ព័ត៍មានទាន់​ហេតុការណ៏
Search

រឿងអាស្រូវ​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​លើ​លោក​Abe ខណៈ​ការ​គាំទ្រ​ធ្លាក់​ចុះ

នៅ​ថ្ងៃ​អង្គារ សម្ពាធ​បាន​កើន​ឡើងលើ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe ដោយសារតែ​ការប្រកាន់​បក្សពួក​និង​រឿងអាស្រូវ​លាក់កំបាំង​ខណៈដែល​ការស្ទង់មតិ​ថ្មី​មួយ​បាន​បង្ហាញថា ការគាំទ្រ​របស់លោក​ស្ថិតនៅ​កម្រិត​ទាប​បំផុត​ចាប់តាំងពី​ការជាប់ឆ្នោត​ជាថ្មី​កាលពី​ខែតុលា​មក។

លោក Abe និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​លោក Taro Aso កំពុង​ជួប​បញ្ហា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​បន្ទាប់ពី​មានការ​បង្ហាញថា ឯកសារ​សំខាន់ៗ​ទាក់ទង​នឹង​ការលក់​ដី​ដ៏​ចម្រូងចម្រាស​ត្រូវបាន​ក្លែងបន្លំ​មុនពេល​បញ្ជូនទៅ​សមាជិកសភា។

លោក Aso បាន​ច្រានចោល​ការ​អំពាវនាវរបស់​គណបក្សប្រឆាំង​ឲ្យ​លោក​លាលែង​ពី​តំណែង​កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់ពី​បាន​សារភាព​ថា ក្រសួង​របស់​លោក​បាន​ផ្លាស់ប្តូរ​សំណុំ​ឯកសារ​ចំនួន​១៤​ដែល​ត្រូវបាន​បញ្ជូនទៅ​សភា​។​

រឿងអាស្រូវ​នេះ​គឺ​ជុំវិញ​ការលក់​ដី​រដ្ឋ​ឆ្នាំ​២០១៦​ទៅ​ឲ្យ​ប្រតិបត្តិ​ករ​ជាតិនិយម​ម្នាក់​នៃ​សាលារៀន​មួយ​ដែល​បាន​អះអាងថា​មាន​ចំណងទាក់ទង​ជាមួយ​លោក Abe និង​ភរិយា​គឺ​លោកស្រី Akie ។​

ការលក់​នោះ​ត្រូវបាន​លក់​ក្នុងតម្លៃ​ទាប​ជាង​តម្លៃ​ទីផ្សារ​ចំពេល​មានការ​ចោទប្រកាន់ថា ការភ្ជាប់​ទំនាក់ទំនង​កម្រិត​ខ្ពស់​បាន​ជួយ​សម្រួល​ដល់​កិច្ចព្រមព្រៀង​នោះ​។​

លោក Abe និង​លោក Aso សុទ្ធតែ​បាន​សុំទោស​ចំពោះ​រឿងនេះ​នៅពេល​ដែលមាន​សញ្ញា​ថា ប្រជាប្រិយភាព​របស់លោក​នាយករដ្ឋមន្ត្រី​កំពុង​រងគ្រោះ​ក្នុង​រយៈពេល​៦​ខែ​មុនពេល​រូបលោក​ត្រូវ​ឈរឈ្មោះ​ជា​ប្រធាន​គណបក្ស LDP ដែល​កំពុង​កាន់អំណាច​សម្រាប់​ការបោះឆ្នោត​។​

ការស្ទង់មតិ​ថ្មី​ដែល​ផ្សាយ​ដោយ​ទូរទស្សន៍ NHK នៅ​ថ្ងៃ​អង្គារ​បាន​បង្ហាញថា ការគាំទ្រ​ចំពោះ​រដ្ឋាភិបាល​លោក Abe បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​ចាប់តាំងពី​គាត់​បានឈ្នះ​ការបោះឆ្នោត​ជាថ្មី​ក្នុង​ខែតុលា​។​

NHK បាន​ឲ្យ​ដឹងថា ការគាំទ្រ​របស់លោក​បាន​ធ្លាក់ចុះ​២​ភាគរយ​មក​ត្រឹម​៤៤​ភាគរយ​បើ​ធៀប​នឹង​ខែ​មុន​ខណៈ​ការស្ទង់មតិ​ដាច់ដោយឡែក​មួយ​នៅក្នុង​កាសែត Yomiuri Shimbun ប្រចាំថ្ងៃ​បានបង្ហាញ​ថា ការគាំទ្រ​បាន​ធ្លាក់ចុះ​៦​ភាគរយ​មក​ត្រឹម​៤៨​ភាគរយ​។​

លោក Aso បាន​ស្ថិតនៅ​ចំណុចកណ្តាល​នៃ​រដ្ឋបាល​របស់លោក Abe ចាប់តាំងពី​ការចាប់ផ្តើម​កាលពី​ខែធ្នូ​ឆ្នាំ​២០១២​ដោយ​ដើរតួ​យ៉ាងសំខាន់​ក្នុង​គោលនយោបាយ​សេដ្ឋកិច្ច “Abenomics” របស់លោក​នាយករដ្ឋមន្ត្រី​។​

កាសែត Yomiuri Shimbun បាន​ចុះផ្សាយ​នៅ​ថ្ងៃ​អង្គា​រថា “​ប្រសិនបើ​លោក Aso ចាក​ចេញពី​រដ្ឋាភិបាល​នោះ គណៈរដ្ឋមន្ត្រី​ច្បាស់​ជា​នឹង​អស្ថិរភាព​”​។​

បន្ថែម​លើ​វិបត្តិ​នយោបាយ​នៅក្នុង​ប្រទេស​ជប៉ុន​, លោក Aso បាន​បង្ហើប​ថា លោក​អាច​នឹង​រំលង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ G20 នៅ​សប្តាហ៍​ក្រោយនេះ​ក្នុង​ទីក្រុង Buenos Aires ដោយ​និយាយថា ការចូលរួម​របស់លោក​គឺ​អាស្រ័យ​លើ​ស្ថានភាព​នៃ​សភា​បច្ចុប្បន្ន​៕ AFP