ព័ត៍មានទាន់​ហេតុការណ៏
Search

សមាគម​ពលរដ្ឋ​ខ្មែរ​ទាំង​៧ ប្រកាស​រង់ចាំ​ស្វាគម​ន៍​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​អូស្ត្រាលី

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​នៃ​សមាគម​ពលរដ្ឋ​ខ្មែរ​ទាំង​៧ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី និង​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់ បាន​ប្រកាស​រង់ចាំ​ស្វា​គម​ន៍​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី នាពេលខាងមុខ អំពាវនាវ​ឲ្យ​ក្រុមមនុស្ស​មួយចំនួន​តូច​ដែលមាន​និន្នាការ​ប្រឆាំង​ផ្កាប់មុខ​នោះ បញ្ឈប់​រាល់​សកម្មភាព​របស់ខ្លួន ដែល​នាំ​ឲ្យ​ប៉ះពាល់​សិទ្ធិ​អ្នកដទៃ​។

យោង​តាម​សេចក្តី​ថ្លែងការណ៍​រួម ចុះ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២២០១៨ បាន​លើក​ឡើង​ថា ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​នៃ​សមាគម​ពលរដ្ឋ​ខ្មែរ​ទាំង​៧ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី និង​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់ រួមមាន ទី​១, សមាគម​វប្បធម៌​កម្ពុជា​រដ្ឋ​អូស្ត្រាលី​ខាងត្បូង ទី​២, សមាគម​ខ្មែរ​-​អូស្ត្រាលី​នៃ​រដ្ឋ​ឃ្វី​ន​ស្លែ​ន​ដ៏ ទី​៣, សមាគម​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី រដ្ឋ​វិច​តូ​រី​យ៉ា ទី​៤, សមាគមយុវជន​ខ្មែរ​ទីក្រុង​ស៊ីដនី ទី​៥, សមាគម​មិត្តភាព​កម្ពុជា និង​វប្បធម៌ ប្រចាំ​រដ្ឋ​អូស្ត្រាលី​ខាងត្បូង ទី​៦, សមាគម​យុវជន​ខ្មែរ រដ្ឋធានី​វែ​ល្លីង​តុ​ន និង​ទី​៧, សមាគម​ខ្មែរ​ហា​មិ​ល​តុ​ន​-​ភ្នំពេញ មាន​ក្តីរំភើប​រីករាយ ដោយ​បាន​ទទួល​ដំណឹង​អំពី​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេសមួយ ក្នុងចំណោម​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ឆ្លៀតពេល​ដ៏​មមាញឹក​បំផុត ក្នុងពេល​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​អូស្ត្រាលី ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី និង​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់ ដើម្បី​ចង់ដឹង​ពី​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​។

តាម​សេចក្តី​ថ្លែងការណ៍​រួម​លើកឡើង​យ៉ាង​នេះ​ថា “​យើងខ្ញុំ​ទាំងអស់គ្នា​ដែល​ជា​ប្រជាពលរដ្ឋ​ខ្មែរ​អូស្ត្រាលី និង​ខ្មែរ​នៅ​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់ បាន​មើល​ឃើញ និង​យល់ច្បាស់​អំពី​តថភាព​ពិត​នៃ​កម្ពុជា ជាពិសេស​តម្លៃ​នៃ​សន្តិភាព ការ​បង្រួបបង្រួម​ជាតិ ការអភិវឌ្ឍ​ន៍ និង​ការរីកចម្រើន​របស់​ប្រទេសជាតិ​ដូច​សព្វថ្ងៃ​នេះ ពិត​ណាស់​ជា​សមិទ្ធផល នៃ​ស្នាដៃ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ដើម្បី​បង្ហាញ​នូវ​ស្មារតី​រួបរួម​ខ្មែរ​តែមួយ និង​ដើម្បី​ជាការ​តបស្នង​សងគុណ​បំណាច់​យ៉ាង​ធំធេង​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន យើងខ្ញុំ​ទាំងអស់គ្នា​ជា​ប្រជាពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​និង​ណូ​វែ​ល​ហ្សេ​ឡង់ នៃ​សមាគម​ខ្មែរ​ទាំង​៧ បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​គាំទ្រ និង​ស្វាគមន៍​ដំណើរ​អញ្ជើញ​ដល់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន លើ​ទឹកដី​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន អូស្ត្រាលី នា​ពេល​ខាងមុខនេះ​។ យើងខ្ញុំ​ទាំងអស់​គ្នា​សូម​ប្រកាស​ជា​ឱឡារិក​ថា ការ​គាំទ្រ និង​ស្វាគមន៍​របស់​យើងខ្ញុំ ចំពោះ​វត្តមាន​សម្ដេច​តេ​ជោ ហ៊ុន សែន នាពេល​ខាងមុខនេះ គឺជា​ឆន្ទៈ​ពិតប្រាកដ​របស់​យើងខ្ញុំ ដែល​កើតចេញពី​ការគោរព​ស្រឡាញ់ និង​ការគាំទ្រ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​”​។

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី និង​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់ នៃ​សមាគម​ពលរដ្ឋ​ខ្មែរ​ទាំង​៧ បាន​ប្រកាស​ប្រឆាំង ថ្កោលទោស និង​អំពាវនាវ​ដល់​ក្រុម​មនុស្ស​ភាគតិច​មួយចំនួន ដែល​កំពុង​ត្មេះ​តិៈ​ដៀល មើលងាយ និង​លាប​ពណ៌ មកលើ​ឧ​ត្ត​ម​គតិ និង​ឆន្ទៈ​របស់​ពួកគាត់ ឲ្យ​បញ្ឈប់​សកម្មភាព ដែល​ប៉ះពាល់​ដល់​ពួកគាត់​ជាបន្ទាន់ ព្រោះ​នេះ គឺជា​សិទ្ធិ​សេរីភាព​របស់​ពួកគាត់​ក្នុង​ការ​បញ្ចេញមតិ និង​គាំទ្រ​រាជរដ្ឋាភិបាល ដែល​ពួកគាត់​ស្រឡាញ់​ពេញចិត្ត ហើយ​ពួកគេ​គួរតែ​យល់ដឹង ក្នុងនាម​ជាម​នុស្ស ដែល​កំពុង​រស់នៅ​លើទឹក​ដី​ប្រជាធិបតេយ្យ​។

សូម​បញ្ជាក់​ថា កាលពី​ថ្មីៗ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​នៃ​សមាគម​ពលរដ្ឋ​ខ្មែរ​ទាំង​៧ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី និង​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់​រួម ក៏បាន​ប្រកាស​ប្រឆាំង​ដាច់ខាត​នូវ​ការប៉ុនប៉ង​រៀបចំ​សកម្មភាព​ណាមួយ ប្រឆាំង​វត្តមាន​សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី នាពេលខាងមុខ​ផងដែរ​។

​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ដែរ​ថា នៅឯ​ប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី​នោះ​ដែរ សម្ដេច​តេ​ជោ ហ៊ុន សែន នឹង​ទទួល​ជួប​ដោយឡែក​ពីគ្នា ជាមួយ​និស្សិត​អូស្ត្រាលី ដែល​កំពុង​សិក្សា​នៅ​ប្រទេស​សមាជិក​អាស៊ាន ក្រោម​ផែនការ​កូឡុមបូ​ថ្មី និង​និស្សិត​ប្រទេស​សមាជិក​អាស៊ាន ដែល​កំពុង​សិក្សា​នៅ​អូស្ត្រាលី តាមរយៈ​អាហារូបករណ៍​របស់​អូស្ត្រាលី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684