ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​កម្ពុជា​ស្ថិត​ក្នុង​ពូល​ជាមួយ​ក្រុម​ខ្លាំង​ម៉ាឡេស៊ី​ មីយ៉ាន់ម៉ា​ និង ​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​ ប្រចាំ​ពាន​ហ្វូត​សាល​តំបន់​អាស៊ាន​ឆ្នាំ ​២០១៨

ក្រុមបាល់ទាត់​ជម្រើសជាតិ​ហ្វូ​ត​សាល​របស់​កម្ពុជា (​បាល់ទាត់​ក្នុង​សាល​) ត្រូវបាន​ចាប់ឆ្នោតកាលពីពេល​ថ្មីៗ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ស្ថិតនៅក្នុង​ពូ​ល A ជាមួយ​ក្រុម​ខ្លាំងៗ​ប្រចាំតំបន់​ក្នុង​ពានរង្វាន់​ជើងឯក​តំបន់​អាស៊ាន AFF Futsal Championship 2018 ក្រោយ​ធ្វើឡើងនៅរដ្ឋធានី​ហ្សា​កាតា អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៨​ ខាងមុខ​។​

​យោងតាម​ការផ្សព្វផ្សាយ​របស​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក្រុម​ដែល​ចូលរួម​ក្នុង​ពានរង្វាន់​នេះទាំងអស់​មាន​ចំនួន​តែ​៨​ក្រុម​ប៉ុណ្ណោះ ដោយ​ក្នុងនោះ​ពូ​ល A មាន​ក្រុម​កម្ពុជា ក្រុម​ម៉ាឡេស៊ី ជាក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់ មី​យ៉ាន់​ម៉ា ដែលជា​ក្រុម​លេខ​៣​ឆ្នាំមុន និង​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​។ ចំណែក​ពូ​ល B មាន​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ថៃ ក្រុម​វៀតណាម ក្រុម​ប្រ៊ុយណេ និង ​ទី​ម័​រ​ខាងកើត​។ ការប្រកួត​រៀ​បចំ​ឡើង​ចាប់ពី​ថ្ងៃទី​៥​ ដល់ ១១ ខែវិច្ឆិកា ឆ្នាំ​២០១៨​។

​និយាយ​ពី​សមាសភាព​ក្រុម​ជា​សមាជិក​ពូ​ល A ឃើញថា ​ក្រុម​ម៉ាឡេស៊ីជា​ក្រុម​ជើងឯក​រង ​៤ សម័យកាល​ក្នុង​ពានរង្វាន់​នេះ​ គឺ​នៅ​ឆ្នាំ​ ២០០៣,២០០៥,២០១០ និង​ចុងក្រោយ​នៅ​ឆ្នាំ ​២០១៧ ខណៈ​មី​យ៉ាន់​ម៉ា ឈ្នះ​ជើងឯក​រង​១​លើក​នៅ​ឆ្នាំ​ ២០១៦ និង​ចំណាត់ថ្នាក់​លេខ​៣ ​ចំនួន​២​លើក​ គឺ​នៅឆ្នាំ​ ២០០៦ ​និង ​២០១៧​។ ចំណែក​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី គឺជា​ក្រុម​តែមួយគត់​ដែល​អាចដណ្តើម​ជើងឯក​១​លើក ​ក្នុងចំណោម​១៤​លើក​ ដែល​ព្រឹត្តិការណ៍​នេះ​បាន​បង្កើតឡើង ខណៈ​ថៃឈ្នះ​ជើងឯក​រហូតដល់ ​១៤​ លើក​។

​ចំពោះ​កម្ពុជាវិញ​នៅ​មិនទាន់​បង្ហាញ​ពី​សមាជិក​ក្រុម​ជម្រើសជាតិ​ហ្វូ​ត​សាល និង​គ្រូបង្វឹក​នៅឡើយនោះទេ​គិត​ត្រឹម​ខែមីនានេះ​។ នេះ​ជាការ​បង្ហាញខ្លួន​ឡើងវិញ​លើ​ឆាក​អន្តរជាតិ​របស់​ក្រុមជម្រើសជាតិ​ហ្វូ​ត​សាល ក្រោយ​បាត់ឈ្មោះ​តាំងពី​ឆ្នាំ ​២០១២ ​មក ខណៈ​ក្រុម​នេះ​ធ្លាប់​ឡើងដល់វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ចំនួន​២​លើក តែ​ចាញ់ ​និង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤​ ទាំងពីរ​លើក ​គឺ​នៅ​ឆ្នាំ​ ២០០៣ ​និង​ ២០០៦​។​

​យ៉ាងណាក្តី​លី​គ​បាល់ទាត់​ក្នុង​សាល​របស់​កម្ពុជា កំពុងតែ​ប្រកួត​រៀងរាល់​ចុង​សប្ដាហ៍ ហើយនឹងបញ្ចប់​រដូវ​កាល​របស់ខ្លួន​មុន​ពានរង្វាន់​ខាងលើ​មកដល់​។ ដូច្នេះ​កម្ពុជាអាច​ជ្រើសរើសកីឡាករ​ឆ្នើមៗ​ចេញពី​ពានរង្វាន​លី​គ​ហ្វូ​ត​សាល​របស់ខ្លួន​ ដើម្បី​ចូលរួម​ក្នុង​ក្រុមជម្រើសជាតិ​ត្រៀម​ចេញទៅ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114