ព័ត៍មានទាន់​ហេតុការណ៏
Search

សន្តិភាព និង​ការ​អភិវឌ្ឍ​ន៍ លើ​គ្រប់​វិស័យ ជា​គោលនយោបាយ​ស្នូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា

កំពង់ឆ្នាំង ​៖ លោក ញ៉ែម វ៉ា​លី បាន​លើកឡើងថា សន្តិភាព និង​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ជូន​ជាតិ មាតុភូមិ និង​ពលរដ្ឋ គឺជា​គោលនយោបាយ​ស្នូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា បើទោះបីជា​មានការ​រារាំង​ការអភិវឌ្ឍ ​ពី​ជន​អគតិ​មួយ​ចំនួន ដែល​មានបំណង​បំផ្លាញ​នូវ​សន្តិភាព ឬ​បង្កើត​បដិវត្ត​ពណ៌ ផ្តួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់​ក៏ដោយ ក៏​រដ្ឋាភិបាល​សម្រេច​បាន​សមិទ្ធផល​ធំៗ​ជាច្រើន ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​ប្រទេសជាតិ និង​ប្រជាជន​។

លោក ញ៉ែម វ៉ា​លី អនុប្រធាន​អចិន្ត្រៃយ៍ និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា សមាជិក​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង លើកឡើង​បែបនេះ នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​បក្ស នៅ​ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៨​។

មាន​មតិ​សំណេះសំណាល​នៅ​ក្នុង​ឱកាស​នោះ លោក ញ៉ែម វ៉ា​លី បាន​នាំ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​ចៅហ្វា​វាំង គង់ សំអុល អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ខេត្តកំពង់ឆ្នាំង សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស ជាពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក​បាន​សង្កត់ធ្ងន់​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ជម្នះ​គ្រប់​កាលៈទេសៈ និង​បាន​ស្តារ ប្រទេសជាតិ​ឡើងវិញ ចាប់ពី​បាតដៃ​ទទេ រហូត​មានការ​អភិវឌ្ឍន៍​រីកចម្រើន លើ​គ្រប់​វិស័យ ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ បើ​ទោះបី​ជា​មានការ​រារាំង​ការអភិវឌ្ឍន៍ និង​បង្កើត​បដិវត្ត​ពណ៌ បំផ្លាញ​សន្តិភាព​ជាតិ ពី​ជន​អគតិ​មួយ​ចំនួន​ក៏ដោយ ក៏​គណបក្ស​ប្រជាជន​ប្រឹងប្រែង​ទប់ស្កាត់ មិន​ឲ្យ​វិលត្រឡប់​ទៅរក​របប​ឃោរឃៅ ដែល​បានសម្លាប់​មនុស្ស​ស្លូតត្រង់ ជិត​៣​លាន​នាក់ ដូច​ពី​អតីតកាល​នោះទេ ហើយ​គណបក្ស​ប្រជាជន​បាន​ប្តេជ្ញា ដោយ​បន្ត​អនុវត្ត​គោល នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដើម្បី​ធានា​ដល់​សុខ​សុវត្ថិភាព​សង្គម ជាពិសេស​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​។

ជាមួយគ្នា​នោះ លោក ញ៉ែម វ៉ា​លី បាន​អំពាវនាវ​ដល់​សមាជិក​បក្ស​ទាំងអស់ ត្រូវ​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ជូន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ ដើម្បី​គាំទ្រ​បេក្ខភាព សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ធ្វើជា​នាយក រដ្ឋមន្ត្រី​នៅ​អាណត្តិ​ទី​៦​ខាងមុខនេះ និង​នៅ​អាណត្តិ ជា​បន្តបន្ទាប់​ទៀត​។

នៅ​ចុង​បញ្ចប់​នៃ​កម្មវិធី លោក ញ៉ែម វ៉ា​លី និង​ក្រុមការងារ​បាន​ឧបត្ថម្ភ​ជូន​សមាជិក​បក្ស​ចំនួន​៤៨​នាក់ ដែល​ក្នុង​ម្នាក់ៗ​ទទួល​បាន​ឃិត​១​កញ្ចប់ និង​ថវិកា​១​ម៉ឺន​រៀល ដោយឡែក​ឧបត្ថម្ភ​ជូន​គ្រួសារ​ក្រីក្រ​ចំនួន​៥​គ្រួសារ ដែល​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ អំបិល ប៊ីចេង ទឹកត្រី ទឹក ស៊ី​អ៊ីវ ទឹកបរិសុទ្ធ ឃី​ត​១​កញ្ចប់ និង​ថវិកា​៥​ម៉ឺន​រៀល និង​បាន​ឧបត្ថម្ភ​ថវិកា​ជួសជុល​ផ្លូវ​នៅក្នុង​ភូមិ​ត្រាច​៥០​ម៉ឺន​រៀល​។

បន្ទាប់​មក​ទៀត លោក សោម រតនា នាយក​ខុទ្ទកាល័យ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះ​ជួយ​ឃុំ​លង្វែក លោក ញ៉ែម វ៉ា​លី និង​មន្ត្រី​ក្រុមការងារ​ជា​ច្រើន​រូប​ទៀត បាន​អញ្ជើញ​ទៅ​ចូល​បុណ្យ​សព សមាជិក​បក្ស ដែល​បាន​ទទួល​មរណភាព នៅ​ភូមិ​ផ្សារ​ត្រាច​ចំនួន​២០​ម៉ឺន​រៀល និង​បាន​ចុះ​ត្រួតពិនិត្យ​មើលផ្លូវ​១​ខ្សែ ប្រវែង​៣៥០០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ កម្រាស់​០.១៥​ម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ កាត់​តាម​ផ្សារ​ត្រាច​ដល់​ភូមិ​ត្រពាំង​សម្រោង ដែល​កំពុង​ដំណើរការ​ជួសជុល​ជិត​រួចរាល់ ទុកជា​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅក្នុង​មូលដ្ឋាន​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684