ព័ត៍មានទាន់​ហេតុការណ៏
Search

អង្គការ​លើកលែងទោស​ ៖ មី​យ៉ាន់​ម៉ា​សាងសង់​រចនាសម្ព័ន្ធ​សន្តិសុខ​នៅលើ​ដី​ដែល​ត្រូវ​ដុតបំផ្លាញ​របស់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា

អង្គការ​លើកលែងទោស​អន្តរជាតិ​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា មី​យ៉ាន់​ម៉ា​កំពុង​សាងសង់​ទីតាំង​សន្តិសុខ​នៅលើ​ភូមិ​ដែល​រង​ការបំផ្លិចបំផ្លាញ​របស់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ដោយ​ជំរុញ​ឲ្យ​មានការ​សង្ស័យ​លើ​គម្រោង​របស់​ប្រទេស​នេះ​ក្នុង​ការធ្វើ​មាតុភូមិនិវត្តន៍​ជនភៀសខ្លួន​រាប់សែន​នាក់។

ប្រជាជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ជិត​៧០០,០០០​នាក់​ បាន​ភៀសខ្លួន​ចេញពី​រដ្ឋ​រ៉ា​ឃី​នភា​គ​ខាងជើង​ទៅ​កាន់​ប្រទេស​បង់​ក្លា​ដែ​ស​ចាប់តាំង​ពី​មី​យ៉ាន់​ម៉ា​បាន​ចាប់ផ្តើម​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​ទៅលើ​ពួក​បះបោរ​កាលពី​៦​ខែ​មុន​ដែល​សហរដ្ឋអាមេរិក​និង​អង្គការសហប្រជាជាតិ​ហៅថា​ជា​ការ​បោសសម្អាត​ជនជាតិភាគតិច។

​យ៉ាងណាក្តី ប្រទេស​មី​យ៉ាន់​ម៉ា​ច្រានចោល​ការចោទប្រកាន់​នេះ​ដោយ​និយាយថា ខ្លួន​កំពុង​ឆ្លើយតប​ចំពោះ​ការវាយប្រហារ​ដោយ​កងទ័ព​រំដោះ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា Arakan នៅ​ចុងខែ​សីហា​។​

របាយការណ៍​ថ្មី​របស់​អង្គការ​លើកលែងទោស​ដែលមាន​ឈ្មោះថា “Remaking Rakhine State” បាន​ប្រើ​រូបភាព​ផ្កាយរណប​និង​ការសម្ភាសន៍​ដើម្បី​ចង្អុលបង្ហាញ​អំពី​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​និង​សំណង់​ផ្សេងៗ​ទៀត​ចាប់​តាំងពីដើម​ឆ្នាំនេះ​មក​ដែល​ក្រុម​អ្នកស្រាវជ្រាវ​និយាយថា “​វា​ជាការ​រំលោភ​យក​ដី​”​។​

លោក Tirana Hassan ប្រធាន​ផ្នែក​ឆ្លើយតប​វិបត្តិ​របស់​អង្គការ​លើកលែងទោស​បាន​ថ្លែងថា “​ភស្តុតាង​ថ្មី​និង​ការកសាង​ឡើងវិញ​ដែល​អង្គការ​លើកលែងទោស​បាន​ចងក្រង​ជា​ឯកសារ​ក្នុងការ​ស្រាវជ្រាវ​ចុងក្រោយ​បំផុត​របស់​យើង​នោះបាន​បង្ហាញថា អាជ្ញាធរ​មី​យ៉ាន់​ម៉ា​កំពុង​កសាង​សំណង់​នៅ​កន្លែង​នានា​ដែល​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ត្រូវការ​ត្រឡប់​ទៅវិញ​”​។​

អង្គការ​សិទិ្ធ​មនុស្ស​មួយ​នេះ​បាន​និយាយថា រចនាសម្ព័ន្ធ​សម្រាប់​កងកម្លាំង​សន្ដិសុខ កន្លែង​ចុះ​ឧទ្ធម្ភាគចក្រ​និង​សូម្បីតែ​ផ្លូវថ្នល់​គឺ​ត្រូវបាន​សាងសង់​នៅក្នុង​និង​ជុំវិញ​អចលនទ្រព្យ​របស់​ជន​ជាតិ​រ៉ូ​ហ៊ីង​យ៉ា​ដែល​ត្រូវបាន​ដុត​បំផ្លាញ។

គួរ​បញ្ជាក់ថា ប្រទេស​មី​យ៉ាន់​ម៉ា​និង​បង់​ក្លា​ដែ​សត្រូវ​បាន​គេ​រំពឹងថា​ នឹង​ចាប់​ផ្តើមធ្វើ​មាតុភូមិនិវត្តន៍​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅ​ចុងខែ​មករា​ប៉ុន្តែ​មនុស្ស​ជាច្រើន​មានការ​ស្ទាក់ស្ទើរ​ក្នុងការ​វិលត្រឡប់​ទៅកាន់​កន្លែង​ដើម​វិញ​ដែល​គ្មាន​ការធានា​នូវ​សិទ្ធិ​និង​សុវត្ថិ​ភាពជា​មូលដ្ឋាន៕ AFP