ព័ត៍មានទាន់​ហេតុការណ៏
Search

ពេជ្រ ចរណៃ ​ចូលរួម​ចែករំលែក​សម្ភារៈ​សិក្សា​ដល់​សិស្ស​ ៦០០ ​នាក់ ​នៅ​ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ

ភ្នំពេញ ​៖​ ​ តារា​សម្តែង​ស្រី​រូប​ស្រស់​ដែល​កំពុង​ក្តោប​ក្តាប់​បាន​ឱកាស​ទីផ្សារ​សម្តែង​ស្ទើរ​រក​ពេល​សម្រាកគ្មាន​ កញ្ញា ពេជ្រ ចរណៃ បន្ទាប់ពី​អាការៈ​ជំងឺ​របស់​នាង​បានជា​សះស្បើយ​វិល​ទៅរកស្ថានភាព​ដូចដើម​វិញ​នោះ ​ពេលនេះ​ក៏​ផ្តើម​លេចមុខ​លើ​សកម្មភាព​មនុស្សធម៌​ជួយ​ដល់​សង្គម តាមរយៈ​ការ​ចែករំលែក​ក្តី​ស្រឡាញ់​ដល់​កុមារ​នៅតាម​សហគមន៍​នៃ​ខេត្តតាកែវ​។

ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៨​ កន្លងមកនេះ ​តារា​សម្តែង​កញ្ញា​ ពេជ្រ ចរណៃ បានរួម​គ្នា​ជាមួយ​តារាចម្រៀង​រលក​ថ្មី​របស់​ផលិតកម្ម​ហង្ស​មាស ​លោក ឃី សុ​ឃុន គឺ​ចំណាយ​ថវិកាផ្ទាល់ខ្លួន​រួម​ នឹង​ពេលវេលា​ក្នុង​ការទិញ​សម្ភារៈ​សិក្សា​ទៅ​ចែកជូន​ដល់​សិស្សានុសិស្ស​សាលាបឋមសិក្សា​មួយកន្លែង​នា​ទឹកដី​ខេត្តតាកែវ​។

ចំពោះ​សម្ភារៈ​សិក្សា​ដែល​ត្រូវបាន​តារា​វ័យក្មេង​សាច់​សខ្ចី​ កញ្ញា ពេជ្រ ចរណៃ និង​ លោក ឃី សុឃុន ចូលរួម​ចែកជូន​ដល់​សិស្ស​ទាំង ​៦០០ ​នាក់​ នា​សាលាបឋមសិក្សា​ផ្ចិត​ជ្រំ ​ស្ថិតក្នុង​ឃុំ​សំរោង ស្រុក​ត្រាំកក់ ខេត្តតាកែវ នោះ​រួមមាន សៀវភៅ ប៊ិច ខ្មៅ​ដៃ និង​អាហារ​មាន នំប៉័ង ទឹកក្រូច និង ទឹកបរិសុទ្ធ ជាដើម​។

តារា​សម្តែង​កញ្ញា ពេជ្រ ចរណៃ ក៏បាន​និយាយ​ផ្ដាំផ្ញើ​ដល់​ក្មេងៗ​ដែល​ជា​សិស្សសាលា​ទាំងនោះ​ថា សូម​ប្អូនៗ​ត្រូវតែ​ខិតខំ​បន្ត​ការសិក្សា​រៀន​សូត្រ​ ដើម្បី​ប្រឹងប្រែង​ក្រេប​យកចំណេះ​វិជ្ជា​សម្រាប់​ខ្លួន​ឯង​នាពេល​អនាគត​។​ ម្យ៉ាងទៀត​ក៏ត្រូវ​តែ​ត្រងត្រាប់​ស្តាប់​ការបង្ហាត់បង្រៀន​របស់​លោក​គ្រូអ្នកគ្រូផងដែរ​។

កញ្ញា ពេជ្រ ចរណៃ បាន​បន្តថា​ នាង​ពិតជា​សប្បាយចិត្ត​ណាស់​នៅពេល​បានមក​ជួប​ប្អូនៗនាពេលនេះ​។ ​ថ្វី​ត្បិត​សាលារៀន​មួយ​នេះ​មាន​ទីតាំង​ឆ្ងាយ​បន្តិច​ក៏ពិតមែន​ តែ​នាង​ពិតជាសប្បាយ​ចំពោះ​សកម្មភាព​មនុស្សធម៌​បែបនេះ ហើយ​នាង​ក៏​សន្យាថា​នឹង​បន្តសកម្មភាពមនុស្សធម៌​ តាមរយៈ​ការចែករំលែក​ជា​សម្ភារៈ​សិក្សា​ដល់​ក្មេងៗ​សិស្សសាលា ​មិន​ថានៅតែ​កន្លែង​នេះ ​ឬ​កន្លែង​ផ្សេង​ទៀតឡើយ​៕