឆ្នាំនេះ​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៩ ដល់​ថ្ងៃទី​១១ ខែមីនា​។ កម្មវិធី​បុណ្យ​ទន្លេ​ឆ្នាំ​ទី​៤​នេះ​រៀបចំឡើង​នៅ​ភូមិសាស្ត្រ ខេត្តកណ្ដាល​។​ក្នុង​ឱកាស​អញ្ជើញ​ដល់​កន្លែង​ប្រារព្ធ​ពិធី សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​អញ្ជើញ​កាត់​ខ្សែបូ​បើក​កម្មវិធី​បុណ្យ​ទន្លេ​ជា​ផ្លូវការ បន្ទាប់ សម្តេច​ទាំង​ទ្វេ​បាន​ទស្សនា​ស្តង់​ពិព័រណ៍​ផលិតផល កសិផល នានា​ជិត ៥០០​ស្តង់​ដែល​បានដាក់​តាំងនៅ​ក្នុង​ពិធីបុណ្យ នេះ​។​

រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៩ ដល់ទី​១១ ខែមីនា ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​ឆ្នាំនេះ​ប្រព្រឹត្តទៅ​នៅតាម​ដង​ទន្លេបាសាក់​ក្នុង​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​។ ឆ្នាំ​២០១៨ គឺជា​ឆ្នាំ​ទី​៤ នៃ​ពិធីបុណ្យ​ទន្លេ​ធ្វើឡើង​ក្រោម​ប្រធានបទ​«​ទន្លេ​សន្តិភាព​មិត្តភាព និង​និរន្តរភាព​ទេ​ចរណ៍​»​កម្មវិធី​បុណ្យ​ទន្លេ​ត្រូវបាន​ក្រសួង​ទេ​ចរណ៍​បាន​រៀបចំឡើង​ដើម្បី​ជំរុញ​ឲ្យ​មាន​កំណើន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ទៅកាន់​ខេត្ត​នៅ​ដង​ទន្លេ នៃ​ប្រទេស​កម្ពុជា និង​ដើម្បី​ជំរុញ​ឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​មាន​ភាពប្រសើរឡើង​។​

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​បានចាត់ទុក​បុណ្យ ទន្លេ​គឺជា​ព្រឹត្តិការណ៍​ជួយ​ពង្រឹងគុណភាព​សេវាកម្ម​និង​ការបង្កើត​និង​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​ថ្មី​ប្រកបដោយ​ការច្នៃប្រឌិត​ខ្ពស់​។​

នៅក្នុង​សារលិខិត​ដែល​ចុះហត្ថលេខា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន អបអរ​បុណ្យ​ទន្លេ​លើក​ទី​៤ ចុះ​ថ្ងៃទី ១៥ ខែ កុម្ភៈ ២០១៨ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ថ្លែងថា​៖ “​ព្រឹត្តិការណ៍​នេះ​ក៏​ជា​ឱកាស​មួយ​ដើម្បី​ពង្រឹងគុណភាព​សេវាកម្ម​និង​ការបង្កើត​និង​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មី​ប្រកបដោយ​ការច្នៃប្រឌិត​ខ្ពស់​ជាពិសេស​ទេសចរ​តាម​នាវា​(River-Cruise)​សហគមន៍​ទេសចរណ៍​តាម​ដង​ទន្លេ​ចូលរួមចំណែក​ជំរុញ​ការផ្សាភ្ជាប់​រឹតចំណង​មិត្តភាព​សាមគ្គីភាព​រវាង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដោយបាន​ពង្រឹង​ភាពជា​ដៃគូ​ក្នុង​ក្របខ័ណ្ឌ​មហា​តំបន់​មេគង្គ (GMS) មេគង្គ​-​ជប៉ុន​មេគង្គ​-​គង្គា​និង​មេគង្គ​-​ឡាន​ឆាង​”​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ​៖ ​ក្នុង​បរិការណ៍​នេះ​រាជរដ្ឋាភិបាល​បានកំណត់​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ​ដែល​នឹង​ក្លាយជា​ព្រឹត្តិការណ៍​ទេសចរណ៍​ថ្មី​មួយទៀត​សម្រាប់​កម្ពុជា​ដែល​មិន​ត្រឹមតែ​ចូលរួមចំណែក​ក្នុងការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​នៃ​ខេត្ត​ជាប់​ដង​ទន្លេ​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ​។ ប៉ុន្តែ​ថែមទាំង​ចូលរួម​គាំទ្រ​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​យកចិត្តទុកដាក់​អភិវឌ្ឍន៍​តំបន់​តាម​ដង​ទន្លេ​ប្រកបដោយ​និរន្ត​ភាព​និង​ការទទួលខុសត្រូវ​ជាពិសេស​ការជំរុញ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​ការការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ដោយ​ឈរលើ​ការប្ដេជ្ញាចិត្ត​រួមមួយ​ច្បាស់លាស់​ក្នុងការ​រក្សា​តុល្យភាព​រវាង​ផលប្រយោជន៍​សេដ្ឋកិច្ច​សង្គមកិច្ច​និង​វប្បធម៌​ប្រជាពលរដ្ឋ​មូលដ្ឋាន​ដូចដែល​ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈ​ប្រធានបទ​នៅ​ពី​ធី​បុណ្យ​ទន្លេ​លើក​ទី​៤​នេះ​គឺ​”​ទន្លេ​នៃ​ស​ន្ភិ​ភាព​មិត្តភាព​និង​និរន្តរភាព​ទេសចរណ៍​”​។​



