ព័ត៍មានទាន់​ហេតុការណ៏
Search

បាត់​មុខ​ខ្សែប្រយុទ្ធ កែវ សុខ​ង៉​ន ពី​ពិភព​បាល់ទាត់​ ក្រោយ​ឃើញ​បើក​អាជីវកម្ម​ធ្វើ​ទីលាន​ស្មៅ​សិប្បនិមិត្ត

ខ្សែប្រយុទ្ធ កែវ សុខ​ង៉​ន ដែលជា​សមាជិក​ក្លិប​ភ្នំពេញ​ក្រោ​ន កាលពី​រដូវ​កាល​ឆ្នាំ​២០១៨ បាន​បាត់​មុខ​ពី​ពិភព​បាល់ទាត់​ហើយ​នៅ​រដូវ​កាល​ឆ្នាំ​២០១៨ ប៉ុន្តែ​គេ​សង្កេតឃើញ​រូបគេ​កំពុងតែ​រីករាយ​នឹង​អាជីវកម្ម​សាងសង់​ទីលាន​បាល់ទាត់​ស្មៅ​សប្ប​និមិត្ត​របស់ខ្លួន​ដែល​មុខ​របប​បន្ថែម​កំពុងតែ​ដំណើរការ​យ៉ាង​រលូន​។

​កីឡាករ​មកពី​ខេត្តក្រចេះ​រូប​នេះ​ មាន​វ័យ​កាន់​ជ្រេ​ទៅហើយ ម្យ៉ាង​រូបគេ​បាន​រងរបួស​កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៧ កន្លង​ទៅដោយ​តម្រូវ​ឲ្យ​ព្យាបាល​ជាង​៥​សប្ដាហ៍ ហើយ​ក្រោយមក​រូបគេ​មិនសូវ​ត្រូវបាន​គ្រូបង្វឹក​ដាក់​ឲ្យ​ចូល​លេង​ប៉ុន្មាន​នោះទេ​នៅ​ឆ្នាំ​ដដែល​នោះ​។ នៅ​មិន​មាន​ការ​បញ្ជាក់​ច្បាស់​ការ​ណាមួយ​ពី កែវ សុខ​ង៉​ន ជុំវិញ​ការ​លាឈប់​ពី​អាជីព​បាល់ទាត់​របស់​រូប​គេ​នៅឡើយ​នោះទេ។ បើ​ប្រភពពី​ក្រុម​ភ្នំពេញ​ក្រោ​ន បានបញ្ជាក់​ថា​លោក Sean Sainsbury ដែលជា​គ្រូ​បង្វឹក​ថ្មី​សម្រេចចិត្ត​ប្រើ​កីឡាករ​ក្មេងៗ​ច្រើនជាង​កីឡាករ​ចាស់ៗ ដែល​នេះ​ជា​ផ្នែក​មួយ​ដែល កែវ សុខ​ង៉​ន បាត់​កៅអី​។

​ទោះបី​មិន​ប្រកប​អាជីព​ជា​កីឡាករ​បាល់ទាត់ កីឡាករ កែវ សុខ​ង៉​ន មាន​អាជីវកម្ម​មួយ​ផ្សេងទៀត​ដែល​កំពុង​ដំណើរការ​គឺ​ក្រុមហ៊ុន​សាងសង់​ទីលាន​បាល់ទាត់​ស្មៅ​សប្ប​និមិត្ត​ដែល​ចាប់ផ្តើម​តាំង​ពី​ដើម​ឆ្នាំ​២០១៧ ដោយ​អះអាងថា​ បាន​សហការ​ជាមួយ​ដៃគូ​ទាំង​នៅ​ខ្មែរ​និង​នៅ​ប្រទេស​ចិន ប្រើ​ដើមទុន​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក​។ ក្រុមហ៊ុន​នេះ​មានឈ្មោះ​ក្រុមហ៊ុន​ថា​«Grass Crown Decor»​។

​កីឡាករ កែវ សុខ​ង៉​ន ធ្លាប់​បាន​ចូលរួម​លេង​ជាមួយ​ក្លិប​ជាច្រើន​រហូត​ធ្លាយ​ដល់​ប្រទេស​ថៃ ដូចជា ភ្នំពេញ​ក្រោ​ន​, Samut Sakhon ជា​ក្លិប​នៅ​លី​ក​លំដាប់​ទី​៣ របស់​ប្រទេស​ថៃ បឹងកេត​អង្គរ និង​ចុងក្រោយ​ប្ដូរ​មកកាន់​ក្លិប​ភ្នំពេញ​ក្រោ​ន វិញ​។ រូបគេ​ធ្លាប់​ឈ្នះ​ពាន​កីឡាករ​លេង​ល្អ ក្នុង​ពានរង្វាន់​លី​ក​កំពូល​កម្ពុជា កាលពី​ឆ្នាំ ២០១០ និង ២០១២ ផងដែរ​។ កីឡាករ កែវ សុខ​ង៉​ន ធ្លាប់ជា​ផ្នែក​មួយ​បាន​ជួយ​ឲ្យ​ក្រុម​ភ្នំពេញ​ក្រោ​ន ឈ្នះ​ពានរង្វាន់​លី​ក​MCL នៅ​រដូវ​កាល ២០០៨ និង ២០១០ និង​ពានរង្វាន់​សម្ដេច ហ៊ុន សែន (Hun Sen Cup) ២​ឆ្នាំ​ជាប់​គ្នា​ពោល ២០០៨ និង ២០០៩​។ ពេល​គេ​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ ហើយ​រួមរស់​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន រូបគេ ក៏​ជា​ផ្នែក​មួយ​ជួយ​អោយ​ក្រុម​បឹង​កេត ឈ្នះ​ពាន​លី​ក​បាល់ទាត់​កម្ពុជា ជា​លើកដំបូង​នៅ​ឆ្នាំ​២០១២ ផងដែរ បន្ទាប់​ឡើង​មក​ពី​លេង​នៅ​ក្របខណ្ឌ​ក​១​។ ចុងក្រោយ​នេះ​គេ​បាន​រួមរស់​ជាមួយ​ភ្នំពេញ​ក្រោ​ន នឹង​លើក​ពាន​នៅ​ឆ្នាំ​២០១៥ នេះ​ផងដែរ​។

បើ​និយាយ​ពី​ក្រុម​ជម្រើសជាតិ វិញ សុខ​ង៉​ន ធ្លាប់បាន​ជួយ​ក្រុម​ជម្រើស​ជាតិ​តាំងពី​ឈុត​យុវជន​រហូតដល់​ឈុត​ធំ ខណៈ​រូបគេ​មានឈ្មោះ​ក្នុង​ឈុត​ធំ​តាំងពី​ឆ្នាំ​២០០៨ មកដល់​ឆ្នាំ​២០១៥ កន្លងមកនេះ​។ យ៉ាងណាក្តី​រូបគេ​មាន​ប្អូនបង្កើត​កំពុងតែ​ចេញទៅ​ប្រកប​អាជីព​នៅ​លី​គ​កំពូល​ប្រទេស​ម៉ាឡេស៊ី គឺ កែវ សុខផេង ផងដែរ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684