ព័ត៍មានទាន់​ហេតុការណ៏
Search

៩គូ​បន្ត​ប្រកួត​ក្នុង​ពានរង្វាន់​បាល់ទាត់​សម្តេច​តេ​ជោ​ឆ្នាំ ​២០១៨ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ក្នុង​វគ្គ​ជម្រុះថ្នាក់​ខេត្ត​

ពានរង្វាន់​បាល់ទាត់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​ទី​១២ ​ឆ្នាំ​២០១៨ (Hun Sen Cup) ដែល​រៀបចំឡើង​ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ (CNCC) សេនាធិការ​របស់​សហ​ព័ន្ធកីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បានរៀបចំ​ពី​ដើមខែ​មីនានេះ​តទៅ​ ដោយមាន​ក្រុម​ចូលរួមរហូតដល់​ ៣៤​ ក្រុម ខណៈ​នៅពេលនេះ​កំពុងដំណើរការ​នៅក្នុង​វគ្គ​ជម្រុះ​ថ្នាក់​លេខ​នៅឡើយ ដោយមាន​ការប្រកួត​ចំនួន​៩​គូ​ផ្សេងគ្នា​ នៅ​រសៀល​ថ្ងៃ​ពុធ ទី​១៤ ​ខែមីនា ឆ្នាំ​២០១៨ ​នេះ​។​

​សម្រាប់​ការប្រកួត​នៅ​ថ្ងៃ​ពុធនេះ ​រៀបចំឡើង​នៅវេលា​ម៉ោង ​៣​ រសៀល​ទាំងអស់ ដោយ​ពូ​ល A ក្រុមគីរីវង់​សុខ​សែន​ជ័យ ប៉ះ​ក្រុម​ខេត្តបាត់ដំបង លើ​ទីលាន​កីឡដ្ឋាន​ខេត្តតាកែវ ហើយ​ក្រុម​ប៉ៃលិន ប៉ះ​ក្រុម​ពោធិសាត់ លើ​ទីលាន​ខេត្ត​ប៉ៃលិន ខណៈ​ពូ​ល B ក្រុម​ព្រៃវែង ជួប​ក្រុមយុវជនក្រសួងការពារជាតិ លើ​ទីលាន​ខេត្តព្រៃវែង ហើយ​ក្រុម​ត្បូងឃ្មុំ ប៉ះ​ក្រុម​ខេត្តកណ្ដាល លើទីលាន​ខេត្ត​ត្បូងឃ្មុំ និង​ក្រុម​ខេត្តកំពង់ចាម ជួប​ក្រុម​ខេត្តតាកែវ លើ​ទីលាន​ខេត្តកំពង់ចាម​។

ចំពោះ​ពូ​ល D ក្រុមយុវជន​សាលា​បាល់ទាត់​បាទី (U18) ទទួល​ក្រុម​ខេត្តកំពត លើ​ទីលាន​បាទី ហើយក្រុម​កែវ ជួប​ក្រុម​ព្រះសីហនុ លើ​ទីលាន​ខេត្ត​កែប​។ សម្រាប់​ពូ​ល E ក្រុម​បន្ទាយមានជ័យ ទទួល​ក្រុម​កំពង់ធំ លើ​ទីលាន​ខេត្តបន្ទាយមានជ័យ ហើយ​ក្រុម​ខេត្តសៀមរាប ប៉ះ​ក្រុម​ព្រះវិហារ លើទីលាន​ខេត្តសៀមរាប និង​ ក្រុម​ស៊ីម៉ាក់ ជួប​ក្រុម​ឧ​ត្ត​រ​មានជ័យ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់ CNCC ពានរង្វាន់​នេះ​នឹង​រៀបចំ​ចំនួន​២​វគ្គ​ ដោយ​វគ្គ​ទី​១ ហៅថាវគ្គ​ជម្រុះ​ថ្នាក់​ខេត្ត និង ​វគ្គ​ទី​២​ ហៅថា​វគ្គ​ជម្រុះ​ថ្នាក់ជាតិ ដែល​ការប្រកួត​ចាប់ពី​ថ្ងៃទី​៧ ខែមីនា រហូតដល់​ថ្ងៃទី​៦ ​ខែតុលា ឆ្នាំ​២០១៨​។ ចំពោះ​វគ្គ​ជម្រុះ​តាម​ថ្នាក់​ខេត្ត​បែងចែក ការប្រកួត​ជា​២​វគ្គខុសគ្នា​ទៀត ​គឺ​វគ្គ​ជម្រុះ​តាម​ពូ​ល ​និង ​ជម្រុះ​ចុងក្រោយ​។ វគ្គ​តាម​ពូ​ល​មាន​ក្រុម​ចំនួន​ ២៣​ ខេត្តចូលរួម ​បូក​ជាមួយ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​, ស៊ីម៉ាក់​, យុវជន​ក្រសួងការពារជាតិ និង​សាលា​បាល់ទាត់​ជាតិ​បាទី ទាំងអស់​ ២៧ ​ក្រុម​បែង​ចែកជា​ ៥​ ពូ​ល​។ ក្រុម​លេខ​១ ​ដល់​លេខ​៣ បូក​ទាំង​ក្រុមលេខ​៤ ​ល្អ​បំផុត​ក្នុងចំណោម​ពូ​ល​ទាំង​៥ ​មានឈ្មោះ​ឡើងទៅ​វគ្គ​ ១៦​ ក្រុម​ចុងក្រោយ​។ ចំណែក​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ យក​ក្រុម​ទាំង​១៦​ចាប់​គូ​គ្នា​ប្រកួត​ប្តូរ​ទឹកដី​គ្នា រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​។ ក្រុម​ដែល​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ (៤​ក្រុម​ខ្លាំងជាងគេ​) មានឈ្មោះ​ឡើងទៅ​ប្រកួត​ដណ្តើម​ជើងឯក​ថ្នាក់ជាតិ​។​

