ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ថាប័ន​បោះឆ្នោត ស្នើ​ឲ្យ​លោកស្រី Rhona Smith ដាក់​ការិយាល័យ​នៅ គ​.​ជ​.​ប ដើម្បី​ពិនិត្យមើល​ដំណើរការ​បោះ​ឆ្នោត​ជាតិ​នៅ​កម្ពុជា

ភ្នំពេញ​ ៖ ថ្នាក់ដឹកនាំ​គណៈក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ស្នើ​ឲ្យ​លោកស្រី Rhona Smith ដាក់​តំណាង ឬ​ការិយាល័យ UN នៅ​ក្នុង​ទីស្នាក់ការ​កណ្តាល គ​.​ជ​.​ប ដើម្បី​ពិនិត្យមើល​ដំណើរការ​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​កម្ពុជា ពីព្រោះ​មកដល់ពេលនេះ មាន​តំណាង​ប្រទេស​ចំនួន​២​ហើយ បាន​ដាក់​ការិយាល័យ​នៅ​ទីស្នាក់ការ​កណ្តាល គ​.​ជ​.​ប ដើម្បី​តាមដាន​លើ​ការងារ​បោះឆ្នោត​។

ការ​ស្នើ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​រវាង​ថ្នាក់ដឹកនាំ​គណៈក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដឹកនាំ​ដោយ​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប ជាមួយ​លោកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith) អ្នករាយការណ៍​ពិសេស​របស់​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៨ នៅ​ទីស្ដីការ គ​.​ជ​.​ប ក្នុង​ក្រសួងមហាផ្ទៃ​។

​នៅក្នុង​ជំនួប​ពិភាក្សា​នោះ លោក​ស៊ិ​ក ប៊ុន​ហុក ក្នុងនាម​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​កា​រប​ឆ្នោត (​គ​.​ជ​.​ប​) បាន​សម្ដែង​ការស្វាគមន៍​ចំពោះ​ដំណើរ​មកដល់​របស់លោក​ស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​របស់​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ហើយ​លោក​បាន​អះអាង​ថា បើ​លោក​ចាំ​មិន​ភ្លេច​ទេ ចាប់​តាំង​ពី​លោក​ឡើងជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នេះ លោក​បាន​ស្វា​គម​ន៍​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី​ចំនួន​លើក​ទី​៣​រួចមកហើយ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ថ្លែងប្រាប់​ក្រុម​អ្នក​រាយ​ការ​ណ៍​ព័ត៌មាន​បន្ទាប់ពី​ជំនួប​ពិភាក្សា​នោះ​ថា នៅ​ក្នុង​ជំនួប​នេះ អ្នករាយការណ៍​ពិសេស អ​.​ស​.​ប លោកស្រី រ៉ូ​ណា ស្មី​ត បាន​សំដែង​នូវ​ការ​គាំទ្រ​យ៉ាងច្រើន ចំពោះ គ​.​ជ​.​ប ដែល​កន្លងមក​ការបោះឆ្នោត​ក្រុមប្រឹក្សា ឃុំ សង្កាត់ បានបង្ហាញ​នូវ​ឆន្ទៈ​ដ៏​មោះមុត​១ ក្នុងការ​ប្ដេជ្ញាចិត្ត​គោរព​សិទ្ធិ​មនុស្ស​។ ពីព្រោះ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Rhona Smith គឺ​ដើម្បី​ពិនិត្យមើល​លើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា ហើយ​បញ្ហា​សិទ្ធិមនុស្ស​នេះ ប្រទេស​កម្ពុជា​ក៏បាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​រប​ស់​ខ្លួន​រួចហើយ​ផងដែរ​។

