ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រាក់​ឈ្នួល​កម្មករ​និយោជិត​នៅ​កម្ពុជា​ ខ្ពស់​ជាង​បណ្តា​ប្រទេស​មួយចំនួន​នៅ​ក្នុង​តំបន់​អាស៊ាន

ភ្នំពេញ ​៖ ​លោក​បណ្ឌិត អ៊ិត សំហេង​ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​មានប្រសាសន៍ថា ​ប្រាក់​ឈ្នួល​កម្មករ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ ​និង ​ស្បែកជើង​នៅ​ប្រទេស​កម្ពុជា​ ទទួល​បាន​ខ្ពស់​ជាង​បណ្តា​ប្រទេស​មួយ​ចំនួន​នៅក្នុង​តំបន់​អាស៊ាន​ ខណៈ​បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​រៀបចំ​ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​ដើម្បី​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​នេះ​ឲ្យ​បាន​ទៀងទាត់ ដើម្បី​ជា​ផលប្រយោជន៍​ដល់​បងប្អូន​កម្មករ​និយោជិត​និង​និយោជក​។

ថ្លែង​ក្នុង​ឱកាស​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ ទិសដៅ​ការងារ​ឆ្នាំ​២០១៨​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​២០១៤-២០១៨​នៅ​ទីស្តីការ​ក្រសួង​លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​សម្រាប់​ឆ្នាំ​២០១៨​នេះ​ កម្មករ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង​ចំនួន​១៧០​ដុល្លារ ​អាមេរិក​ច្រើនជាង​ប្រទេស​បង់​ក្លា​ដេ​ស​ដែល​មាន​ចំនួន ៦៧​ដុល្លារ​, ស្រីលង្កា​ចំនួន ៦៧​ដុល្លារ​, ឥណ្ឌា​៧៧​ដុល្លារ ដល់ ១៤៣​ដុល្លារ​, មី​យ៉ាន់​ម៉ា​ចំនួន ៧៩​ដុល្លារ​,​ឡាវ​ចំនួន ១១០​ដុល្លារ​, ប៉ា​គី​ស្ថាន​ចំនួន ១៣៤​ដុល្លារ​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា​ ប៉ុន្តែ​ទាប​ជាង​ប្រទេស​មួយ​ចំនួន​ដូចជា ឥណ្ឌូនេស៊ី​ចំនួន ៩៩​ដុល្លារ ដល់ ២៤ ៩​ដុល្លារ​, វៀតណាម​ចំនួន ១២១​ដុល្លារ ដល់ ១៧៥​ដុល្លារ​,​និង​ហ្វីលីពីន​ចំនួន ១៣៩​ដុល្លារ ដល់ ២៦៨​ដុល្លារ​។

លោក​បណ្ឌិត​អ៊ិត​ សំហេង ​បាន​បញ្ជាក់​ថា ​រាជរដ្ឋាភិបាល​កម្ពុ​ជា​សម្រាប់​នីតិកាល​ទី​៥ នេះ​បាន​ដាក់​ចេញ​ និង​អនុវត្ត​ដោយ​ជោគជ័យ​នូវ យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​៣ ដើម្បី​កំណើន ការងារ សមធម៌ និង​ប្រសិទ្ធភាព​នៅ​កម្ពុជា ដោយ​ផ្តោត ការ​យក​ចិត្តទុកដាក់​យ៉ាងខ្លាំង​លើ​កំណែទម្រង់​លើ​គ្រប់​វិស័យ​។ សន្តិភាព និង​ស្ថិរភាព​នយោបាយ​ត្រូវបាន​ធានា​រឹងមាំ​ដែលជា​មូលដ្ឋាន​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​។

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ​គោលនយោបាយ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​ឲ្យ​កម្ពុជា​សម្រេចបាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​កន្លងទៅ បានប្រែក្លាយ​ចំណូល​ប្រជាជន​ម្នាក់ៗ កើនឡើង​៥.២​ដង ពី​ប្រមាណ​២៥០​ដុល្លារ​ក្នុង​មួយឆ្នាំ នៅ​ឆ្នាំ​១៩៩៨ ដល់ ១៣០០​ដុល្លារ​ក្នុង​មួយឆ្នាំ​នៅ​ឆ្នាំ​២០១៦​។ អត្រា​ភាពក្រីក្រ​ត្រូវបាន​កាត់បន្ថយ​១០០% នៅ​ឆ្នាំ​១៩៧៩ និង​មក​នៅត្រឹម​១៣,៤% នៅ​ឆ្នាំ​២០១៤​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា ​លទ្ធផល​ជា​វិជ្ជមាន​នៃ​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​នេះហើយ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ពី​ប្រទេស ដែលមាន​ចំណូល​កម្រិត​ទាប មក​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប និង​កំពុង​ឈាន​ទៅជា ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ទៅជា​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ​២០៥០។

