ព័ត៍មានទាន់​ហេតុការណ៏
Search

MCL 2018 ៖​ កីឡាករ Oiboh Julius របស់​បឹងកេត បន្ត​ឈរ​កំពូល​តារាង​អ្នករក​គ្រាប់​បាល់​បានច្រើនជាងគេ​ត្រឹម​សប្ដាហ៍​ទី​២

កីឡាករ​ជនជាតិ​នី​ហ្សេ​រី​យ៉ា Oiboh Julius សមាជិក​ក្លិប​ជើងឯក​ឆ្នាំ​ចាស់​បឹងកេត​អែ​ហ្វ​ស៊ី ដែល​ធ្លាប់ឈ្នះ​ស្បែកជើង​មាស​កាលពី​ឆ្នាំ​ ២០១១ កន្លងទៅ​នៅ​លី​គ​កំពូល​កម្ពុជា នៅពេលនេះ​កំពុង​បន្តឈរ​កំ​ពូ​លតារាង​អ្នករក​គ្រាប់​បាល់ប​ញ្ជូ​ល​ទី​បាន​ច្រើនជាងគេ​ប្រចាំ​សប្ដាហ៍​ទី​២ នៃ​ពានរង្វាន់ជម្រើស​ជើងឯក​ជាតិ (Metfone Cambodian League 2018)​។​

​សរុប​ ១២​ ប្រកួត​ត្រឹមពីរសប្តាហ៍​មកនេះ ​ក្រុម​សមាជិក​ទាំង ​១២ ​អាច​ទា​ត់ប​ញ្ជូ​ល​ទី​គ្នា​បាន​៣៦​គ្រាប់ ហើយ​កីឡាករ Oiboh Julius រកបាន​គ្រាប់​បាល់​៤​គ្រាប់​ម្នាក់ឯង​ តាម​ពីក្រោយ​ដោយ​កីឡាករ Cheo Myong Ho ជនជាតិ​កូរ៉េខាងជើង របស់​ក្រុម​វិសាខា កីឡាករ Privat ជនជាតិ​កា​ម៉េ​រ៉ូ​ន​របស់​ក្រុម​អាស៊ីអឺរ៉ុប កីឡាករ Bisan Goerge របស់​ណាហ្គា​វើ​ល រកបាន​ម្នាក់​៣​គ្រាប់​។ ចំណែក​កីឡាករ No Daeho ជនជាតិ​កូរ៉េខាងត្បូង​និង​កីឡាករ នួន បូរី របស់​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង Timothy ជនជាតិ​នី​ហ្សេ​រី​យ៉ា របស់​អង្គ​រថា​យ​ហ្គឺ​រ រកបាន​គ្រាប់​បាល់​ម្នាក់​២​គ្រាប់​តាម​ពីក្រោយ ខណៈ​កីឡាករ​ផ្សេងៗ​ទៀត​រកបាន​គ្រាប់​បាល់​ម្នាក់​១​គ្រាប់​ផងដែរ​។​

​សូម​រំលឹកថា​ កីឡាករ Oiboh Julius ធ្លាប់​បានឈ្នះ​ស្បែកជើង​មាស​កាលពី​ឆ្នាំ ២០១១ អំឡុងពេលដែល​រូបគេ​នៅ​ជា​សមាជិក​ក្នុង​ក្រុម​ណាហ្គា​វើ​ល ក្រោយ​រកបាន​គ្រាប់​បាល់ ​២៨​ គ្រាប់ម្នាក់ឯង​។ ក្រោយ​ឈ្នះ​ស្បែកជើង​មាស​នៅ​កម្ពុជា រូបគេ​បាន​ផ្លាស់​ទៅលេង​នៅ​ប្រទេស​ថៃ ចាប់ពី​ឆ្នាំ​ ២០១៣ ដល់ ​២០១៦ មុន​មក​ជួបបឹងកេត​អែ​ហ្វ​ស៊ី នៅ​ចុងឆ្នាំ ​២០១៦ ខណៈ​នៅ​ដើមឆ្នាំរូបគេ​ផ្លាស់​ទៅលេង​ក្លិប Pahang FA នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​ជើង​ទី​២ ​ផ្លាស់​ទៅលេង​ក្នុងក្លិប Navy FC នៅ​ប្រទេស​ថៃ មុន​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ដើមឆ្នាំ​ ២០១៨ ​នេះ​។​

​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​នេះ​នឹង​ប្រើប្រាស់​រូបមន្ត​ប្រកួត​សន្សំ​ពិន្ទុ​វិលជុំ​ចំនួន​២​ជើង ​ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ដែលមាន​ពិន្ទុ​ច្រើនជាងគេ​ដណ្តើម​ជើងឯក​ប្រចាំឆ្នាំ​។ ការប្រកួត​ចាប់ផ្តើមពីថ្ងៃ​ទី​៣ ​ខែមីនា ដល់​ថ្ងៃទី​៣០ ​ខែកញ្ញា ឆ្នាំ​២០១៨ ដែលមាន​សមាជិក​ចំនួន​១២​ក្រុម​។ ក្រុម​ជើងឯក​នឹង​ទទួលបាន​កៅអី​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championship និង​ពានរង្វាន់ Singapore Cup ជាដើម​។​

​តាម​គម្រោង​ក្រោយ​បញ្ចប់​រដូវ​កាល​ឆ្នាំ ​២០១៨ នេះទៅ​ កីឡាករ​ដែល​រក​គ្រាប់​បាល់ច្រើនជាងគេបង្អស់ នោះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​នឹង​ប្រគល់​ពានរង្វាន់ (​ឬ​ហៅថាស្បែកជើង​មាស​) ព្រមទាំង​ថវិកាលើកទឹកចិត្ត​ចំនួន​ ១.៥០០,០០០៛​។ កីឡាករ​ជនជាតិ​រ្វ៉ា​ន់​ដា Autheire Kipson អតីត​សមាជិក​នៅ​ក្លិប​ណាហ្គា​វើ​ល ជា​ម្ចាស់​ស្បែកជើង​មាស​ឆ្នាំ​ចាស់​ ២០១៧ កន្លងទៅ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684