ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច​តេ​ជោ ៖ ទន្លេ​ជា​គោលដៅ​ទេសចរណ៍​មាន​អន្តរ​សកម្ម ​នឹង​ជីវភាព​រស់នៅ​របស់​ប្រជាជន

ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល បាន​ចាត់ទុកថា​ កម្ពុជា​ជា​ប្រទេស​ដែល​មាន​ភ័ព្វសំណាង​ដោយ​កម្ពុ​ជា​មាន​សមុទ្រ​ផង មាន​ទន្លេ មាន​បឹងបួ​យ៉ាងច្រើន​គ្រប​ដណ្តប់​នៅក្នុង​ផ្ទៃ​ប្រទេស​បន្ថែម​ទៅ​ដោយ​ការ​អភិវឌ្ឍ​ទាំងឡាយ​ដែល​ប្រើប្រាស់​ទន្លេ​ទាំងឡាយ ធ្វើជា​គោលដៅ​នៃ​វិស័យ​ទេសចរណ៍​ ដែល​មាន​អន្តរ​សកម្ម​យ៉ាង​ធំ​នៅ​ក្នុង​ការអភិវឌ្ឍ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ទៅលើ​បញ្ហា​ដែល​ទាក់ទង​ជាមួយនឹង​ជីវភាព​រស់នៅ​របស់​ប្រជាជន​។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​អំពី​សារៈសំខាន់​នៃ​បុណ្យ​ទន្លេ នេះ​នៅក្នុង​ពិធី​អញ្ជើញ​បើក​ជា​ផ្លូវការ​ពិធីបុណ្យ​ទន្លេ​ឆ្នាំ​២០១៨​នេះ ដែល​ប្រារព្ធ​ធ្វើ​កាលពី​ព្រលប់​ថ្ងៃ​ទី១០ ខែមីនា នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល។

បុណ្យ​ទន្លេ​លើក​ទី​៤​ ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ ​«​ទន្លេ​នៃ​សន្តិភាព មិត្តភាព និង​និរន្តរភាព​ទេសចរណ៍​» ដែល​សមស្រប​នឹង​បរិបទ​នៅ​ពេល​បច្ចុប្បន្ន​ដែល​រាជរដ្ឋាភិបាល​ធានា​បាន​នូវ​សុខ​សន្តិភាព​ពេញលេញ ស្ថិរភាព នយោបាយ និង​សណ្តាប់ធ្នាប់​សង្គម​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា “​យើង​ត្រូវតែ​ចាត់ទុកថា​កម្ពុជា​ជា​ប្រទេស​ដែលមាន​ភ័ព្វសំណាង ដោយ​យើង​មាន​សមុទ្រ​ផង មាន​ទន្លេ មាន​បឹងបួ យ៉ាង​ច្រើន គ្រប​ដណ្តប់​នៅក្នុង​ផ្ទៃ​ប្រទេស​បន្ថែម​ទៅ​ដោយ​ការអភិវឌ្ឍ​ទាំងឡាយ​ដែល​យើង​ប្រើប្រាស់​ទន្លេ​ទាំងឡាយ​ធ្វើជា​គោលដៅ​នៃ​វិស័យ​ទេសចរណ៍ ដែល​មាន​អន្តរ​សកម្ម​យ៉ាង​ធំ​នៅក្នុង​ការ​អភិវឌ្ឍ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ទៅលើ​បញ្ហា​ដែល​ទាក់ទង​ជា​មួយនឹង​ជីវភាព​រស់នៅ​របស់​ប្រជាជន​”។

ដើម្បី​ធានា​ថា​ ទន្លេ​របស់​យើង​ជា​ទន្លេ​ដែល​ផ្តល់​ផលប្រយោជន៍​មហាសាល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​អនុសាសន៍​សំខាន់​មួយ​ចំនួន​ដែល​រួមមាន​៖

