ព័ត៍មានទាន់​ហេតុការណ៏
Search

វៀតណាម​ចាប់ខ្លួន​ប៉ូលិស​ជាន់ខ្ពស់​ពាក់ព័ន្ធ “​សង្វៀន​ល្បែងស៊ីសង​”

ប្រទេស​វៀតណាម​ បាន​ចាប់ខ្លួន​មន្ត្រី​ប៉ូលិស​ជាន់ខ្ពស់​ម្នាក់ ​ដែល​ទទួលខុសត្រូវ​ក្នុង​ការ​ដោះស្រាយ​ការ​ភ្នាល់​តាម​អ៊ី​ន​ធឺ​ណេ​ត​ខុសច្បាប់ ​បន្ទាប់ពី​គាត់​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា មាន​ទំនាក់ទំនង​ទៅនឹង​សង្វៀន​ល្បែងស៊ីសង​នៅក្នុង​ប្រទេស​កុ​ម្មុយ​និ​ស្ត​មួយ​នេះ។

អតីត​ប្រធាន​នាយកដ្ឋាន​បច្ចេកវិទ្យា​ជាន់ខ្ពស់​នៅ​ក្រសួង​សន្តិសុខ​សាធារណៈ (MPS) ដ៏​មាន​ឥទ្ធិពល​គឺជា​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​បំផុត​ដែល​ត្រូវបាន​គេ​តម្រង់​គោលដៅ​ចំពេល​មានការ​បង្ក្រាប​យ៉ាង​ពេញទំហឹង​ទៅលើ​អំពើពុករលួយ​។​

យោងតាម​កាសែត​រដ្ឋ Tuoi Tre បាន​ឲ្យ​ដឹងថា អគ្គស្នងការ​ប៉ូលិស​លោក Nguyen Thanh Hoa អាយុ​៦០​ឆ្នាំ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​នៅក្នុង​មន្ទីរពេទ្យក្រុង​ហាណូយ​មួយ​ដែលជា​កន្លែង​គាត់​ត្រូវបាន​គេ​រាយការណ៍​ថា​កំពុង​ទទួល​ការព្យាបាល​។​

MPS បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា គាត់​កំពុង​ត្រូវបាន​ស៊ើបអង្កេត​សម្រាប់ “​ការរៀបចំ​ល្បែង​” នៅ​ភាគ​ខាងជើង​ខេត្ត Phu Tho ។ សេចក្តីថ្លែងការណ៍​ដដែល​បាន​បន្ថែមថា លោក Hoa ក៏ត្រូវ​បាន​ដកហូត​តំណែង​ប៉ូលិស​របស់លោក​ផងដែរ​ដោយ​ប្រធានាធិបតី​វៀតណាម​លោក Tran Dai Quang ។​

គេហទំព័រ​របស់​រដ្ឋា​ភិ​បាល​បាន​និយាយថា ប៉ូលិស​ផ្សេងទៀត​ប្រហែលជា​ចូលរួម​នៅក្នុង​សង្វៀន​នេះ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​និយាយថា​គឺជា​ផ្នែក​មួយ​នៃ​បណ្តាញ​អន្ដរជាតិ​ពាក់ព័ន្ធ​នឹង​ទឹកប្រាក់​រាប់លាន​ដុល្លារ​។​

នាយកដ្ឋាន​បច្ចេកវិទ្យា​ជាន់ខ្ពស់​របស់លោក Hoa គឺ​ទទួលបន្ទុក​ដោះស្រាយ​សកម្មភាព​ខុសច្បាប់​នៅលើ​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត​រួមទាំង​ការលួចបន្លំ​និង​ការ​ភ្នាល់​ខុសច្បាប់​។ គាត់​បានទទួល​ការចាប់អារម្មណ៍​ដោយសារ​ការបង្ក្រាប​ល្បែងស៊ីសង​តាម​អ៊ី​ន​ធឺ​ណេ​ត​ខុសច្បាប់​ដោយ​រាប់បញ្ចូល​ទាំង​នៅក្នុង​ឆ្នាំ​២០១២​ផងដែរ​នៅពេលដែល​គាត់​បាន​បិទ​វេ​ប​សាយ​រាប់រយ​និង​អាសយដ្ឋាន IP ទាក់ទង​នឹង​ល្បែងភ្នាល់​បាល់​ខុសច្បាប់​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684