ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន ៖ ជប៉ុន​ជា​ប្រទេស​ដែល​ផ្តល់ជំនួយ​ច្រើនជាង​គេ​ឲ្យ​កម្ពុជា

ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​ដូច្នេះ​កាលពី​ព្រឹក​ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៨​នេះ ក្នុងឱកាស​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កំណាត់​ផ្លូវជាតិ​លេខ​១ ប្រវែង ៤ គីឡូម៉ែត្រ​ដែល​ជា​កំណាត់​ផ្លូវ​ចុងក្រោយ​ចំណាយ​អស់​ថវិកា​រហូត​ជាង ២៣ លាន​ដុល្លារ​អាមេរិក​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ប្រសាសន៍​នៅ​ក្នុង​ពិធី​នោះ​ថា ការ​បញ្ចប់​ការសាងសង់​ផ្លូវជាតិ​លេខ ១ គឺជា​ការ​បញ្ចប់​នូវ​បាបកម្ម​សម្រាប់​សម្តេច​។ សម្តេច​បាន​បន្តថា​ ការ​បញ្ចប់​ការសាងសង់ ផ្លូវជាតិ​លេខ​១ នេះ​មានតម្លៃ​ស្ទើរ​ស្មើនឹង​ការ​ពី​ឆ្នាំ ១៩៩៦ យើង​យកបាន​តំបន់​ឱរ៉ាល់ តាមរយៈ​ការ​ធ្វើ សមាហរណកម្ម​នៃ​កម្លាំង​ខ្មែរក្រហម នៃ​កងពល​លេខ ១៨​។ សម្តេច​បាន​បន្ត​ថា ហេតុអ្វី​សម្តេច​និយាយ បែបនេះ​ព្រោះថា​ គ្មាន​រដ្ឋមន្ត្រី​សាធារណការ​ណាមួយ ឬ ចៅហ្វាយក្រុង ចៅហ្វាយ​ខេត្តកណ្តាល គេច​ផុត​ពី​ការ​ស្តីបន្ទោស​របស់​សម្តេច​នោះទេ​សម្រាប់​ផ្លូវជាតិ​លេខ​១ នេះ។

រហូត​មានការ​ប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​លើ​ឡានក្រុង​ទៀត​ផង ដោយសារតែ​មិន​មាន​ការ​ជួសជុល​ផ្លូវ​នេះ​ឲ្យ​បានល្អ ខូចខាត​តិចតួច​មិន​នាំគ្នា​ធ្វើ​ទេ គឺ​ទុក​ឲ្យ​ខូច​ធំ​ទើប​នាំគ្នា​ធ្វើ ឬ មួយ​រង់ចាំ​ជំនួយ​បរទេស​ដើម្បី​ស្តារ​ផ្លូវ​នេះ។ ថ្ងៃនេះ​បាន​បញ្ចប់​បាបកម្ម​នេះ​ហើយៗ​អ្នក​ជួយ​សម្តេច​គឺ​ជប៉ុន ដែល​បានធ្វើ​ឲ្យ​ផ្លូវ​នេះ​ក្លាយទៅជា​ផ្លូវ​ហាយ​វេ​របស់​អាស៊ាន ពិតប្រាកដ​ហើយ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ​ផ្លូវ​នេះ​គឺជា​ផ្លូវ​មាន​សារៈសំខាន់​ណាស់​មិនមែន​គ្រាន់តែ​ជា​បញ្ហា​ដាច់ដោយឡែក​របស់​កម្ពុ​ជា​ប៉ុណ្ណោះ​ទេ​តែ​វា​បាន​ត​ភ្ជាប់​ទៅ​ប្រទេស​ថៃ ទៅ​ប្រទេស​វៀតណាម ឬ ហៅថា​របៀង​ខាងត្បូង​ដែល​រត់​កាត់​តំបន់​ទំនាប​នៃ​មហា​អនុ​តំបន់​មេគង្គ (GMS) (​បាងកក​-​ភ្នំពេញ​-​វង់​តាវ​) ដែល​នឹង​ផ្តល់​សារៈសំខាន់​យ៉ាងខ្លាំង ក្នុងការ​បម្រើ​ឲ្យ​កិច្ច​សហប្រតិបត្តិការ ​ការ​ប្រកួតប្រជែង ការ​រួម​គ្នា​រស់នៅ​ជា​សហគមន៍ ការ​តភ្ជាប់ ការ​ធ្វើ សមាហរណកម្ម​តំបន់ និង​សកលភាវូបនីយកម្ម ពិសេស​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន ការផ្គត់ផ្គង់​ភស្តុភារ លំហូរ​ពាណិជ្ជកម្ម និង​ទេសចរ​ជាតិ​-​អន្តរជាតិ ដែល​ឆ្លងកាត់​តាម​ច្រកទ្វារ អន្តរជាតិ​នានា របស់​កម្ពុជា​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា ជប៉ុន​បានជ្រើសរើស​យក​នូវ​អាទិភាព​នៃ​ផ្លូវ​សំខាន់ៗ ដែលមាន​ការ​ភ្ជាប់​ក្នុង​បណ្តាញ​គមនាគមន៍​ដឹកជញ្ជូន​នៅ​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង ការតភ្ជាប់​នៅក្នុង​ប្រទេស​កម្ពុជា​។

