ព័ត៍មានទាន់​ហេតុការណ៏
Search

AFC Cup ៖ គ្រូ​បង្វឹក​បឹងកេត បន្ត​ទំ​នុក​ចិត្ត​ខ្ពស់ តែ​គ្រូ​របស់ Home United ចង់បាន​ពិន្ទុ​វិញ មុន​ប៉ះគ្នា​ល្ងាច​ថ្ងៃ​ពុធ​នេះ

ក្រុមបាល់ទាត់​ម្ចាស់ផ្ទះ​បឹងកេត​អែ​ហ្វ​ស៊ី របស់​កម្ពុជា នឹងត្រូវ​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ Home United របស់​សិង្ហ​បុរី​នៅ​វេលា​ម៉ោង​៦និង៣០​នាទី​ល្ងាច ថ្ងៃ​ពុធ ទី​១៤ ខែមីនា ឆ្នាំ​២០១៨ លើ​ទីលាន​កីឡដ្ឋាន Jalan Besar Stadium ក្នុង​ប្រកួត​ជើង​ទី​២​ប្រចាំ​ពូ​ល F នៃ​ពានរង្វាន់​ជើងឯក​លំដាប់​ទី​២​ប្រចាំ​ទ្វីបអាស៊ី AFC Cup 2018 ខណៈ​ក្រុម​ទាំង​២បាន​ប៉ះ​គ្នា​ម្តង​ហើយ​កាលពី​សប្ដាហ៍​មុន​នៅ​រាជធានី​ភ្នំពេញ តែ​បឹងកេត​ជា​អ្នកឈ្នះ​។

​លោក កែវ កុសល គ្រូ​បង្វឹក​របស់​ក្រុម​បឹង​កេត បាន​លើក​មុន​ការប្រកួត​ឡើង​ថា «​សម្រាប់​ខ្ញុំ​នេះ​នឹង​ក្លាយ​ជា​ការប្រកួត​ដ៏​ពិបាក​សម្រាប់​បឹងកេត ពីព្រោះ Home United បាន​ចាញ់​យើង​នៅផ្ទះ​របស់​យើង​។ ដូច្នេះ​ខ្ញុំ​គិតថា​ពួក​គេ​នឹង​ព្យាយាម​ខ្លាំង​ជាង​មុន​ទៀត ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ ហើយ​ទីនេះ​គឺជា​ទឹកដី​របស់ Home United ដូច្នេះ វា​នឹង​ក្លាយជា​ប្រកួត​ដ៏​ពិបាក ប៉ុន្តែ​យើង​មក​ទីនេះ​ជាមួយ​ទំនុក​ចិត្ត​ខ្ពស់​។ យើង​នឹង​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធភាព »​។

លោក​នឹង​មាន​ផ្លាស់ប្ដូរ​ទម្រង់​លេង​ខ្លះ ដោយ​យោង​លើ​គូប្រកួត Home United ក៏​នឹង​ធ្វើ​ឲ្យ​ការប្រកួត​របស់​គេ​មានការ​ប្រែប្រួល​ដូចគ្នា ប៉ុន្តែ​នៅតែ​រក្សា​ភាពខ្លាំង​របស់​ខ្លួន​បើ​ទោះ​បី​ជា​យុទ្ធសាស្ត្រ​មានការ​ផ្លាស់ប្ដូរ ប៉ុន្តែ​អាស្រ័យទៅលើ​ការប្រកួត​ជាក់ស្ដែង​។