​ទី​១.​ត្រូវ​រួមគ្នា​ការពារ​សន្តិភាព​ឲ្យ​ខាង​តែ​បាន​ ដើម្បី​កុំ​ឲ្យ​ទន្លេ​របស់​យើង​រងគ្រោះ ដូច​នៅ​ក្នុង​ឆ្នាំ១៩៧០ ដល់​ឆ្នាំ ១៩៧៥ ដែល​ពេលនោះ គ្រាប់បែក គ្រាប់ផ្លោង រាល់​ម៉ោង រាល់ថ្ងៃ ចូលក្នុង​ទន្លេ និង​បឹងបួ​របស់​យើង​។ នោះ​ជា​សោកនាដកម្ម​ដែល​យើង​ធ្លាប់​បាន​ឆ្លងកាត់​រួច​មក​ហើយ​។ យើង​នៅសល់​គ្រាប់​មិនទាន់​ផ្ទុះ​យ៉ាង​ច្រើន​នៅ​បាតទន្លេ​។ ឥឡូវនេះ មិនត្រូវ​ឲ្យ​មាន​គ្រាប់​បន្ថែម​ទៀត​នៅក្នុង​ទន្លេ​របស់​យើង​នោះទេ​។ យើង​ក៏​មិន​ត្រូវ​ទុក​ឲ្យ​ទន្លេ​របស់​យើង​ក្លាយទៅជា​ទីលាន​ប្រយុទ្ធ​កាប់សម្លាប់​គ្នា​ដូច​ក្នុង​ចន្លោះ​ឆ្នាំ ១៩៧០ ដល់​ឆ្នាំ ១៩៧៥ ផងដែរ​។

ទី​២. រក​ប្រភព​ទុន​ដើម្បី​ការពារ​ទន្លេ​ពី​ការ​បាក់​ច្រាំង​ការ​គោក​រាក់ តម្រង់​ចរន្តទឹក ទប់ស្កាត់​ការ​បូម​ខ្សាច់​អនាធិបតេយ្យ ទប់ស្កាត់​ការនេសាទ​ខុសច្បាប់ ការកាប់​ព្រៃ​លិច​ទឹក ដែល​ធ្វើ​ឲ្យ​ទន្លេ​យើង​បាត់បង់ រាប់ទាំង​ភាព​ទាក់ទាញ​ខាង​ទេសចរណ៍​ផងដែរ​។ ដើម្បី​រក្សា​ចីរភាព​ទេសចរណ៍ ទាមទារ​នូវ​ចីរភាព​នៃ​ទន្លេ​របស់​យើង​នេះឯង​។ ការទប់ស្កាត់​នូវ​ការ​បូម​ខ្សាច់​អនាធិបតេយ្យ ទប់ស្កាត់​ការនេសាទ​ខុសច្បាប់​ការ​កាប់​ព្រៃ​លិច​ទឹក ក៏​ជា​ផ្នែក​ដ៏​សំខាន់​ដែល​យើង​ត្រូវ​បន្តធ្វើ ហើយ​មិន​ត្រូវ​មើលស្រាល​បញ្ហា​នោះទេ​។ ប្រសិនបើ​ទន្លេ​របស់​យើង​ត្រូវបាន​កាប់​ព្រៃ ជាពិសេស​ទន្លេសាប​និង​បឹងបួ​មួយចំនួន វា​បាត់បង់​នូវ​ភាព​ទាក់ទាញ​របស់​វា​អស់ហើយ សម្រាប់​វិស័យ​ទេសចរណ៍ធម្មជាតិ​របស់​យើង​។

ទី៣. អភិវឌ្ឍ​វិស័យ​ទេសចរណ៍​តាម​ទីក្រុង ទីប្រជុំជន តាម​ដង​ទន្លេ ឬ​តំបន់​ដែល​មាន​ការ​ទាក់ទាញ​តាម​មាត់ទន្លេ​។ ឆ្នាំក្រោយ ជា​ឆ្នាំ​ទី ៥ នៃ​បុណ្យ​ទន្លេ​របស់​យើង​ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ឯ​ខេត្ត​កំពង់ឆ្នាំង​។

