ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុង​សេ​អ៊ូ​ល ​៖​ កូរ៉េខាងជើង “​ប្រុងប្រយ័ត្ន​” ក្នុង​ការ​ប្រកាស​អំពី​ជំហរ​សម្រាប់​កិច្ចប្រជុំ​កំពូល​នា​ពេល​ខាងមុខ

ក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​ថា ភាព​ស្ងប់ស្ងាត់​របស់​កូរ៉េខាងជើង​ស្តីពី​កិច្ចប្រជុំ​កំពូល​របស់​ខ្លួន​ជាមួយ​នឹង​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង​នា​ពេល​ខាងមុខនេះ​ទំនងជា​ដោយសារតែ​ការប្រុងប្រយ័ត្ន​លើ​ការរៀបចំ​ជំហរ​របស់​ខ្លួន​ទាក់ទង​នឹង​កិច្ចប្រជុំ​នោះ។

លោក Baik Tae-hyun អ្នកនាំពាក្យ​ក្រសួង​នេះ​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​យើង​មិន​បានឃើញ​ឬ​ទទួលបាន​ការឆ្លើយតប​ជា​ផ្លូវការ​ពីរបប​កូរ៉េខាងជើង​ពាក់ព័ន្ធ​នឹង​កិច្ចប្រជុំ​កំពូល​កូរ៉េខាងជើង – អាមេរិក​ទេ​។ ខ្ញុំ​មាន​អារម្មណ៍​ថា ពួកគេ​កំពុង​គិតដល់​បញ្ហា​នេះ​ដោយ​ប្រុងប្រយ័ត្ន​ហើយ​ពួកគេ​ត្រូវការ​ពេលវេលា​ដើម្បី​រៀបចំ​ជំហរ​របស់​ពួកគេ​”​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កូរ៉េខាងជើង​បានកត់សម្គាល់​អំពី​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​មួយ​មកពី​កូរ៉េខាងត្បូង​កាលពី​សប្តាហ៍​មុន​ប៉ុន្តែ​ពុំបាន​បញ្ជាក់​ពី​ការអញ្ជើញ​របស់លោក​គីម​ជុង​អ៊ុន​ដើម្បី​ជួប​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់​ត្រាំ​ឬ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូ​ន​ចេ​អ៊ី​ន​ដើម្បី​ពិភាក្សា​អំពី​អនាគត​នៃ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង​ទេ។

លោក​ត្រាំ​បាន​យល់ព្រម​ជួប​ជាមួយ​លោក​គីម​ជុង​អ៊ុន​នៅ​ចុងខែ​ឧសភា​ចំណែក​កូរ៉េ​ទាំងពីរ​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​មួយ​នៅ​ចុងខែ​មេសា។ ទីតាំង​មួយ​មិនទាន់​ត្រូវបាន​សម្រេច​នៅឡើយ​ទេ​សម្រាប់​កិច្ចប្រជុំ​កំពូល​កូរ៉េខាងជើង​-​អាមេរិក​ ខណៈ​ដែល​លោក​គីម​ជុង​អ៊ុន​និង​លោក​មូ​ន​នឹង​ជួប​គ្នា​នៅ​ភូមិ​បទ​ឈប់​បាញ់ Panmunjom ដែល​បែងចែក​ព្រំដែន​រវាង​កូរ៉េ​ទាំងពីរ។

លោក Baik និយាយថា កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង​បាន​យល់​ព្រម​ធ្វើ​កិច្ចចរចា​ការងារ​ដើម្បី​ស្វែងរក​ព័ត៌មាន​លម្អិត​នៃ​ជំនួប​កំពូល​អន្តរ​កូរ៉េ​ប៉ុន្តែ​កូរ៉េ​ទាំងពីរ​មិនបាន​និយាយ​ជា​ផ្លូវការ​ទេ​ចាប់តាំង​ពី​គណៈប្រតិភូ​កូរ៉េខាងត្បូង​បាន​វិលត្រឡប់​មកពី​កូរ៉េខាងជើង​វិញ​កាលពី​សប្តាហ៍​មុន​។​

គួរ​បញ្ជាក់ថា ទីភ្នាក់ងារសារព័ត៌មាន​ផ្លូវការ​របស់​កូរ៉េខាងជើង​កំពុង​ព្យាយាម​កាត់បន្ថយ​ភាព​តានតឹង​ក្នុង​ទំនាក់ទំនង​រវាង​កូរ៉េខាងត្បូង​និង​កូរ៉េខាងជើង​ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​បាន​បន្ត​ព្រមាន​សហរដ្ឋអាមេរិក​និង​ជប៉ុន​ប្រឆាំង​នឹង​វោហារសាស្ត្រ​បង្ក​សង្គ្រាម៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684