ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រេសិត​ពិសេស​ក្រុង​សេអ៊ូល​អរគុណ​លោក ស៊ី ចំពោះ “​តួនាទី​ដ៏​ធំ​” ក្នុង​កិច្ចចរចា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង

ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ចន្ទ​បាន​ថ្លែងអំណរគុណ​ដល់​ប្រធានាធិបតី​ចិន​លោក​ស៊ី​ជីន​ពីង​ចំពោះ “​តួនាទី​ដ៏​ធំ​របស់​គាត់​” នៅ​ក្នុង​ដំណើរការ​ផ្នែក​ការទូត​ដែល​បាន​បង្កើត​ឲ្យ​មាន​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​មួយ​រវាង​លោក​ដូ​ណា​ល់​ត្រាំ​និង​លោក​គីមជុងអ៊ុន។

ប៉ុន្មាន​ថ្ងៃ​ក្រោយពី​លោក​បាន​ឈរ​នៅ​ខាងក្រៅ​សេត​វិមាន​ហើយ​បាន​ប្រកាស​ថា​ នឹងមាន​ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក​និង​មេដឹកនាំ​កូរ៉េខាងជើង​, លោក Chung Eui-yong បាន​ទៅដល់​ទីក្រុង​ប៉េកាំង​ដើម្បី​ថ្លែង​ទៅកាន់​លោក​ស៊ី​និង​អ្នកការទូត​ជាន់ខ្ពស់​របស់​ចិន​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាង​ឆាប់រហ័ស​ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ។

លោក​ត្រាំ​និង​លោក​គីម​បាន​យល់ព្រម​ជួបគ្នា​នៅ​ចុងខែ​ឧសភា​បើទោះបីជា​ពួកគេ​មិនទាន់បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ឬ​ពេលវេលា​ពិតប្រាកដ​ក៏ដោយ។

លោក Chung បាន​ប្រា​ប់លោក​ស៊ី​នៅ​វិមាន Great Hall of the People ថា “​ស្ថានការណ៍​នៅលើ​ឧបទ្វីប​កូរ៉េ​នាពេល​ថ្មីៗ​នេះ​បានទទួល​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​។ លោក​ប្រធានាធិបតី​មូ​ន​ចេ​អ៊ី​ន​ជឿជាក់ថា ការដឹកនាំ​របស់​រដ្ឋា​ភិ​បាល​ចិន​ជាពិសេស​សមត្ថភាព​ដឹកនាំ​របស់លោក​ប្រធានាធិបតី​ស៊ី​គឺ​បាន​ដើរតួ​យ៉ាងសំខាន់​នៅក្នុង​រឿងនេះ​”​។

លោក Chung បាន​និយាយថា ការប្តេជ្ញាចិត្ត​ដោយ​ឥត​ងាករេ​របស់លោក​ស៊ីក្នុង​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​លើ​ឧបទ្វីប​កូរ៉េ​និង​ការប្តេជ្ញា​ដោយ​សន្តិភាព​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅក្នុង​ការវិវត្ត​នាពេល​ថ្មីៗ​នេះ​។ លោក​បន្តថា “​យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ប្រទេស​ចិន​ចំពោះ​ជំហរ​រឹងមាំ​របស់ខ្លួន​។ ជាថ្មី​ម្តងទៀត យើង​រំពឹងថា ប្រទេស​ចិន​នឹង​បន្ត​ដើរតួនាទី​យ៉ាងសកម្ម​ហើយ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​នឹង​បន្ត​សម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ចិន​”​។​

ក្រុង​ប៉េកាំង​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អនុវត្ត​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ទៅលើ​កូរ៉េខាងជើង​ដែល​ត្រូវបាន​គេ​ជឿថា បានដាក់​សម្ពាធ​ដ៏​ធំធេង​ដល់​សេដ្ឋកិច្ច​ដែល​ផុយស្រួយ​របស់​ប្រទេស​នេះ​។​

គួរ​បញ្ជាក់ថា ប្រទេស​ចិន​គឺជា​សម្ព័ន្ធមិត្ត​ការទូត​តែមួយគត់​របស់​កូរ៉េខាងជើង​និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់បំផុត​របស់ខ្លួន៕ AFP