ព័ត៍មានទាន់​ហេតុការណ៏
Search

សហរដ្ឋអាមេរិក​គំរាម​ធ្វើ​សកម្មភាព​នៅ​ស៊ី​រី​ ខណៈ​ជំរុញ​ឲ្យ​មាន​បទ​ឈប់​បាញ់​ថ្មី​របស់ UN

សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ចន្ទ​បាន​ព្រមាន​ថា ខ្លួន​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ធ្វើ​សកម្មភាព​នៅក្នុង​ប្រទេស​ស៊ី​រី​ ប្រសិនបើ​ចាំបាច់​ដើម្បី​បញ្ចប់​ការវាយប្រហារ​គីមី​និង “​ការឈឺចាប់​អមនុស្សធម៌​” ខណៈដែល​ខ្លួន​បាន​ជំរុញ​ឲ្យ​មាន​បទ​ឈប់​បាញ់​៣០​ថ្ងៃ​ថ្មី​នៅ​តំបន់​ហ្គោ​តា​ខាងកើត។

ឯកអគ្គរដ្ឋទូត​អាមេរិក​លោកស្រី Nikki Haley បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថា បទ​ឈប់​បាញ់​មួយ​ដែល​ត្រូវ​បានអនុម័ត​កាលពី​ពីរ​សប្តាហ៍​មុន​គឺ​បាន​បរាជ័យ​ហើយ​បាន​ផ្សព្វផ្សាយ​ពង្រាង​សេចក្តីសម្រេច​ថ្មី​មួយ​ដែល​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​រយៈពេល​៣០​ថ្ងៃ​នៅក្នុង​តំបន់​ឧទ្ទាម​មួយ​នេះ​និង​នៅ​ក្រុង​ដា​ម៉ាស​។​

លោកស្រី Haley បាន​និយាយថា “​នេះ​មិនមែនជា​បទ​ឈប់​បាញ់​ទេ​។ នេះ​គឺជា​របប​លោក Assad អ៊ីរ៉ង់​និង​រុស្ស៊ី​ដែល​កំពុង​បន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុមប្រឆាំង​នយោបាយ​របស់​ពួកគេ​”​។​

ឯកអគ្គរដ្ឋទូត​អាមេរិក​រូបនេះ​បាន​រំលឹក​ឡើងវិញ​ថា លោក​ប្រធានាធិបតី Donald Trump បាន​បញ្ជា​ឲ្យ​មានការ​វាយប្រហារ​មី​ស៊ី​ល​លើ​មូលដ្ឋាន​អាកាស​ស៊ី​រី​មួយ​កាលពី​ខែមេសា​ឆ្នាំមុន​ដោយសារតែ​ការ​សងសឹក​ចំពោះ​ការវាយប្រហារ​ដោយ​ឧស្ម័ន​សារី​ន​ដែល​បាន​ស្តីបន្ទោស​ទៅលើ​កងកម្លាំង​របស់លោក​ប្រធានាធិបតី Bashar al-Assad​។​

លោកស្រី Haley បាន​និយាយទៀតថា “​យើង​ក៏​ព្រមាន​ផងដែរ​ដល់​ប្រជាជាតិ​ណា​ដែល​ប្តេជ្ញាចិត្ត​ដាក់​ឆន្ទៈ​របស់ខ្លួន​តាមរយៈ​ការវាយប្រហារ​គីមី​និង​ការរង​ទុក្ខ​អមនុស្សធម៌​ជាពិសេស​ជាពិសេស​របប​ឃោរឃៅ​របស់​ស៊ី​រី​។ សហរដ្ឋអាមេរិក​នៅតែ​ត្រៀមខ្លួន​ដើម្បី​ធ្វើ​សកម្មភាព​ប្រសិនបើ​យើង​ត្រូវធ្វើ​”​។​

កាលពី​ថ្ងៃ​ចន្ទ កងកម្លាំង​ស៊ី​រី​បាន​វាយប្រហារ​លើ​ទីប្រជុំជន​ពួក​ឧទ្ទាម​ចំនួន​ពីរ​នៅ​តំបន់​ហ្គោ​តា​ខាងកើត​ដោយបាន​បន្ត​ការវាយលុក​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​ដែល​រហូតមក​ដល់ពេលនេះ​បានធ្វើ​ឲ្យ​អ្នក​ប្រយុទ្ធ​រដ្ឋាភិបាល​ដណ្តើមបាន​ជិត​៦០​ភាគរយ​នៃ​តំបន់​នេះ​មកវិញ​។​

យោងតាម​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី​បាន​ឲ្យ​ដឹងថា ជន​ស៊ីវិល​យ៉ាងតិច​១,១៦២​នាក់​ត្រូវបាន​សម្លាប់​ដោយ​ក្នុងនោះ​មាន​កុមារ​២៤១​នាក់​នៅក្នុង​ការវាយលុក​រយៈពេល​ជិត​មួយខែ​។​

អង្គការសហប្រជាជាតិ​បាន​អះអាងថា មនុស្ស​ជាង​១,០០០​នាក់​រាប់បញ្ចូល​ទាំង​កុមារ​ជាច្រើន​នាក់​ផងដែរ​គឺ​កំពុង​ត្រូវការ​ការជម្លៀស​ជាបន្ទាន់​៕ AFP


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684