​ចំណែក​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​វិញ​មាន​ក្រុម​ចំនួន​១២​ ជា​សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នៅ​រង់ចាំ​បូក​ជាមួយ​ក្រុម​ចំនួន​៤ ​ខ្លាំងជាងគេ​មកពី​ការប្រកួត​ជម្រុះ​ជើងឯក​ថ្នាក់​ខេត្ត​។ ដោយចាប់ឆ្នោត​រើស​គូប្រកួត​ប្តូរ​ទឹកដី​គ្នា (​ចំនួន​២​លើក​) ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​រហូតដល់​វគ្គផ្ដាច់ព្រ័ត្រ​តែម្តង​។ ​យ៉ាងណាក្តី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ និង​ វគ្គ​ផ្ដាច់ព្រ័ត្រ​ ធ្វើឡើង​នៅ​ពហុកីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ ទាំង​ក្នុង​វគ្គ​ជម្រុះ​ជើងឯក​ថ្នាក់​ខេត្ត​ និង ​វគ្គ​ជម្រុះ​ជើងឯកថ្នាក់ជាតិ​ក្នុង​ពានរង្វាន់​នេះ​។​

​សូម​រំលឹកថា​ ក្រុម​ជើងឯក​ឆ្នាំ​ចាស់ ​២០១៧ បាន​ទៅ​ព្រះខ័ន​រាជ​ស្វាយរៀង អមដោយ​ពានរង្វាន់​១ មេដាយ​ម្នាក់​១​គ្រឿង ​និង​ ទឹកប្រាក់ ៨០ ​លាន​រៀល ហើយ​ក្រុម​ណាហ្គា​វើ​ល ជា​ជើងឯក​រង បានមេដាយប្រាក់​ម្នាក់​១​គ្រឿង អមដោយ​ទឹកប្រាក់ និង​ទឹកប្រាក់​៤០​លាន​រៀល ខណៈ​ក្រុម​អគ្គីសនី​កម្ពុជា ឈរ​លេខ​៣ ទទួលបាន​មេដាយ​សំរឹទ្ធ​ម្នាក់​១​គ្រឿង អមដោយ​ទឹកប្រាក់​២០​លាន​រៀល​និង​ក្រុម​បឹងកេត ឈរ​លេខ​៤ ទទួលបាន​ទឹកប្រាក់​១០​លាន​រៀល​។​

​បើ​រាប់​បញ្ជី​ឈ្មោះ​ក្រុម​ដែល​ធ្លាប់​ឈ្នះ​ជើងឯក​ពានរង្វាន់​សម្តេច​តេ​ជោ តាំងពី​បង្កើត​ដំបូង​ក្នុង​ឆ្នាំ ២០០៧ មក​មាន​ក្រុម​ខេមរា​កីឡាឆ្នាំ ​២០១៧,​ភ្នំពេញ​ក្រោ​ន (​ឬ​ភ្នំពេញ​អ៊ី​ម​ផាយ​អ័​រ​) ឆ្នាំ​២០០៨,២០០៩, ក្រសួងការពារជាតិ ឆ្នាំ ​២០១០, ព្រះខ័ន​រាជ​ស្វាយរៀង ឆ្នាំ​ ២០១១,២០១២, ណាហ្គា​វើ​ល ឆ្នាំ ​២០១៣, អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ឆ្នាំ ​២០១៤, ព្រះខ័ន​រាជ​ស្វាយរៀង ឆ្នាំ ​២០១៥ និង​ក្រសួងការពារជាតិ ឆ្នាំ​២០១៦៕​