ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​ខ្មែរ​៥​រូប​បង្ហាញ​ក្តី​រន្ធត់​ចិត្តខ្លាំង ​ចំពោះ​ហេតុការណ៍​ប្រើ​ហិ​ង្សា​លើ​លោក បណ្ឌិត ស៊ុយ សារ៉េត

ភ្នំពេញ​ ៖​ មហាជន​ច្បាស់​ជា​បាន​ជ្រាប​ហើយ​ជុំវិញ​ព័ត៌មាន​នៃ​ការប្រើ​ហិង្សា​វាយ​កម្ទេច​រថយន្ត​និង​បង្ក​របួស​ស្នាម​ស្ទើរ​បណ្តាល​ឲ្យ​ស្លាប់​មក​លើ​លោក​បណ្ឌិត ស៊ុយ សារ៉េត សាស្ត្រាចារ្យ​សកល​វិទ្យាល័យ​កម្ពុជា​ ខ​ណៈ​ដែល​រូបគាត់​បាន​បើករថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៍ ហើយ​បាន​ ​ព្យាយាម​បើក​គេចខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​១១ ​ខែមីនា ឆ្នាំ​២០១៨​កន្លងមក។

ទន្ទឹមគ្នា​នឹង​ហេតុការណ៍​ប្រើ​ហិង្សា​ទៅ​លើ​លោក​បណ្ឌិត​ស៊ុយ សារ៉េត​ ពី​សំណាក់​ក្រុម​ប្រជាពលរដ្ឋ​និង​អ្នក​រត់​ម៉ូតូឌុប​បង្ក​ឲ្យ​មាន​របួស​ស្នាម​ធ្ងន់ធ្ងរ​ ហើយ​រថយន្ត​រង​ការខូចខាត​ស្ទើរ​ទាំង​ស្រុក​នោះ​ដែរ​ភ្លាមៗ​នោះ បាន​ធ្វើ​ឲ្យ​អ្នក​ដែល​បាន​ឃើញ​ហេតុការណ៍​នេះ​ ជាច្រើន​បង្ហាញ​ពី​អារម្មណ៍​រន្ធត់​ចិត្តខ្លាំង​។​ មិនតែប៉ុណ្ណោះ​ក៏​មាន​តារា​សិល្បៈ​ខ្មែរ​ចំនួន​៥​រូប​ក៏បាន​នាំគ្នា​លើក​និយាយ​ពី​បញ្ហា​នេះ​ផងដែរ។

កម្ពុ​ជាថ្មី​ថ្ងៃនេះ​ សូម​បង្វែរ​អារម្មណ៍​ប្រិយមិត្ត​អ្នកអាន​មក​មើល​ការ​បញ្ចេញមតិ​ស្រដៀង​គ្នាៗ​រវាង​តារា​សម្តែង​និង​ចម្រៀង​ប្រុស​-​ស្រី​របស់​ខ្មែរ​ចំនួន​៥​រូប​គឺ​អ្នកនាង ទូច ស្រី​ល័​ក្ខ ,​លោក ម៉ៃ សុគន្ធ ,​កញ្ញា សុ​ភ័​គ្រ កុ​សុ​ម៉ា ,​លោក អ៊ា​ម វ​ន្នី និង​លោក ម៉ា ច័ន្ទ​បញ្ញា ដែល​បាន​និយាយ​ទាំង​អារម្មណ៍​ស្លុត​ចិត្ត​បំផុត​ចំពោះ​ទង្វើ​កាត់​ក្តី​របស់​តុលាការ​ប្រជាពលរដ្ឋ​មកលើ​លោក​បណ្ឌិត ស៊ុយ សារ៉េត។