តាម​លោក ហង្ស ពុទ្ធា នៅក្នុង​ជំនួប​នេះ លោកស្រី រ៉ូ​ណា ស្មី​ត ក៍បាន​សម្ដែង​ការព្រួយបារម្ភ​ខ្លះ​ដែរ ទាក់ទង​នឹង​បញ្ហា ដែល​លោកស្រី​ថា ព្រឹទ្ធសភា​មាន​បក្ស​តែមួយ ហើយ​បញ្ហា​នេះ លោក ហង្ស ពុទ្ធា អះអាង​ថា គ្មាន​នរណា​អាច​ទៅ​កែ​លទ្ធផល​បានទេ​។ ពីព្រោះ គ​.​ជ​.​ប មាន​តួនាទី​រៀបចំ​ការបោះឆ្នោត ដូច្នេះ​ប្រសិនបើ​មាន​សម្លេង​តែមួយ​នៅ​ក្នុង​ព្រឹទ្ធសភា​នោះ គឺជា​ផល​ដែល​ទទួល​បាន​ជាក់ស្ដែង​ពី​ការរៀបចំ​ការបោះឆ្នោត ហើយ​សម្រាប់​ការបោះឆ្នោត​តំណាងរាស្ត្រ​នាពេលខាងមុខ​នេះ គ​.​ជ​.​ប ក៏បាន​ប្ដេជ្ញាចិត្ត រៀបចំ​ការបោះឆ្នោត​នេះ ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ខាង​អង្គការសិទ្ធិមនុស្ស គឺ​លោកស្រី រ៉ូ​ណា ស្មី​ត នេះ​ក៏បាន​សម្ដែង​នូវ​ការ​ជឿជាក់​ផងដែរ ដែល គ​.​ជ​.​ប បាន​គោរព​បាន​នូវ​សិទ្ធិ​នយោបាយ របស់​ប្រជាពលរដ្ឋ​គ្រប់រូប ហើយ​សិទ្ធិ​នយោបាយ គឺ​ស្ថិត​នៅ​ត្រង់​មនុស្ស ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ មាន​សិទ្ធិ​នៅ​ក្នុង​ការចូលរួម​បោះឆ្នោត ហើយ​នៅពេល​បាន​បោះឆ្នោត​ហើយ សន្លឹកឆ្នោត​របស់​ពូក​គាត់​ត្រូវបាន​រាប់​យ៉ាង​ត្រឹមត្រូវ ដើម្បី​បង្ហាញ​ជា​សាធារណជន ហើយ​បេក្ខជន​ត្រូវ​គោរព​ទៅតាម​ច្បាប់​។ មានន័យថា នៅ​ថ្ងៃទី​២៩ ខែមេសា ខាងមុខនេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នឹង​រៀបចំ​ចុះបញ្ជី​គណបក្ស និង​បេក្ខជន ហើយ​គណបក្ស និង​បេក្ខជន ដែល​មានបំណង​ឈរ​ឈ្មោះ ធ្វើការ​ប្រកួតប្រជែង ឲ្យ​តែ​ស្របតាម​ច្បាប់ បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​ត្រឹមត្រូវ នោះ គ​.​ជ​.​ប នឹង​ចុះបញ្ជី​ឲ្យ​ចូលរួម​ប្រកួតប្រជែង​។

ទាក់ទង​បញ្ហា​នេះដែរ សម្រាប់​ការ​បោះឆ្នោតជាតិ​នៅ​ពេល​ខាងមុខ លោក ហង្ស ពុទ្ធា បាន​អះអាង​ថា គ​.​ជ​.​ប មានការ​ប្ដេជ្ញាចិត្ត​យ៉ាងខ្ពស់ នឹង​ខិតខំ​រៀបចំ​ការបោះឆ្នោត​នេះ ឲ្យ​ទទួលបាន​នូវ​ភាព សេរី ត្រឹមត្រូវ និង​យុត្តិធម៌ មាន​ភាពស្មើគ្នា ដែល​គណបក្ស​ចូលរួម​ប្រកួតប្រជែង​ទាំងអស់ អាច​ទទួលយកបាន ស្មើភាព​គ្នា នៅ​ចំពោះមុខ​ច្បាប់ ក្នុង​ការធ្វើសកម្មភាព​ផ្សេងៗ។

តាម​លោក ហង្ស ពុទ្ធា នៅក្នុង​ជំនួប​នោះដែរ លោកស្រី រ៉ូ​ណា ស្មី​ត ក៏បាន​លើក​ជា​សំនួរ​ផងដែរ អំពី​ការ​អ្នកចូលរួម​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ ប៉ុន្តែ គ​.​ជ​.​ប បាន​បញ្ជាក់​ប្រាប់​វិញ​ថា នៅក្នុង​ដំណាក់កាល​នេះ គ​.​ជ​.​ប មិនទាន់​រៀបចំ​ចុះឈ្មោះ​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ​នៅឡើយ​ទេ ប៉ុន្តែ​តាម​សង្កេតមើល សន្ទុះ​នៃ​ការគាំទ្រ​ជា​អន្តរជាតិ​មកដល់ពេលនេះ មាន​សន្ទុះ​យ៉ាងខ្លាំង បើទោះបីជា​ប្រទេសមួយ​ចំនួន​បានប្រកាស​ពី​ការព្យួ​ការគាំទ្រ​ក៏ដោយ ដូច្នេះ​សម្រាប់​ការបោះឆ្នោត​ខាងមុខ យើង​សង្ឃឹមថា និង​មានការ​ចូលរួម​ពី​អ្នកសង្កេតការណ៍​ជាតិ​និង​អន្តរជាតិ​យ៉ាងច្រើន ។ ជាមួយគ្នា​នោះ គ​.​ជ​.​ប ក៏បាន​ស្នើ​ឲ្យ​លោកស្រី រ៉ូ​ណា ស្មី​ត ដាក់​តំណាង ឬ​ការិយាល័យ នៅក្នុង គ​.​ជ​.​ប តែម្ដង ដើម្បី​ពិនិត្យមើល​លើក​ការបោះឆ្នោត​នេះ​។ ពីព្រោះ​សព្វថ្ងៃ​នេះ មាន​តំណាង​ប្រទេស​ចំនួន​ពីរ​ហើយ បានដាក់​ការិយាល័យ​របស់ខ្លួន​នៅ​គ​.​ជ​.​ប​។