សម្តេច​តេ​ជោ​បន្តថា​៖ រាជរដ្ឋាភិបាល​បានចាត់ទុក​វិស័យ​ទេសចរណ៍​ជា​វិស័យ​អាទិភាព​ដើរតួនាទី​ជា​” មាស​បៃតង​” រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​តាមរយៈ​បង្កើន​នូវ​ឱកាស​ការងារ​បង្កើន​ប្រាក់​ច​ណូ​ល​ជូន​ប្រជាពលរដ្ឋ​ដោយផ្ទាល់​និង​ដោយ​ប្រយោល​ជំរុញ​នាំចេញ​នៅនឹងកន្លែង​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​បង្កើន​ចំណូល​ជាតិ​ចូលរួម​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ​ពិសេស​ចូលរួម​ដល់​ការឆ្លើយតប​នឹង​បម្រែបម្រួល​អាកាសធាតុ​ដែលជា​បញ្ហា​ប្រឈម​ជាស​កល​។​ ​ ​ ​ ​ទឹកទន្លេ​ជា​ប្រភព​នៃ​ការចិញ្ចឹម​បីបាច់​ជីវិត​ជាទី​កន្លែង​ដែល​បណ្ដុះបណ្ដាល និង​ពូន​ជ្រំ​នូវ​អរិយធម៌​។ តាំងពី​បុរាណកាល​មក​មនុស្សជាតិរ​ស់​នៅតាម​បណ្ដោយ​ទន្លេ​បន្ត​ពូជពង្ស​និង​រស់នៅ​ដោយ​បណ្ដុំ​គ្នា​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​។ ទន្លេ​ជា​អំណោយ​ពី​ធម្មជាតិ​ដែល​ជាទី​បង្អែក​សម្រាប់​កា​ររ​ស់​នៅ​របស់​យើង​ហើយ​កាន់តែ​ជា​ចំណង​ធម្មជាតិ​នៃ​ការជួយ​យក​អសា​គ្នា​របស់​យើង​ទៀតផង​។​វា​បាន​ផ្សាភ្ជាប់​ប្រទេស​នានា​ដែល​ហូប​ទឹកទន្លេ​តែមួយ​អោយ​ក្លាយជា​សហគមន៍​រួម​វាសនា​តែមួយ​ដែល​ប្រកបដោយ​សមភាព​ជួយ​យក​អសា​គ្នា​ដោយស្មោះ​ត្រង់​និង​ស្និទ្ធស្នាល​ដូចជា​មនុស្ស​ក្នុង​គ្រួសារ​តែមួយ​។​

ជាមួយគ្នានេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ បងប្អូន​ជនជាតិ​រួមទាំង​អស់ វិស័យ​ឯកជន សហគ្រាស​ធុន​តូច​និង​មធ្យម ចូលរួម​ឲ្យ​បាន​ផុសផុល​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ធ្វើ​ឲ្យ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៤ ឆ្នាំនេះ និង​ពិធីបុណ្យ​ទន្លេ​ជា​បន្ដបន្ទាប់ ប្រ​ព្រឹ​ត្ដទៅ​ប្រកបដោយ​ភាពជោគជ័យ​។​