​ចំណែក​លោក​Aidil Sharin គ្រូ​បង្វឹក​របស់​ក្រុម Home United វិញ​បាន​បញ្ជាក់​ថា « យើង​បាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​បឹង​កេត កាលពី​ប្រកួត​មុន​បឹង​កេត​គឺជា​ក្រុម​ដ៏​ល្អ យើង​គោរព​ពួកគេ ហើយ​អ្វីដែល​យើង​បាន​ធ្វើ​កាលពី​ប្រកួត​មុន គឺ​យើង​បាត់បង់​ទំនុក​ចិត្ត ហើយ​យើង​បាន​រៀន​សូត្រ​ពី​កំហុស​ដែល​យើង​បាន​ធ្វើ​កាលពី​សប្ដាហ៍​មុន​។ ដូច្នេះ​ខ្ញុំ​គិតថា​ ការប្រកួត​នេះ​ពិត​ជា​មាន​សារៈសំខាន់​ក្នុង​យកជ័យ​ជម្នះ​មកវិញ ហើយ​បន្ត​នៅ​ក្នុង​ការប្រកួត​ពានរ​ង្វាន់​នេះ និង​ព្យាយាម​រក​ឲ្យ​បាន​៣​ពិន្ទុ ពីព្រោះ​នេះ​គឺជា​ទឹកដី​របស់​យើង ខ្ញុំ​ជឿជាក់​លើ​កូនក្រុម​របស់ខ្ញុំ​»។

លោកគ្រូ​បង្វឹក​រូប​នេះ​បន្ត​ថា «​បឹង​កេត គឺជា​ក្រុម​ខ្លាំង គេ​ជា​ជើងឯក​លី​គ​កំពូល​កម្ពុជា ប៉ុន្តែ​អ្វី​ដែល​យើង​ត្រូវ​ដឹង​នោះ​គឺ​ពួកគេ​មាន​កីឡាករ​បរទេស​ដ៏​ល្អ កីឡាករ​បរទេស​ដែល​មាន​គុណភាព ដែល​អាច​ធ្វើ​ឲ្យ​ការប្រកួត​មានការ​ប្រែប្រួល ហើយ​កីឡាករ​ក្នុងស្រុក​របស់​គេ ជា​កីឡាករ​ដែល​ធ្វើការ​ខ្លាំង​។ ដូច្នេះ​យើង​ត្រូវ​ព្យាយាម​គ្រប់​គ្រង​បាល់​ឲ្យ​បាន​ច្រើន ហើយ​ពិត​ណាស់​យើង​មិន​ត្រឹមតែ​ព្រួយបារម្ភ​តែ​ទៅលើ​កីឡាករ​បរទេស​៤​រូប​ប៉ុណ្ណោះ​ទេ ផងដែរ​កីឡាករ​ក្នុងស្រុក​របស់គេ ក៏​យើង​ត្រូវតែ​ប្រយ័ត្ន​ដូចគ្នា​»​។

​សម្រាប់​ចំណាត់ថ្នាក់​បណ្តោះ​អាសន្ន​ប្រចាំ​ពូ​ល F នៃ​ពានរង្វាន់ AFC Cup 2018 នេះ​វិញ​ក្រោយ​ប្រកួត​ម្នាក់​៣ លើក​មក​ឃើញ​ថា ​ក្រុម Ceres Negros ឈរ​លេខ​១​មាន​៧​ពិន្ទុ លើ​ក្រុម​លេខ​២ ក្រុម​Home United មាន​៤​ពិន្ទុ​។ ចំណែក​ក្រុម Shan United ឈរ​លេខ​៣ មាន​៣​ពិន្ទុ ស្មើគ្នា​នឹង​ក្រុម​បឹងកេត ឈរ​លេខ​៤ តែ​ខុស​ត្រង់​រូបមន្ត Head to Head (​បឹងកេត ចាញ់ Shan United ក្នុង​ជើង​ទី​១)​។ សម្រាប់​ប្រកួត​បន្ទាប់​ប្រចាំ​ពូ​ល​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ពុធ​១៤ ខែកុម្ភៈ ខាងមុខ​ដោយ​ក្រុម Shan United ជួប​ក្រុម Ceres នៅ​ម៉ោង​៤​រសៀល​ហើយ​ក្រុម​Home United ទទួល​ក្រុម​បឹងកេត វិញ​ម្តង នៅ​ម៉ោង៧និង៣០នាទីល្ងាច (ម៉ោង៦និង៣០នាទី ល្ងាច​នៅ​កម្ពុជា)​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684