ក្នុង​នោះ​កម្ពុជា​បាន​បង្កើត​ការងារ​ថ្មី​សរុប​ចំនួន ៤,៨ លាន​នាក់​មាន​កម្មករ​និយោជិត​ជាង ៣,៦​លាន​នាក់ ក្នុងនោះ ផ្នែក​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ចំនួន​ជាង ១,៤​លាន​នាក់ និង​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ប្រមាណ ២,៤​លាន​នាក់​។ ឆ្នាំ​២០១៨ នេះ សហគ្រាស គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ដែល​បាន​ចុះបញ្ជី​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សរុប​មាន​ចំនួន ១២.២៨៧​គ្រឹះស្ថាន កើន​ចំនួន​១០.០២% និង​មាន​កម្មករនិយោជិត​សរុប​ចំនួន ១.៤៣៧.៧៩៤​នាក់ កើន​ចំនួន ២១.១១% (​ស្រី ៨២០.៧៨៧​នាក់​) ធៀប​នឹង​ឆ្នាំ​២០១៦ ដោយបាន​ទទួល​ប្រាក់​ឈ្នួល​ជា​មធ្យម​ប្រមាណ​ជាង ២​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​។

ចំណែក​សហគ្រាស គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​សរុប​មាន​ចំនួន ៥៦៩.៦៨៨ មាន​កម្មករ​ចំនួន​ជាង ២,៤​លាន​នាក់ ក្នុង​នោះ​គិត​ត្រឹម​ខែមករា ឆ្នាំ​២០១៨ នេះ សហគ្រាស​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន​ចំនួន ២២.០៦៧ មាន​កម្មករ និយោ​ជិត​ចំនួន ១៨៧.៩០៩​នាក់ បាន​ចុះបញ្ជី​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ បាន​ដើរតួនាទី​យ៉ាងសកម្ម​ក្នុងការ​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក​រវាង​សេដ្ឋកិច្ច ក្នុង​ប្រព័ន្ធ ហើយ​និង​បាន​រួម​វិភាគ ទាន​យ៉ាង​ធំ​ក្នុង​សេដ្ឋកិច្ច​ជាតិប្រមាណ ៦​ពាន់​លាន​ដុល្លារ ក្នុង​មួយឆ្នាំ។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​វិស័យ​វាយនភណ្ឌ​កាត់ដេរ ក្នុង​រយៈពេល ២០​ឆ្នាំ ពី​ឆ្នាំ​១៩៩៧ រហូតដល់​ឆ្នាំ​២០១៧ នេះ រោងចក្រ សហគ្រាស គ្រឹះស្ថាន បាន​កើនឡើង​ពី​ចំនួន​ប្រមាណ ៦៤ នៅ​ឆ្នាំ​១៩៩៧ តម្លៃ​នាំចេញ​ជាង ២០០​លាន​ដុល្លារ និង​មាន​កម្មករនិយោជិត​ប្រមាណ​ជាង ៨​ម៉ឺន​នាក់ រហូតដល់​ឆ្នាំ​២០១៧ រោងចក្រ​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​មាន​ចំនួន ១.១៥៤ គ្រឹះស្ថាន កើនឡើង ៤.២៥% និង​មាន​កម្មករនិយោជិត​ចំនួន​ជាង ៧៧​ម៉ឺន​នាក់ កើនឡើង ៤.៤២% (​ស្រី​ជិត ៦៤​ម៉ឺន​នាក់​) ធៀប​នឹង​ឆ្នាំ​២០១៦ តម្លៃ​សរុប​នៃ​ការនាំចេញ​ផលិតផល​ផ្នែក​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត ស្បែកជើង​ឆ្នាំ​២០១៧ មាន​ចំនួន​ប្រមាណ​ជាង ៧,៦​ពាន់​លាន​ដុល្លារ​អាមេរិក​។ កម្ពុជា​បានក្លាយ​ជា​ប្រទេស​នាំមុខ​មួយ​ក្នុង​ការនាំចេញ​ផលិតផល​កាត់ដេរ នៅលើ​ទីផ្សារ​ពិភពលោក​។

គួរ​បញ្ជាក់​ថា ​ចាប់ពី​ឆ្នាំ​២០០០ រាជរដ្ឋាភិបាល​បាន​បង្កើត​យន្តការ​ត្រីភាគី​ដើម្បី​ចរចា​បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា​ សម្រាប់​កម្មក​រ​និយោជិត ជា​បន្តបន្ទាប់ យើង​បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ១៣​លើក ចាប់ពី​ប្រាក់​ឈ្នួល​អប្បបរមា​មាន​ចំនួន​៣០​ដុល្លារ​ក្នុង​មួយខែ កើន​ដល់​ចំនួន​១៧០​ដុ​លា្ល​រ​អាមេរិក​ក្នុង​មួយខែ​ក្នុង​ឆ្នាំ​២០១៨ នេះ រួម​នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទទួលបាន​ពី​១៨៧​ដុល្លារ ទៅ​១៩៨​ដុល្លារ​ក្នុង​មួយខែ បើ​គិត​ទាំង​ប្រាក់​ការងារ​បន្ថែម​ម៉ោង និង​ប្រាក់រង្វាន់​ផ្សេងៗ​ទៀត​អាច​ទទួលបាន​ពី ២២០​ដុល្លារ​ឡើង​ទៅ​ក្នុង​មួយ​ខែ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684