ព័ត៍មានទាន់​ហេតុការណ៏
Search

លេង​ដោយ​ឆន្ទៈ​ជួយ​ឱ្យ​ក្រុម​វិសាខា ឡើងឈរ​កំពូល​តារាង​លី​គ​កំពូល​កម្ពុជា ​ឆ្នាំ​ ២០១៨ ​ត្រឹមសប្ដាហ៍​ទី​២

​ក្រុមបាល់ទាត់​វិសាខា សមាជិក​ថ្មី​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) កំពុងតែ​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន​ក្រោយ​ប្រកួត​បាន​ពីរ​សប្ដាហ៍​មកនេះ ខណៈ​លោក ហុក សុ​ជី​វ័​ន្ត គ្រូបង្វឹក​របស់​ក្រុម​អះអាងថា ​ឆន្ទៈ​ក្នុង​ការលេង​លើ​ទីលាន​ជា​ផ្នែក​ជួយ​ឱ្យ​ក្រុម​របស់លោក​វ៉ាដាច់​ក្រុម​ជើងចាស់​នៅ​សប្ដាហ៍​នេះ​។​

​គ្រូបង្វឹក​ដែល​កំពុងតែ​កាន់​អាជ្ញាប័ណ្ណ AFC A Licesne រូបនេះ​បញ្ជាក់ថា​ «​សម្រាប់​ពីរ​ប្រកួត​កន្លងមកដែល​យើង​ទទួលបាន​លទ្ធផល​ល្អ យើង​ឃើញ​ឆ​ន្ទៈ​កីឡាករ​របស់​យើង​ ១០០​ ភាគរយ​។ ការលេង​គាត់​បង្ហាញ​អ្វីដែល​គាត់​ចង់​លេង គឺ​អ្វីដែល​ពីមុនមក​យើង​បាន​ប្រមូលផ្ដុំ​ហ្វឹកហាត់រហូតមកដល់​ឥលូវ​ពួកគាត់​ធ្វើបាន​ល្អ​មែនទែន​។ ការប្រកួត​ពីមួយ​ប្រកួត​ទៅមួយប្រកួយសំខាន់​គ្រប់ពេល អីច្ចឹង​យើង​នឹង​ព្យាយាម​ពង្រឹង​បន្ថែម​នូវ​អ្វី​ដែលជា​ចំណុច​ខ្វះខាតរបស់​យើង​»​។​

​សម្រាប់​ប្រកួត​បន្ទាប់​ក្រុម​វិសាខា ត្រូវ​ជួប​ក្រុម​ភ្នំពេញ​ក្រោ​ន នៅ​ថ្ងៃអាទិត្យ ទី​១៨ ខែមីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​៣​រសៀល ​លើ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន ខណៈ​២​ប្រកួត​កន្លងមក​វិសាខា បាន​យកឈ្នះអគ្គីសនី​កម្ពុជា ៤​ទល់​០ និង​ឈ្នះ​អង្គ​រថា​យ​ហ្គឺ​រ ២​ទល់​០​។ ជុំ​ការប្រកួត​បន្ទាប​លោក ហុក សុ​ជី​វ័​ន្ត សម្លឹង​ឃើញថា ​ក្រុម​ភ្នំពេញ​ក្រោ​ន ជា​ក្រុម​ខ្លាំង​មួយ​ដែល​សំបូរ​កីឡាករ​វ័យក្មេង និង​ខ្សែការពារ​រឹង​មាំ។ «​ការលេង ការយល់​ចិត្ត​គ្នា ទាំង​ពួកគាត់​ស្នាក់នៅ​ជុំគ្នា​ជាង ​៦ ​ឬ ​៧ ​ឆ្នាំ ទាំងធ្លាប់មាន​កីឡាករ​ជាប់​ក្នុង​ជម្រើសជាតិ ជា​អ្វីដែល​ធ្វើឱ្យ​ក្រុម​គេ (​ភ្នំពេញ​ក្រោ​ន​) ខ្លាំង ប៉ុន្តែ​យើងវិញ​ទើបតែ​បាន​ហ្វឹកហាត់​ជុំគ្នា​ប្រមាណ​ជាង​ពីរខែ​ប៉ុណ្ណោះ​»​។

​ក្រុម​វិសាខា បាន​បង្កើតឡើង​តាំងពី​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់ឯកឧត្ដម ស សុខា តំណាងរាស្ដ្រ​ខេត្តព្រៃវែង និង​ជា​អនុប្រធាន​សហព័ន្ធ​សហភាព​យុវជនកម្ពុជា​។ ​ក្រុម​នេះ​ជា​ម្ចាស់​ជើងឯក​ពាន​លី​គ​លំដាប់​ទី​២​ របស់​កម្ពុជា​​ឆ្នាំ ​២០១៧ ហើយទទួលបាន​កៅអី​ឡើងមក​លេង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​ឆ្នាំនេះ​តែម្តង​។ លោក ហុក សុចិត្រា អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ដើរតួរ​ធ្វើជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម ខណៈ​លោក ហុក សុ​ជីវ័ន ជា​ប្អូនប្រុស​បង្កើត​ធ្វើជា​គ្រូបង្វឹក​។​

​ក្រុម​វិសាខា បានបង្ហាញ​មុខ​កីឡាករ​ទាំងអស់​ត្រៀម​រដូវ​កាល​ថ្មី​របស់ខ្លួន ​ដោយ​ក្នុង​នោះបាន​នាំយកអ្នកចាំទី កែវ សុខ​សិលា ពី​ភ្នំពេញ​ក្រោ​ន​, រស់ សំអឿន ពី​បឹងកេត​, ង៉​យ ស្រ៊ី​ន ពី​ណាហ្គា​វើ​ល សាន គឹម​ហេង មកពី​សាលា​បាល់ទាត់​បាទី កីឡាករ រឿង ដា​វីត មកពី​ភ្នំពេញ​ក្រោ​ន ព្រមទាំង​កីឡាករ​កូរ៉េខាងជើង ៤ មាន​ខ្សែប្រយុទ្ធ Choe Myong-ho ខ្សែបម្រើ Kim Kyong-hun ខ្សែការពារ​កណ្ដាល Jang Song-hyok ​ខ្សែប្រយុទ្ធ Ri Hyok-chol និង​ខ្សែបម្រើ Pak Song Chol​។ ចំណែក​កីឡាករ​របស់​ក្លិប​ចាស់​មាន ជា វ៉ាន់​សាក់​, ស៊ិន សុផាន់​ណាត​, ទៀង ទី​នី​, ធឿន ស៊ុន​ហួរ​, នុត ស៊ីនួន​. ម៉ែន សីហា​, សុះ ហាំ​ប៉ាន់​, មាឃ ឆដា​រ៉ាវុធ​, ចិន វណ្ណៈ​, សាន្ត បូរ៉ា​, ម៉ាត់ សាក់​រើ​, សេន ឡេះ​, នៅ សុ​សិលា​, ខុន រស្មី​, អ៊ីវ វិមាណ​, សួន ឈុន​ឆេង​, អ៊ិន វិ​ច្ឆ័​យ​, នួន សុថា​ន​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684