ព័ត៍មានទាន់​ហេតុការណ៏
Search

សប្បុរសជន​ជនជាតិ​អាមេរិក​ ​បន្ត​ជួយឧបត្ថម្ភ​ថវិកា​ដល់​សហគមន៍​នេសាទ​ចំនួន​១០​ នូវ​ទឹក​ប្រាក់ចំនួន​៥​លាន​រៀល ​ក្នុង​ឆ្នាំ​ ២០១៨

​កំពង់ឆ្នាំង ​៖ លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ បាន​ថ្លែង​ឱ្យ​ដឹង​ថា​ កន្លងទៅ​ក្រុម​សប្បុរសជន​សហរដ្ឋ​អា​មេ​រិក​ ដែល​មាន​លោក JAI HASTIN ជា​តំណាង ​បាន​ជួយឧបត្ថម្ភ​ថវិកា​ដល់​សហគមន៍​នេសាទ​ក្នុង​ខេត្តកំពង់ឆ្នាំង​ តាំងពី​ឆ្នាំ​ ២០១១​ មក​ចំនួន​ ៦៨ ​លាន​រៀល​ហើយ ឥឡូវនេះ​ក្នុង​ឆ្នាំ​ ២០១៨​ លោក​បាន​បន្ត​ជួយ​ដល់​សហគមន៍​ទាំង ​១០​ នូវ​ទឹកប្រាក់​ចំនួន​ ៥​ លាន​រៀល​ថែមទៀត។

លោក សោម ភិ​រុណ បាន​ថ្លែង​បែបនេះ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​សហគមន៍​នេសាទ​ទាំង​១០ នៅ​ក្នុង​ខណ្ឌ​រដ្ឋ​បាលជល​ផល​កំពង់ឆ្នាំង ដែល​ជា​គោលដៅ​របស់​សប្បុរសជន​សហរដ្ឋ​អាមេរិក​បាន​ជួយឧបត្ថម្ភ និង​គាំទ្រ​កន្លងមក។

លោក សោម ភិ​រុណ បាន​បន្ត​ឱ្យដឹងថា​ នៅក្នុង​ខេត្តកំពង់ឆ្នាំង ​បច្ចុប្បន្ន​មាន​សហគមន៍​នេ​សាទ​សរុបចំនួន​ ៦៣​ សហគមន៍ ដោយឡែក​សប្បុរសជន​សហរដ្ឋ​អា​មេ​រិច​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ចំនួន ១០ ​សហគមន៍ ​ដែលមាន​លក្ខណៈសម្បត្តិ​ក្នុងការ​គ្រង​គ្រង​ និង​ដឹកនាំ​សហគមន៍​បានល្អ​។ បច្ចុប្បន្នទុន​ដែ​ផ្តល់ឱ្យ​សហគមន៍​ទាំង​១០​នេះ បាន​កើន​ប្រាក់ចំណូល​ជាង​ ៦២​ លាន​រៀល ​នៅក្នុង​សមាគមន៍ ដែល​បានធ្វើ​ឲ្យ​ប្រសើរឡើង​ក្នុងការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​សហគមន៍​។ ជាក់ស្តែង​នៅក្នុង​ឆ្នាំ​ ២០១៧​ កន្លងមកនេះ ខ​ណ្ឌ​រដ្ឋបាល​ជលផលបាន​សហការ​ជាមួយ​សហគមន៍​ដាំកូនឈើព្រៃ​លិច​ទឹកបាន​ចំនួន ៧.៧០០​ ដើម លើ​ផ្ទៃដី​ចំនួន ​១១ ​ហិកតា នៅក្នុង​ស្រុក​រលាប្អៀរ ស្រុក​កំពង់ត្រឡាច និង ស្រុក​បរិបូណ៌ ដែលមាន​អ្នកចូលរួម​ដាំចំនួន​ ៩៩៨​ នាក់​។