បន្ថែមទៀត​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ក៏​អំពាវនាវ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ ទេសចរ​ជាតិ និង​អន្ដរជាតិ អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ចូលរួម​សកម្មភាព​ចលនា​ប្រឡងប្រណាំង «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​» និង​សហការ​ថែរក្សា​សោភ័ណភាព ភាព​ស្អាត អនាម័យ បរិស្ថាន​ល្អ ដែលជា​កត្ដា​ចម្បង​មិនអាច​ខ្វះ​បាន ក្នុងការ​ថែរក្សា​សោភ័ណភាព​ខេត្ត​-​ក្រុង តាម​ដង​ទន្លេ​ឲ្យ​ស្រស់ស្អាត​គង់វង្ស​យូរអង្វែង ដើម្បី​បន្ដ​ទុកជា​មរតក ដល់​កូនចៅ​ជំនាន់​ក្រោយ។​

ក្នុងន័យនេះ​សម្តេច​តេ​ជោ​ហ៊ុន សែន សង្ឃឹម​យ៉ាង​មុតមាំ​ថា​ការ​ប្រារព្ធ​បុណ្យ​ពិធីបុណ្យ​ទន្លេ​នឹង ក្លាយជា​កាលានុវត្តភាព​ដ៏​ប្រសើរ​ថ្មី​មួយទៀត​ក្នុង​ការធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព​ដែលជា​កត្តា​ចូលរួមចំណែក​ក្នុងការ​ផ្ដល់​ចំណូល​ការបង្កើត​ការងារ​និង​ការចូលរួម​កាត់បន្ថយ​ភព​ក្រីក្រ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ជាពិសេស​ចូលរួមចំណែក​ធ្វើឱ្យ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​របស់​អង្គការសហប្រជាជាតិ​និង​របស់​កម្ពុជា​ព្រមទាំង​បង្កើន​ស្មារតី​ស្រឡាញ់​ជាតិ​មាតុភូមិ​សា​ម្គី​ភាព​និង​មិត្តភាព​ផងដែរ ។​

ទន្លេមេគង្គ​កម្ពុជា​ដែលមាន​ប្រវែង​ជាង​៤០០​គីឡូម៉ែត្រ​នោះ​ទទួលបាន​ការទាក់ទាញ​កាន់តែច្រើន​ទៅ​ពី​ភ្ញៀវទេសចរ​។​ពិធីបុណ្យ​ដែល​ភ្ជាប់​គ្នា​នឹង​ការ​ប្រណាំងទូក​នេះ​នឹង​ភ្ជាប់​គ្នា​ជាមួយនឹង​ការបង្ហាញ​ពី​ជីវភាព​រស់នៅ​និង​ប្រពៃណី​របស់​ប្រជាជន​ខ្មែរ​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​។​ពិធីបុណ្យ​ប្រចាំឆ្នាំ​នឹងត្រូវ​ជ្រើស​រើសយក​ខេត្ត​ផ្នែក​ខាងលើ​នៃ​ទន្លេមេគង្គ​ដើម្បី​នាំ​ទេសចរ​ឲ្យ​ទៅកាន់​ទីនោះ​កាន់តែច្រើន​។​