អ្នកនាង ទូច ស្រី​ល័​ក្ខ បាន​ទាំង​ហួសចិត្ត​ថា​ឱ …! ពុទ្ធោ​អើយ​ហេតុ​អី​ក៏​ដូច​ច្នេះ​លោក​ប្រទេស មាន​ច្បាស់​បើ​គាត់​បើកឡាន​រត់​គឺ​ខុស​ហើយ​តែ​ហេតុ​អី​ក៏​អស់លោក​ប្រជាជន​មួយចំនួន​ធ្វើ​អញ្ចឹង​ដាក់​គាត់ ចុះបើ​អស់លោក​ដែល​វ៉ៃ​គាត់​វ៉ៃ​ប៉ះចំ​ឪពុក​ឬក៏​ក្រុម​គ្រួសារ​យើង​ឬក៏​អ៊ំ ​ឬ​ពូ​របស់​យើង​តើ​អស់លោក​ប្រជាជន​មួយ​ចំនួន​ដែល​វ៉ៃ​គាត់​នឹង​ តើ​មាន​អារម្មណ៍​បែប​ណា​?​ បើ​គាត់​ឈប់​ហើយ ចុះ​យើង​នឹង​ជា​ប្រជាជន​ដែល​រ៉ៃ​មិន​ព្រម​រក​សមត្ថកិច្ច​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ ហើយ​ឃាត់ខ្លួន​គាត់​ទុក​ដើម្បី​ឲ្យ​គាត់​ដោះស្រាយ​ទៅ​លើក​ជនរងគ្រោះ​ហើយ​ទៅ​ដោះស្រាយ​តាម​នីតិ​ច្បាប់។

 

អ្នកនាង តូច ស្រី​ល័​ក្ខ បាន​បន្ត​ថា ​ចុះបើ​អស់លោក​មួយ​ចំនួន​ដែល​វ៉ៃ​ប្រើ​អំពើ​ហិង្សា​ទៅលើ​គាត់​ដោយ​មិន​សួរ​ហេតុ​ផល​ ហើយ​មិន​ស្តាប់​និង​ការ​បកស្រាយ​របស់​ជន​បង្ក? ​តើ​អស់លោក​ធ្វើ​ម៉េច​នឹង​យល់ ?​ តិច​ប្រយ័ត្ន​ថ្ងៃ​ណាមួយ​អស់លោក​មួយ​ចំនួន​ដែល​វ៉ៃ​គេ​ដោយ​គ្មាន​ហេតុផល​ប្រយ័ត្ន​វ៉ៃ​ប៉ះ​បងប្អូន​យើង​ តើ​លោក​គិត​យ៉ាងណា​? ជន​រង​គ្រោះ​គ្មាន​វត្តមាន​ជន​បង្ក​ទទួលខុសត្រូវ​អ្នក​ដែល​ត្រូវ​ដោះស្រាយ​ឲ្យ​ជនរងគ្រោះ​ឥឡូវ​ត្រូវ​រង​របួសធ្ងន់​ដោយសារ​ប្រជាជន​មួយ​ចំនួន​មិន​សួរ​វ៉ៃ​ដោយ​គ្មាន​ហេតុ​ផល​មិនដឹងថា ​ជន​បង្ក​ស្លាប់​ឬមួយ​ក៏​រស់​ទេ។

 

ចំណែក​ឯ​តារា​ចម្រៀង​លោក ម៉ៃ សុគន្ធ បាន​និយាយ​ដែរ​ថា​ ហិង្សា​របស់​តុលាការ​ប្រជាជន​វា​ដូចជា​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ​។ សួរ​ថា ​ទម្លាប់​ហិង្សា​បែប​ហ្នឹង​បាន​អី​មកវិញ​ មានតែ​វិប្បដិសារី​នោះឯង ​បងៗ​ប៉ាវ​ចិន​ធៀន​ខ្មែរ​គួរតែ​ត្រូវ​នាំមក​អប់រំ​ខ្លះ​(​ទម្លាប់​មួយ​នេះ​គួរតែ​បំបាត់ )​។​ រីឯ​លោក អ៊ា​ម វ​ន្នី ក៏​លើក​ឡើង​ថា ​ខ្លោចចិត្ត​អាណិត​ទាំង​អ្នករងគ្រោះថ្នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​និង​អ្នករងគ្រោះ​ដោយសារ​គេ​វាយ​សរុបទៅ​ខ្មែរ​យើង​ស្លាប់​ដូចគ្នា។