ដើម្បី​ធានា​ឲ្យ​យើង​អភិវឌ្ឍ​បាន​ទាមទារ​ឲ្យ​មានការ​ចូលរួម​ទាំងអស់​គ្នា មិន​អាច​អភិវឌ្ឍ​ទេសចរណ៍​ក្នុង​មួយ​ខែ​ឬមួយ​ឆ្នាំ ប៉ុន្តែ​បំផ្លិចបំផ្លាញ​បរិស្ថាន​នៅ​ទីនោះ​ទេ​។ អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​ចូលរួម​នៅក្នុង​បញ្ហា​នេះ​។

ទី​៤. ខិតខំ​ពង្រឹង និង​ពង្រីក​ការ​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក ទាំង​ទំនិញ ទាំង​មនុស្ស រួម​ទាំង​ទេសចរណ៍​តាម​ទឹក​។ នេះ​ជា​ចំណុច​ដែល​មិន​ត្រូវ​មើលស្រាល​ដែល​នៅពេល​ខាងមុខនេះ​គប្បី​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម​ទៀត ធ្វើ​យ៉ាងណា​ឲ្យ​ការដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​មានការ​កើន​ឡើង កាត់បន្ថយ​នូវ​ការ​ស្ទះ​ចរាចរណ៍ កាត់បន្ថយ​នូវ​ការ​ដឹក​លើស​ទម្ងន់​ហើយ​បំផ្លាញ​ដល់​ផ្លូវ​។

ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​នៅតែ​ជា​ផ្នែក​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេសជាតិ​របស់​យើង​។ សម្តេច​ក៏បាន​យក​ឱកាស​នោះ ប្រកាស​ជូន​និង​គាំទ្រ​នូវ​គម្រោង​រៀបចំ​នូវ​ការ​ធ្វើ​ដំណើរ​ពី​តាខ្មៅ​ទៅកាន់​តំបន់​មួយ​ចំនួន​ដែល​មិន​ឆ្ងាយ​ពី​នៅទី​នេះ​។ អ្នក​អាច​ធ្វើ​ដំណើរ​តាម​កប៉ាល់ ឬ​កាណូត​ល្បឿន​លឿន។ នៅមុន​ចូលឆ្នាំ​ខ្មែរ​នេះ​នឹង​ដាក់​ឲ្យ​ដំណើរការ​នូវ​នាវា​ទេសចរណ៍​នាវា​ដឹក​អ្នកដំណើរ​ចេញពី​តាខ្មៅ​ទៅកាន់​ទីក្រុង​ភ្នំពេញ​និង​ទៅកាន់​ផ្នែក​ខាង​ទន្លេសាប​ទៀតផង។