នៅក្នុង​ឱកាស​នោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ប្រកាស​ថា កម្ពុជា​មានលទ្ធភាព និង សមត្ថភាព​កសាង​ស្ពាន​ឆ្លងទន្លេ​ដោយ​ខ្លួនឯង​ហើយ ដោយ​ថ្ងៃស្អែក​សម្តេច​នឹង​អញ្ជើញ​ទៅ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​ឆ្លងកាត់​ដៃទន្លេ​ដែលមាន​ប្រវែង​ជាង ៧០០ ម៉ែត្រ​ទៅកាន់​កោះ​ប៉ែន ក្នុង​ខេត្តកំពង់ចាម ដែល​កសាងឡើង​ដោយ​កងវិស្វកម្ម​ក្រសួង​ការពារជាតិ​ដែលជា​សមត្ថភាព​របស់​កម្ពុជា លុយ​របស់​កម្ពុជា ឈាម​របស់​កម្ពុជា​។ សម្តេច​បន្តថា​ ទៅ​ពេល​ខាងមុខ​កម្ពុជា​ត្រូវខិតខំ​សន្សំ​ប្រាក់​ដើម្បី​សាងសង់​ស្ពាន​ផ្លូវ ដែលមាន​តម្លៃ​ត្រឹម ១៥ លាន ទៅ ២០ លាន​ដុល្លារ​ដោយ​ខ្លួន​ឯង​បាន​ហើយ​។ សម្តេច​បាន​បន្តថា​ ដូនតា​របស់​យើង​កសាង​ប្រាសាទអង្គរវត្ត​បាន ដូចនេះ​យើង​ជា​កូនចៅ​ក៏ត្រូវ​តែ​មាន​សមត្ថភាព​ក្នុងការ​សាងសង់​ស្ពាន​ដោយ​ខ្លួនឯង​បានដែរ​។

នៅក្នុង​ឱកាស​នោះ​ប្រមុខ​រាជរដ្ឋាភិបាល​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវតែ​នាំគ្នា​គោរព​ច្បាប់​ចរាចរណ៍ ដោយ​សម្តេច​បាន​លើក​ឡើង​ថា ​នៅ​ពេល​ដែល​មាន​ផ្លូវ​ស្ពាន​កាន់តែ​ស្អាត យើង​គួរតែមាន​សេចក្តី​សុខ​សប្បាយ តែ​វា​បែរ​ជាមាន​អ្នកស្លាប់​កាន់តែច្រើន​អំពី​គ្រោះថ្នាក់​ចរាចរណ៍​។

ក្នុង​ន័យ​នេះ ​សម្តេច​បាន​ស្នើ​ឲ្យ​ប្រជាជន​កុំ​បើកបរ​លើស​ល្បឿន​កំណត់ ,​កុំ​បើកបរ​ក្នុង​ភាពស្រវឹង​,​កុំ​ដឹក​លើស​ទម្ងន់​,​សុំ​ពាក់​មួយ​សុវត្ថិភាព​។ សម្តេច​បន្តថា​ អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ច្រើនជាង​កាលពី​សម័យ​សង្គ្រាម​ទៅទៀត គឺ​មួយថ្ងៃ​មាន​រហូត​ជាង ១០ នាក់​ទាំង​ស្លាប់​និង​របួស ដែល​បង្កើត​ឡើង​នូវ​សោកនាដកម្ម​សម្រាប់​ក្រុម​គ្រួសារ​។

ជា​មួយ​គ្នា​នេះ​ប្រមុខ​រដ្ឋាភិបាល​ក៏បាន​បញ្ជា​ឲ្យ​បន្ត​អនុវត្ត​ការ​កាត់​ទ្រុង​ឡាន​ដែល​ខុស​បច្ចេកទេស​បន្ត​ទៀត ត្រូវ​ធ្វើ​ជាប្រចាំ​មិនត្រូវ​ឲ្យ​មាននៅ​លើផ្លូវ​ទេ ត្រូវ​បិទ​ទាំង​កន្លែង​ធ្វើ​ទ្រុង​ឡាន​នោះ​ផងដែរ​។ មិនមែន​ធ្វើ​តែ​ពេល​នាយករដ្ឋមន្ត្រី​និយាយ​នោះទេ​។ ច្បាប់​កំណត់​ត្រឹមតែ ១៦ ម៉ែត្រ​ដូចនេះ​មិន​ត្រូវ​ឲ្យ​លើស​ទេ​។ រាជរដ្ឋាភិបាល​ខិតខំ​រក​ជំនួយ​សម្រាប់​សាងសង់​ផ្លូវ​ស្ពាន ដូចនេះ​មិន​គួរ​ឲ្យ​មានការ​ដឹក​លើស​ទំងន់​មក​បំផ្លាញ​ផ្លូវ​ស្ពាន​ទាំងអស់​នោះទេ។

