ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ដ្រី​សុខាភិបាល​ជំរុញ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​មក​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់

ភ្នំពេញ ​៖ ​លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង​រដ្ឋ​មន្ដ្រីក្រសួង​សុខាភិបាល​បាន​ជំរុញ​ឲ្យ​ស្ដ្រី​មាន​ផ្ទៃពោះ ត្រូវ​មក​ពិនិត្យ​សុខ​ភាព​ឲ្យ​បាន​ទៀងទាត់ និង​អនុវត្ដន៍​ទៅ​ការណែនាំ​របស់​គ្រូពេទ្យ​ដើម្បី​ឲ្យ​មាតា​និង​ទារក​ក្នុង​ផ្ទៃ​ទទួលបាន​នូវ​សុខ​ភាព​ល្អ​។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​បែបនេះ​ កាល​ពី​ពេល​ថ្មីៗ​នេះ​ខណៈ​លោក​ដឹកនាំ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ដ ចុះ​ជួយ​សង្កាត់​ទឹកថ្លា ចុះមក​ពិនិត្យ និង​ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នៅ​ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា​រាជធានី​ភ្នំពេញ។

លោក​សាស្ដ្រាចារ្យ​ ម៉ម ​ប៊ុនហេង ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវ​ចូល​រួម​ចំណែក អនុវត្ដន៍​វិធានការ ដើម្បី​ការពារ​ពី​ជំងឺគ្រុនឈាម ដែល​នឹង​មានការ​ផ្ទុះឡើង​នឹង​រាតត្បាត​នៅ​ឆ្នាំ​២០១៨​នេះ ដែល​កើតមាន​នៅ​លើ​មនុស្ស​គ្រប់​វ័យ តាមរយៈ​ចំលង​ដោយ​មូស​ខ្លា ត្រូវ​អនុវត្ដន៍ ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ដែល​បាន​ចុះទៅ​អប់រំ ដល់​គេហដ្ឋាន សាលារៀន ទីប្រជុំ​ផ្សេង​ផ្សេង ពិសេស​សារ​អប់រំ​សុខភាព ដែល​មាន​បិទ​បង្ហាញ​តាម​គ្រឹះស្ថាន​សុខាភិបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង ដូចជា​វេ​ប​សាយ វិទ្យុ ទូរទស្សន៍ កាសែត​ជាដើម​។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែង​ទៀតថា «​ប្រជាពលរដ្ឋ​យើង ត្រូវ​លុបបំបាត់ចោល នូវ​រាល់​វត្ថុ​ដក់​ទឹក ដែល​មិន​ប្រើប្រាស់ ដូចជា សំបក​កង់ឡាន កង់​ម៉ូតូ​សំបក​កំប៉ុង ធុង ក្រឡ ពាង អាង សំបក​ដប សំបក​ដូង និង​វត្ថុ​អាច​ដក់​ទឹក​ដទៃទៀត ដែល​នៅ​ជុំវិញ​បរិវេណ​ផ្ទះ​របស់​លោកអ្នក​ត្រូវ​លាង​សម្អាត​សម្ភារៈ ឬ​វត្ថុ​ប្រើប្រាស់​ផ្សេងៗ សម្រាប់​ស្ដុក​ទឹក ដាក់​ថ្នាំ​អា​បែ​ត ត្រី​ប្រាំពីរ​ពណ៌ ឬ​គ្រប​ឲ្យ​បាន​ត្រឹមត្រូវ​នូវ ពាង អាងទឹក​ជាដើម​»​។