លោក ម៉ៅ ភិ​រុណ អភិបាល​ខេ​ត្ក កណ្តាល បាន​មានប្រសាសន៍ថា រដ្ឋបាលខេត្ត​បាន ត្រៀមខ្លួន​ជាស្រេច​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ដើម្បី​ទទួល​ពិធី បុណ្យ​ទន្លេ​លើក​ទី​៤ ដែល ប្រព្រឹត្ត​នៅ​ថ្ងៃទី​៩​ដល់​១១ មីនា ២០១៨ ខាងមុខនេះ​។​រដ្ឋបាលខេត្ត​បាន​ដឹកនាំ​កម្លាំង​ជួសជុល​កែលម្អ សួនច្បារ ពហុកីឡាដ្ឋាន រៀបចំ​បំពាក់ បន្ថែម​ភ្លើង​បំភ្លឺ​ផ្លូវ និង​រៀប​ការ៉ូឡា​នៅតាម​ចិញ្ចើមផ្លូវ ឱ្យ​កាន់​តែមាន​សណ្តាប់ ធ្នាប់​សោភ័ណ​ភាពល្អ ព្រមទាំង​ស្លាក​ផ្សព្វផ្សាយ​អំពី​ពិធីបុណ្យ​ទន្លេ ឱ្យ​ប្រជាពលរដ្ឋ បាន​យល់ ដឹង​កាន់តែ​ទូលំទូលាយ​។ លោក​បាន​បន្តថា ក្នុង​នោះបាន​ត្រៀម​ស្លាក​និង​បដា ផ្សព្វផ្សាយ​ចំនួន​៥០០ ក្នុងនោះ បញ្ឈរ​ចំនួន​៣០០​និង​ផ្តេក ចំនួន​២០០​។ ស្តង់​ពិព័រណ៍​ទេសចរណ៍​ផលិត ផល​ខ្មែរ​មហោស្រព​ម្ហូបអាហារ និង​ភេសជ្ជៈ​ចំនួន​៧០០ ក្នុងនោះ​សម្រាប់​អា​ជីករ​ក្នុងស្រុក​ចំនួន​៥០០​និង​ស្តង់​បរទេស​ចំនួន​២០០​។ ក្រៅពីនោះ ក៏មាន​កម្មវិធី​កំសាន្ត​ដូចជា​ការរត់​ប្រណាំង​កំសាន្ត ការប្រកួត​កីឡា​បាល់ ទាត់ បាល់ទះ ប្រដាល់ ចំបាប់​ខ្មែរ ប្រកួត​កីឡា​អុកចត្រង្គ ប្រណាំង​កង់ ប្រណាំងទូក​( ង ) និង​ហែល​ទឹក​ឆ្លងទន្លេ ក្រៅពីនោះ ក៏មាន​កម្មវិធី​សម្តែង​សិល្បៈ​និង​ប្រគំ​តន្ត្រី ជូន​ប្រជាពលរដ្ឋ​ទស្សនា កំសាន្ត​ផងដែរ​។​

​លោក​ក៏បាន​បញ្ជាក់ដែរថា​រាជរដ្ឋាភិបាល​បាន​បង្កើត​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​ឡើង​ដើម្បី​ទាក់ទាញ នូវ​ចំណាប់អារម្មណ៍​លើ​ទំនៀមទម្លាប់​ប្រពៃណី វប្បធម៌​របស់​ខ្មែរ​យើង និង​ក៏​ជាការ​ដឹងគុណ​ដល់​ព្រះ​ម៉ែ​គង្គា ដែល​បាន​នាំមក​នូវ​ការរស់នៅ របស់​ប្រជារាស្ត្រ ហើយ​សង្ឃឹមថា បងប្អូន​ប្រជាពលរដ្ឋ​នឹង​អញ្ជើញ ចូលរួម​ឱ្យបាន​ច្រើន​កុះករ និង​រួមគ្នា ថែរក្សា​បរិស្ថាន​អនាម័យ​ឱ្យបាន​ល្អ​។​

ពិធីបុណ្យ​ទន្លេ ត្រូវបាន​ប្រារព្ធ​ឡើងជា​លើក​ទី​៤ បន្ទាប់ពី​លើក​ទី​១ រៀបចំឡើង​នៅ​ខេត្តក្រចេះ កាលពី​ឆ្នាំ​២០១៥​ដោយមាន​មនុស្ស​ចូលរួម​ជាង​១០​ម៉ឺន​នាក់ និង លើក​ទី​២ នៅ​ខេត្តកំពង់ចាម កាលពី​ឆ្នាំ​២០១៦​មាន​មនុស្ស​ចូលរួម​ជាង​៥០​ម៉ឺន​នាក់ និង លើក​ទី​៣ នៅ​ខេត្តស្ទឹងត្រែង មាន​មនុស្ស​ចូលរួម​ប្រមាណ ៥ ម៉ឺន​នាក់​។​ ​

ពិធីបុណ្យ​ទន្លេ​លើក​ទី​៤​ឆ្នាំនេះ ត្រូវ​រំពឹងថា នឹង​ទទួលបាន​ភ្ញៀវទេសចរ​ចូលរួម​ទស្សនា​ជាង ១​លាន​នាក់​។ ក្នុងនោះ​ក៏មាន​ការតុបតែង​រចនា​លម្អ​នៅតាម​គេហដ្ឋាន​របស់​ប្រជាពលរដ្ឋ និង​ដងផ្លូវ ការតាំងពិព័រណ៍​លក់​ផលិតផល​ក្នុងស្រុក ការសម្ដែង​សិល្បៈ​ចម្រុះ សិល្បៈ​វប្បធម៌ ផ្ទាំងទស្សនីយភាព​នានា​ទាំង​នៅលើ​គោក​និង​នៅលើ​ទឹក​៕