​ជា​មួយ​នេះ​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​នៅតែ​ថ្លែង​រិះគន់ ចំពោះ​អ្នក​ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍​ជាក់​ស្តែង​នៅ​វិមានឯករាជ្យ​ទោះបី​ប៉ូលិស​ចាប់​យ៉ាងណា​ក៏​នៅតែមាន​អ្នក​ជិះ​បញ្ច្រាស​ទិស​ដដែល​។ ដូចនេះ​វិធាន​ការបន្ត​ត្រូវធ្វើ​ការពិន័យ​ឲ្យ​ធ្ងន់ធ្ងរ​ជាង​នេះ​បន្តិច​ដើម្បី​ឲ្យ​មានការ​រាងចាល​សោះ​។ សម្តេច​តេ​ជោ​បាន​រំលឹក​ថា ​កន្លងមក​កាសែត​រស្មី​កម្ពុជា បាន​លើក​ជា​សំណួរ​ថា (​តើ​អ្នក​សាងសង់​វិមានឯករាជ្យ​ខុស ឬ អ្នកបើកបរ​ខុស​) ព្រោះ​នៅ​ពេល​ស្រវឹង​វា​ជិះ​បុក​វិមានឯករាជ្យ​តែ​ម្តង។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ជម្រាប​ជូន​លោក​ទូត​អាមេរិក​ថា ​នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​យានយន្ត​រហូតដល់ ៣,៥ លាន​គ្រឿង​។ ក្នុងចំណោម​យានយន្ត​៣,៥ លាន​គ្រឿង​នេះ​យានយន្ត​ជប៉ុន​មាន​ប្រមាណ ៣ លាន​គ្រឿង​ហើយ។ សម្តេច​បាន​បន្ត​ថា ​ចរិត​របស់​ខ្មែរ​គឺ​ខុសគេ​ពិបាក​កែ​ទម្លាប់​ណាស់ បើ​ម៉ូតូ ឡាន វិទ្យុ ទូរទស្សន៍ ខ្មែរ​ប្រើ​របស់​ជប៉ុន​។ ដល់​ថ្នាំពេទ្យ​គាត់​ប្រើ​ថ្នាំ​របស់​បារាំង ចំណែក នាឡិកា​វិញ​គាត់​ប្រើ​របស់​ស្វី​ស នេះ​ជា​ចរិត​របស់​ខ្មែរ​។ សម្តេច​បន្ត​ឲ្យ​ដឹង​ថា​ ក្នុង​មួយ​ខែៗ​ម៉ូតូ ហុងដា របស់​ជប៉ុន​លក់​បាន​ប្រមាណ​ជាង ២ ម៉ឺន​គ្រឿង​។ សម្តេច​បាន​បន្ត​ទៀត​ថា​កាលពីមុន​ប្រជាពលរដ្ឋ​កម្ពុជា​លក់​ដី​ទិញ​ដែរ តែ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ​លក់​កសិផល​ដើម្បី​ទិញ​ឡាន និង ម៉ូតូ ដែល​នេះ​ជា​ការ​បង្ហាញ​អំពី​ការរីកចំរើន​របស់​ក​ម្ពុ​ជា​ដែល​ប្រជាពលរដ្ឋ​មាន​ប្រាក់ចំណូល​កាន់តែ​ច្រើនឡើង។

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ថ្លែង​បង្ហាញ​អំពី​តម្លាភាព​នៃ​ការប្រើប្រាស់​ជំនួយ​របស់​ប្រទេស ជប៉ុន​ផង​ដែរ​ថា រាល់​ជំនួយ​របស់​ជប៉ុន​គឺ​ជប៉ុន​ដេញ​ថ្លៃ​នៅ​ជប៉ុន ហើយ​ក្រុមហ៊ុន​ជប៉ុន​ជា​អ្នក​សាងសង់​។ ចំណែក​សម្តេច​មាន​កាតព្វកិច្ច​គ្រាន់តែ​មក​បើ​ការដ្ឋាន​សាងសង់ និង ទទួលយក​សមិទ្ធផល​ដែល​សាងសង់​រួច តែប៉ុណ្ណោះ​។ ដូចនេះ​ត្រូវ​យល់​ឲ្យ​បាន​ច្បាស់​រាជរដ្ឋាភិបាល​មិនបាន​ពុករលួយ​ទៅលើ​ប្រាក់​ជំនួយ​របស់​បរទេស​ទេ​។