ជា​មួយ​គ្នា​នេះដែរ ​ដើម្បី​កំ​ចាត់​មូស​ខ្លា​លោក​សាស្ត្រាចារ្យ​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ឲ្យ​មាន​ពន្លឺ​ថ្ងៃ ចូល​ក្នុង​ផ្ទះ​បាន​ល្អ លុបបំបាត់ កំប៉ូត​ព្រៃ​ស៊ុបទ្រុប​ជុំវិញ​ផ្ទះ ត្រូវ​ការពារ​ខ្លួន ក្នុង​ការ​ខាំ​ចម្លង​របស់​មូស​ខ្លា​ញី​តាមរយៈ​ដេក​ក្នុង​មុង (​ទាំង​ថ្ងៃ​យប់​) ស្លៀកពាក់​ខោអាវ​វែង មិនត្រូវ​អង្គុយ ឬ​សម្រាក​នៅ​កន្លែង ដែល​មិនមាន​ពន្លឺ​គ្រប់គ្រាន់​ឡើយ​។

ទន្ទឹម​នឹង​នេះ​ លោក​សាស្ត្រាចារ្យ​ម៉ម​ ប៊ុនហេង ​ក៏បាន​ជំរុញ​ដល់​ក្រុម​គ្រូពេទ្យ​ទាំងអស់​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ក្រមសីលធម៌ វិជ្ជាជីវៈ​និង​ត្រូវ​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត​ដើម្បី​ពិនិត្យ​ព្យាបាល​សុខភាព​ជូន​ប្រជាពលរដ្ឋ ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​បាន​ទាន់ពេលវេលា។

ការ​ចុះពិនិត្យ​ព្យាបាល​ជំងឺ​ជួន​ប្រជាពលរដ្ឋ​នេះ ក្រុម​គ្រូពេទ្យ​ចុះ​ពិនិត្យ​ព្យាបាល ជំងឺ​មួយ​ចំនួន​ដូចជា ជំងឺ​ទូទៅ ជំងឺ​សើស្បែក ជំងឺ​ត្រចៀក ច្រមុះ បំពង់ក ភ្នែក ជំងឺ​មាត់​ធ្មេញ និង​ចែក​វែ​នតា ផងដែរ​។

លោក​សាស្ត្រាចារ្យ​ម៉ម ​ប៊ុនហេង ​បាន​បន្ត​ថា ​គោលបំណង​ក្នុង​ការ​ចុះមក​ពិនិត្យ​ព្យាបាល​ជួន​ប្រជាពលរដ្ឋ​នា​ពេល​នេះ​ ដើម្បី​បង្ខិត​សេវា​ព្យាបាល​ឲ្យ​កាន់តែ​ជិត​ជាមួយ​ប្រជាពលរដ្ឋ​ហើយក៏​ដើម្បី​ចូលរួម​ចំណែក​កាត់បន្ថយ​ការ​លំបាក​ និង ​ការ​ចំណាយ​របស់​ពួកគាត់​ផង​ដែរ​ពិសេស​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ វ័យចាស់​ជរា ស្ត្រី​មេម៉ាយ​ជាដើម។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា ​«ការ​ចុះ​ព្យាបាល​ជួន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នេះ​គឺជា​គោ​លន​យោបាយ​ របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​យកចិត្តទុកដាក់​ចំពោះ​សុខភាព​ប្រជាពលរដ្ឋ​យើង ដើម្បី​ផ្ដល់​នូវ​ភាព​ងាយស្រួល ដល់​ប្រជាជន​កាន់​តែ​ច្រើន ក្នុងការ​ការពារ​សុខ​ភាព ឲ្យ​បាន​កាន់តែ​ប្រសើរ ដូច្នេះ​សូម​មក​ទទួលយក​នូវ​សេវា​កម្មនេះ ឲ្យ​បាន​គ្រប់ៗ​គ្នា ពិសេស​យើង​នឹង​ខិតខំ​ប្រឹងប្រែង​បន្ដទៀត ដើម្បី​បម្រើ​សេវាកម្ម ជូន​ដល់​ប្រជាពលរដ្ឋ យើង​ឲ្យ​បាន​កាន់តែ​ល្អ​ថែមទៀត ពេលដែល​យើង​មក​ពិនិត្យ​ព្យាបាល​នៅក្រោយ​ទៀត​» ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684