​នៅក្នុង​ពិធី​ប្រជុំ​នេះ លោក JAI HASTIN ជា​តំណាងឱ្យ​សប្បុរសជន​សហរដ្ឋអាមេរិក​ បានថ្លែងឱ្យដឹងថា​ លោក​មាន​អាយុ​៧១​ឆ្នាំ និង​បាន​ចូលនិវត្តន៍​ហើយ លោកនឹង​មានឱកាស​ច្រើនចុះមក​ស្វែងយល់ និង​ជួយ​សហគមន៍​នេសាទ​កម្ពុជា នៅក្នុង​ខេត្តកំពង់ឆ្នាំង​។ លោក​បានបញ្ជាក់ថា​ ថវិកា​ដែល​លោក​បន្ត​ជួយ​សហគមន៍​នេសាទ​ទាំង​ ១០​ នៅក្នុង​ឆ្នាំ​ ២០១៨ ​នេះ មានចំនួន​សរុប ​៥ ​លាន​រៀល ដោយ​នៅក្នុង​មួយ​សហគមន៍​ទទួលបាន ​៥០​ ម៉ឺន​រៀល។ ចំពោះ​ថវិកាទាំងអស់នេះ ក៏​ដូច​ពីមុនៗ​មក គឺ​លោក​បានមកពី​មិត្តភ័ក្ដិ​របស់លោក​ដែល​ចូលនិវត្តន៍ គឺនៅពេល​លោក​ទៅ​ពិសា​កាហ្វេ បាន​អំពាវនាវ​ដល់​មិត្តភ័ក្ដិ​គាត់​ឱ្យជួយ​សហគមន៍​នេសាទ​កម្ពុជា។ ជាក់ស្តែង​ពួកគេ​ជា​ច្រើ​ននាក់បាន​ជួយ​តាម​លទ្ធភាព​ជាក់ស្តែង ដែល​ខ្លះ​ចូល​ ៥០ ​ដុល្លារ ខ្លះ ​១០០ ដុល្លារ ហើយ​ប្រមែប្រមូល​លុយ​ទាំងអស់នេះ ក៏បាន​មកដល់​ដៃ​សហគមន៍​នេសាទ​ក្នុងខេត្តកំពង់ឆ្នាំង លោក​សប្បាយចិត្ត និង​រំភើប​ណាស់​នៅពេល​បានដឹងថា សហគមន៍​ទាំងអស់បាន​ប្រើប្រាស់​លុយ​នេះ​ចំ​គោលដៅ ដើម្បី​លើកតម្កើង​ជីវភាព​របស់​សមាជិក តាមរយៈ​កម្ចីចងការ​ប្រាក់​បង្កើន​មុខរបរ​នៅក្នុង​មូលដ្ឋាន និង​បង្កើន​ប្រភព​ប្រាក់​ទុន​នៅក្នុង​សហគមន៍ឱ្យបានច្រើន​។

​លោក ឈឹម ឈឿន ប្រធាន​សហគមន៍​នេសាទ​កន្លែង​ភេ នៅក្នុង​ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ បានឱ្យ​ដឹងថា ប្រាក់​ដែល​បាន​ពី​ជំនួយ​របស់​សប្បុរសជន​សហគមន៍​ បាន​បង្វិល​ឱ្យ​សមាជិកសហគមន៍​ខ្ចី​បង្កបង្កើនផល ប​ង្កើ​នមុ​ខរ​បរ ហើយ​ការប្រាក់​ដែល​បានមកយើង​យកមកចំណាយ​ប្រើការ​ងារ​ជូន​សហគមន៍ ដែល​មកដល់ពេលនេះ​សហគមន៍​លោក​មាន​ប្រាក់សម្រាប់​ចំណាយ​ជាង ​៥​ លាន​រៀល​ តម្កល់ទុក​ក្នុង​សហគមន៍។

​នៅក្នុង​កម្មវិធី​នេះ លោក សោម ភិ​រុណ ក៏បាន​ថ្លែងអំណរគុណ​ផងដែរដល់​លោកសប្បុរសជន​អា​មេរិច ដែល​បាន​គាំទ្រ​ជួយ​ដល់​សហគមន៍​កន្លងមក ហើយ​លោក​ក៏​សុំ​ស្នើ​ដល់​សប្បុរសជន​អា​មេ​រិច មេត្តា​បន្ត​ជួយ​ដល់​សហគមន៍​ផ្សេងៗ​ទៀត ដើម្បី​ចូលរួម​ធ្វើឱ្យ​ប្រសើរ​ឡើង​ក្នុងការ​អភិវឌ្ឍន៍​សហគមន៍​នេសាទ​ឱ្យមាន​និរន្តរភាព ទាំង​ពេល​បច្ចុប្បន្ន ​និង​តទៅ​អនាគត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114