គួរ​បញ្ជាក់​ថា ​គម្រោង​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​១ ដំណាក់កាល​ទី​៤ មាន​ប្រវែង​សរុប ៤​គីឡូម៉ែត្រ​គត់​គិត​ចាប់ពី​ទីប្រជុំជន​ត្រង់​ចំណុច​គល់ស្ពាន​ព្រះមុនីវង្ស​ត្រើយ​ខាងកើត​ដល់​គី​ឡូម៉ែត្រ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

​កំណាត់​ផ្លូវ​ដែល​សាងសង់​ឡើង​ ដោយមាន​គុណភាព​ខ្ពស់​បំផុត​។ ក្នុង​នោះ​គ្រឹះ​ផ្លូវ​មាន​កម្រាស់​រហូតដល់ ៦៥​សង់ទីម៉ែត្រ និង​ស្រទាប់​ខាងលើ ចាក់​បេតុង​កៅស៊ូ (AC) កម្រាស់ ២០​សង់ទីម៉ែត្រ ដែល​ធ្វើ​ឲ្យ​កំណាត់​ផ្លូវ​នេះ មាន​កម្រាស់​បេតុង​កៅស៊ូ​ក្រាស់​ជាងគេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ លើស​ពី​នោះ​កំណាត់​ផ្លូវ​នេះ​មាន​ទទឹង​ចាប់ពី ២៥​ម៉ែត្រ រហូតដល់ ៣៩​ម៉ែត្រ ក្នុង​នោះ មាន ៤​គន្លង​សម្រាប់​រថយន្ត (២​ទៅ​, ២​មក​) ២​គន្លង សម្រាប់​ម៉ូតូ (១​ទៅ​, ១​មក​) និង​ចិញ្ចើមផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង​ចាប់ពី ១​ម៉ែត្រ រហូតដល់ ៨,៥០​ម៉ែត្រ ដែលមាន​បង្កប់​លូ​មូល​នៅ​ខាងក្រោម​ផងដែរ ដើម្បី​រំដោះ​ទឹក កុំ​ឲ្យ​លិច​ផ្លូវ ជាពិសេស នា​រដូវវស្សា​។ កំណាត់​ផ្លូវ​នេះ​ចំណាយ​ថវិកា​ជាង ២៣​លាន​ដុល្លារ​អាមេរិក​។ ក្នុងនោះ​ថវិកា​ប្រមាណ​ជា ១៦​លាន​ដុល្លារ​អាមេរិក ជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន និង​ថវិកា ៧,៨៧​លាន​ដុល្លារ​អាមេរិក ជា​ថវិកា​បដិភាគ​របស់​រាជ​រដ្ឋាភិបាល​កម្ពុ​ជា សម្រាប់​ដោះស្រាយ​គោលនយោបាយ និង​ផលប៉ះពាល់​។

កំណាត់​ផ្លូវ​នេះ​ មិន​ត្រឹមតែ​អាច​សម្រួល​ដល់​ការ​កកស្ទះ​ចរាចរណ៍​ដែល​ធ្លាប់​កើតមាន​កន្លងមក​ជារឿយៗ​ជាពិសេស​នៅ​រាល់ថ្ងៃ​ឈប់សម្រាក​និង​ថ្ងៃបុណ្យ​ធំៗ​ប៉ុណ្ណោះ​ទេ​ថែមទាំង​បង្កើន​សមត្ថភាព​ដឹកជញ្ជូន និង​បង្កលក្ខណៈ​សម្បត្តិ​បន្ថែម​សម្រាប់​ការពង្រីក និង​អភិវឌ្ឍ​រាជធានី​ភ្នំពេញ ពិសេស​តំបន់​ជ្រោយ​អំពិល កៀនស្វាយ គគីរ និង​ប្រែក្លាយ​តំបន់​តាម​សងខាង ផ្លូវ និង​តំបន់​ជុំវិញ​កំពង់ផែ​ភ្នំពេញ ឲ្យ​ទៅ​ជា​តំបន់​ឡូ​ជី​ស្ទីក​ដ៏​ល្អប្រសើរ​ជំរុញ​ចលនា​ដឹកជញ្ជូន​និង​រួមចំណែក​យ៉ាង​ធំធេង​ផ្នែក​សេដ្ឋកិច្ច​-​សង្គមកិច្ច សម្រាប់​បណ្តា​ខេត្ត​ភាគ​ខាងកើត មាន​ខេត្តកណ្តាល ព្រៃវែង និង​ស្វាយរៀង ឲ្យ​កាន់តែ​ប្រសើរ​៕