ទី៥. អំពី​សហប្រតិបត្តិការ​អន្តរជាតិ​យើង​មាន​យន្តការ​ជាច្រើន​នៅក្នុង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ដែល​នៅ​ទី​នេះ និយាយ​ទៅដល់​បញ្ហា​ពាក់ព័ន្ធ​ជាមួយ​ទន្លេ​នៃ​សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សង្ឃឹមថា​ បុណ្យ​ទន្លេ នឹង​បន្ត​ធ្វើជា​រៀងរាល់​ឆ្នាំ​ហើយ​បន្តវេន​ពី​ឆ្នាំ​មួយ​ទៅ​ឆ្នាំ​មួយ​។ បេក្ខភាព​ដែល​នឹងត្រូវ​ទទួល​បានជា​ម្ចាស់ផ្ទះ​គឺជា​បេក្ខភាព​នៃ​ខេត្ត​ដែលមាន​ការអភិវឌ្ឍ​។ សម្តេច​បាន​បន្ត​ថា ​មិនមែន​គ្រាន់តែ​ខេត្ត​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ និង​តាម​ដង​ទន្លេបាសាក់​នោះទេ​ដែល​ត្រូវធ្វើ​។ ប៉ុន្តែ​ខេត្ត​ដែល​នៅ​ជុំវិញ​ដង​ទន្លេសាប​ក៏មាន​សិទ្ធិ​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការរៀបចំ​បុណ្យ​ទន្លេ​ផងដែរ​។ ការរៀបចំ​នេះ​ក៏​បង្កើត​នូវ​ការទាក់ទាញ​នូវ​ពិធី​នានា​ឲ្យ​កាន់តែច្រើន​ប្រជាពលរដ្ឋ​របស់​យើង​នឹង​ទទួលផល​តាមរយៈ​នោះ​។ តាមរយៈ​នោះ​យើង​ក៏ត្រូវ​គិត​អំពី​ភាពចាំបាច់​ដែល​ទាក់ទិន​ជា​មួយនឹង​បញ្ហា​ដែល​ត្រូវ​អភិរក្ស និង​ក៏ត្រូវ​អភិវឌ្ឍ​ចាប់ពី​ឥឡូវនេះ​។ បើ​ចង់​ធ្វើ​ម្ចាស់ផ្ទះ នៅ​ឆ្នាំ ២០២០ ឬ​២០២១ ទាមទារ​ឲ្យ​មានការ​អភិវឌ្ឍ​និង​មាន​ចក្ខុវិស័យ​រៀបចំ​នៅ​ទីនោះ​ឲ្យ​ហើយ​។ សម្តេច​សង្ឃឹមថា​តាមរយៈ​នៃ​ការធ្វើ​បុណ្យ​ទន្លេ​ពិសេស​គឺ​វិស័យ​ទេសចរណ៍ និង​ផ្នែក​ដែល​មាន​ការ​ពាក់ព័ន្ធ​មាន​អន្តរ​សកម្ម​ពី​វិស័យ​ទេសចរណ៍ និង​មក​ចូលរួម​កាន់តែច្រើន​ទៅៗ​។

ភាព​សម្បូរ​បែប​នៃ​ធនធានធម្មជាតិ និង​វប្បធម៌​នៅតាម​តំបន់​ជាប់​ដង​ទន្លេ បានរួម​ចំណែក​បង្កើន​ឧត្តមភាព​ប្រៀបធៀប​(Comparatives Advantage) ក្នុងការ​អភិវឌ្ឍ​ទេសចរណ៍​នៅ​កម្ពុជា​។

សក្តានុពល​ទាំងនេះ​បានធ្វើ​ឲ្យ​កម្ពុជា​កំពុង​ទទួល​ស្វាគមន៍​កំណើន​នៃ​ការមកដល់​ទេសចរ​ជាតិ និង​អន្តរជាតិ​។ ជាក់​ស្តែង​កាលពី​ឆ្នាំ​២០១៧​កន្លងទៅ ចំនួន​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​កម្ពុ​ជាមាន​ចំនួន​ប្រមាណ​៥,៦ លាន​នាក់​ក្នុង​អត្រា​កំណើន​២​ខ្ទង់​ប្រមាណ​១១.៦%​ធៀប​នឹង​ឆ្នាំ២០១៦។ តាម​ព្យាករណ៍​នៅ​ឆ្នាំ​២០២០ កម្ពុជា​អាច​នឹង​ទទួល​បាន​ទេស​ចរ​អន្តរ​ជាតិប្រមាណ​៧​លាន​នាក់ នៅ​ឆ្នាំ​២០២៥ ប្រមាណ ១១ លាន​នាក់ និង​ឆ្នាំ​២០៣០ ប្រមាណ ១៥ លាន​នាក់ ព្រមជាមួយ​ភ្ញៀវទេសចរ​ជាតិ​រាប់លាន​នាក់​ផ្សេងទៀត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684