កញ្ញា សុ​ភ័​គ្រ កុ​សុ​ម៉ា និយាយ​ស្រដៀង​គ្នា​ថា​បងប្អូន​អើយ​! ដុំថ្ម​ធំៗ​ផង​មួក​ការពារ​ផង​ជើង​ផង ដៃ​ផង មើល​ហើយ​ខ្លោចចិត្ត​ណាស់ ដាច់ចិត្ត​ម្ល៉េះ​គាត់​ខុស​ត្រង់​គាត់​មិន​ទទួលខុស​ត្រូវតែ​គាត់​បង្កដោយ​អ​ចេតនា​ទេ កុំ​ធ្វើការ​សម្រេចចិត្ត​ដោយ​មិន​បាន​ឃើញ​ផ្ទាល់​ភ្នែក ប្រទេស​មាន​ច្បាប់ ទុក​ឲ្យ​ច្បាប់​ជា​អ្នកដោះស្រាយ។ បើសិនជា​គាត់​ស្លាប់​ តើ​ជនរងគ្រោះ​ទទួលបាន​សំណង​ទេ​? ​បងប្អូន​ធ្វើ​នេះ​កំពុងតែ​បង្កើត​ច្បាប់​ដោយ​ខ្លួនឯង សុំទោស​ដែរ​និយាយ​ពាក្យ​នេះ​តែ​នាង​ខ្ញុំ​ក៏​ជា​ប្រជាជន​ខ្មែរ​ដែរ​ចឹ​ង​នាង​ខ្ញុំ​ក៏​ចង់​សុំ​បញ្ចេញយោបល់​ដែរ​។

 

ដោយ​ឡែក​តារាចម្រៀង​និង​សម្តែង​លោក ម៉ា ច័ន្ទ​បញ្ញា ក៏បាន​បញ្ចេញមតិ​ដែរ​ថា​ខ្ញុំ​ទទួលដំណឹង​អកុសល​មួយ​ទាក់ទង​នឹង​ការ​បុក​រះ​ហើយ​រត់គេចខ្លួន​ប៉ះ​នឹង​ហ្វូងមនុស្ស​កក្រើក​ភ្នំពេញ​ធ្វើ​ឲ្យ​ខ្ញុំ​និង​ក្រុមការងារ​នៅ​មិន​សុខ​សូម​Post​សារ​ចូលរួម​សោកស្ដាយ​គ្រួសារ​រងគ្រោះ​មួយចំនួន​និង​អ៊ំ​ប្រុស​ដែល​ត្រូវ​ប្រជាជន​វាយ​ដោយ​កំហឹង​។​ ម្ដងនេះ​ទោះ​ត្រូវគេ​ថា​ក៏​ថា​ចុះ​ ប៉ុន្តែ​ខ្ញុំ​សូម​ចូលរួម​ដើម្បី​សង្គម​សម្រាប់​ទស្សនៈ​ផ្ទាល់ខ្លួន​របស់ខ្ញុំ​ផ្ទាល់​ដោយ​ផ្អែកលើ​ព្រឹត្តិការណ៍​ដ​ដែលៗ​របស់​កំហឹង​ប្រជាជន​យើង​មួយ​ចំនួន​ខ្ញុំ​សូម​ថ្កោលទោស​លើ​រឿង​២​ករណី​។ ករណី​ទី​១,​ការបុក​រះ​ដោយ​មិន​ទទួលខុសត្រូវ​និង​ករណី​ទី​២,​សម្រាប់​កំហឹង​ដែល​គ្មាន​ដែន​កំណត់​របស់​ប្រជាជន​មួយចំនួន។

សូម​បញ្ជាក់​ថា ​លោក​បណ្ឌិត ស៊ុយ សារ៉េត សាស្ត្រាចារ្យ​សកល​វិទ្យាល័យ​កម្ពុជា​ដែល​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ស្ថិតនៅ​ម្តុំ​វត្ត​ទួល​ខណ្ឌឫស្សីកែវ​ ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​រួមទាំង​ក្រុម​អ្នករត់ម៉ូតូឌុប​ព្រួត​វាយ​សល់​តែ​ដង្ហើមចង្រិត​នោះ​បច្ចុប្បន្ន​ត្រូវ​បាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​។ ​ខណៈ​កាលពី​ព្រឹក​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០១៨​នេះ​នាយ​ឧត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ​ និង ​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដាក់​បញ្ជា​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​និង​តាម​ចាប់ខ្លួន​ជនបង្ក​ហិង្សា​ដោយ​ចេតនា​បណ្ដាល​ឲ្យ​លោក​បណ្ឌិត ស៊ុយ សារ៉េត រងរបួស​ធ្ងន់ធ្ងរ​ស្ទើរ​ស្លាប់​និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​៕

         



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684