ជា​មួយ​នឹង​ការលើកឡើង​ខាងលើនេះ តំណាង​ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​សិទ្ធិ​ជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត បានស្នើ​ឲ្យ គ​.​ជ​.​ប យកចិត្តទុកដាក់​ទៅលើ​ពលករ​ចំណាកស្រុក និង​គណបក្សនយោបាយ​ទាំងអស់ ធ្វើយ៉ាងណា​អោយ​ស្មើភាព​គ្នា ក្នុង​ការ​ធ្វើ​សកម្មភាព និង​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ជាពិសេស​ស្នើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ពង្រឹង​សកម្មភាព​ការងារ​របស់ខ្លួន​បន្ថែ​ម​ទៀត ពីព្រោះ​លោកស្រី​បាន​ទុកចិត្ត​ទាំងស្រុង​ទៅលើ គ​.​ជ​.​ប សម្រាប់​ដំណើរការ​បោះឆ្នោតជាតិ នាពេល​ខាងមុខនេះ​។

ចំណែក​លោកស្រី រ៉ូ​ណា ស្មី​ត ក៏បាន​ថ្លែងប្រាប់​ក្រុម​អ្នក​រាយ​ការ​ណ៍​ព័ត៌មាន​បន្ទាប់ពី​ជំនួប​នោះដែរ​ថា នៅ​ក្នុង​ជំនួប​នោះ​លោក ស៊ិ​ក ប៊ុន​ហុក បាន​រាយការណ៍​អំពី​ការងារ​បច្ចុប្បន្ន​ភាព​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ទាក់ទង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​និង​ការបោះឆ្នោត​ព្រឹទ្ធសភា នា​ពេល​ថ្មីៗ​នេះ និង​ដំណើរការ​បោះឆ្នោតជាតិ​នាពេលខាងមុខ​។ ជាមួយគ្នា​នោះ គ​.​ជ​.​ប បាន​សន្យា​នៅ​ចំពោះ​មុខ​លោកស្រី​ថា ចំពោះ​គណបក្សនយោបាយ​ណា​ដែល​មានបំណង​ចូលរួម​ប្រកួតប្រជែង គ​.​ជ​.​ប នឹង​ធានា​នូវ​ភាពត្រឹមត្រូវ ស្មើភាព​គ្នា ក្នុង​ការធ្វើសកម្មភាព។

លោកស្រី​បញ្ជាក់​ដែរ​ថា ជា​បញ្ហា​មួយ​សំខាន់​ណាស់ ដែល​ប្រទេស​កម្ពុ​ជា​មាន​គណបក្សប្រឆាំង និង​គណបក្ស​ផ្សេងៗ​ទៀត ពីព្រោះ​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា បាន​ធានា​នូវ​របប​ប្រជាធិបតេយ្យ សេរី ពហុបក្ស ហើយ​លោកស្រី​គិត​ថា ប្រសិនបើ​ឈាន​ដល់​ការដឹកនាំ​មួយ​ជា​ឯក​បក្ស ឬ​គណបក្ស​តែមួយ​នោះ ជា​ប្រការ​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ ពីព្រោះ​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា បាន​ចែង និង​ធានា​ឲ្យ​មាន​នូវ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ទៅ​ហើយ​នោះ​ហើយ​លោកស្រី​សង្ឃឹម​ថា គ​.​ជ​.​ប នឹង​អនុវត្ត​ឲ្យ​បាន​នូវ​ច្បាប់ និង​បញ្ញត្តិ​នានា ដែល​ធានា​ពី​របប​ប្រជាធិបតេយ្យ និង​សេរីភាព ពហុបក្ស ធ្វើ​យ៉ាង​ណា​ឲ្យ​គណបក្ស​នយោបាយ បាន​ការ​ធ្វើសកម្មភាព​ដោយ​ស្មើភាព​គ្នា​៕