ព័ត៍មានទាន់​ហេតុការណ៏
Search

របាយការណ៍​ ៖ ​ជនអន្តោប្រវេសន៍​នៅ​ចក្រភព​អង់គ្លេស ​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​លក្ខខណ្ឌ​ដូចជា “​គុក​”

យោង​តាម​របាយការណ៍​ត្រួតពិនិត្យ​មួយ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹង​ថា ជនអន្តោប្រវេសន៍​ទៅ​ចក្រភព​អង់គ្លេស​ ដែល​បាន​ឃុំខ្លួន​នៅក្នុង​មណ្ឌល​ឃុំឃាំង​ធំ​បំផុត​របស់​ប្រទេស​នេះ ​គឺ​ត្រូវបាន​រក្សាទុក​ក្នុង​លក្ខខណ្ឌ “​ជាប់ពន្ធនាគារ​” អស់​រយៈពេល​ជា​យូរ​មក​ហើយ។

​ការស៊ើបអង្កេត​របស់​រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ជនបរទេស​ត្រូវបាន​គេ​ដាក់​នៅក្នុង​ទីតាំង​ក្បែរ​អាកាសយានដ្ឋាន Heathrow នៅ​ជាយក្រុង​ឡុង​ដ៍​ភាគ​ខាងលិច​ដោយ​ក្នុងករណី​ខ្លះ​អស់​រយៈពេល​៤​ឆ្នាំ​មកហើយ​។​

មន្ត្រី​អធិការកិច្ច​ដែល​ធ្វើដំណើរ​ទៅ​មណ្ឌល Harmondsworth បាន​រកឃើញថា ការដកចេញ​ជនអន្តោប្រវេសន៍​តាម​ការគ្រោងទុក​គឺ​បាន​បរាជ័យ​ដោយសារតែ​បញ្ហា​ប្រឈម​ផ្នែក​ច្បាប់​នៅ​នាទីចុងក្រោយ​ឬ​ការខ្វះខាត​ឯកសារ​ធ្វើដំណើរ​។​

របាយការណ៍​ដែល​ធ្វើឡើង​ដោយ​អធិការដ្ឋាន​ពន្ធនាគារ​របស់​រដ្ឋាភិបាល​ក៏បាន​សន្និដ្ឋាន​ផងដែរ​ថា ការឃុំខ្លួន​មួយចំនួន​គឺ​ត្រូវបាន​ពន្យារពេល​ដោយសារតែ​ការបរាជ័យ​ដោយ​ក្រសួងមហាផ្ទៃ អង់គ្លេស។

ប្រធាន​អធិការកិច្ច​ពន្ធនាគារ​លោក Peter Clarke បាន​និយាយថា “​ការខ្វះខាត​ពេលវេលា​កំណត់​ចំពោះ​ការឃុំ​ឃាំង​គឺ​មានន័យថា បុរស​មួយចំនួន​ត្រូវបាន​ឃុំឃាំង​អស់​រយៈពេល​យ៉ាងយូរ​”​។​

លោក​បាន​បន្ថែមថា “​សម្រាប់​ការធ្វើ​អធិការកិច្ច​ជាប់​គ្នា​លើក​ទី​៣ យើង​បាន​រកឃើញ​នូវ​ការបរាជ័យ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​សុវត្ថិភាព​និង​ការគោរព​”​។​

របាយការណ៍​បាន​បញ្ជាក់ថា ស្ថានភាព​កាយសម្បទា​នៅ​មណ្ឌល​នេះ​បាន​ប្រសើរឡើង​ប៉ុន្តែ​តំបន់​ជាច្រើន​គឺ​កខ្វក់ សត្វ​ស​ង្គើ​ច​មាន​គ្រប់កន្លែង​ហើយ​មាន​សត្វ​កណ្តុរ​នៅ​កន្លែង​ខ្លះ​។​

ទន្ទឹមនឹង​នេះដែរ មាន​ភស្តុតាង​នៃ​ការកើនឡើង​នៃ​ថ្នាំញៀន​។​

គួរ​បញ្ជាក់ថា Harmondsworth គឺជា​មណ្ឌល​ឃុំឃាំង​ធំជាងគេ​បំផុត​នៅ​ទ្វីបអឺរ៉ុប​ដែល​ផ្ទុក​អ្នក​ជាប់ឃុំ​ជា​បុរស​រហូតដល់​ទៅ​៦៧៦​នាក់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684