ព័ត៍មានទាន់​ហេតុការណ៏
Search

រាជរដ្ឋាភិបាល​ផ្តល់ប្រាក់​ឧ​បត្ថម្ភ​ដល់​មន្ត្រីរាជការ​កងក​ម្លាំ​ង​ប្រដាប់អាវុធ​ម្នាក់ ៥ ម៉ឺន​រៀល​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ

ភ្នំពេញ​ ៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុ​ជានា​ថ្ងៃទី​១២ ខែមីនា នេះ បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​មួយ​ស្តីពី​ការ​ផ្តល់ប្រាក់​ឧបត្ថម្ភ​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធ​ស័ក ពុទ្ធសករាជ​២៥៦១ និង អនុក្រឹត្យ​ចំនួន ៤ ទៀត​ដែល​ពាក់ព័ន្ធ​ទៅលើ​ការ​ដំឡើង​ប្រាក់បៀវត្សរ៍​ដល់​កងកម្លាំងប្រដាប់អាវុធ មាន​កងទ័ព និង​ប៉ូលិស ,​មន្ត្រីរាជការ​ស៊ីវិល ,​ក្រុមប្រឹក្សា​រាជធានី ខេត្ត ,​ស្រុក​ខណ្ឌ​,​ឃុំ​សង្កាត់ និង ភូមិ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹង​បែបនេះ​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កំណាត់​ផ្លូវជាតិ​លេខ​១ ប្រវែង​៤ គីឡូម៉ែត្រ នា​ព្រឹក​ថ្ងៃទី ១៣ ខែ​មីនា​នេះ​នៅ​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ម្សិលមិញ (​ថ្ងៃទី ១២ មីនា )​សម្តេច​បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​ចំនួន ៥ ក្នុងនោះ​ទី​១.​អនុក្រឹត្យ​ដំឡើង​បៀវត្សរ៍​ឲ្យ​កងទ័ព។ ទី​២.​អនុក្រឹត្យ​ដំឡើង​បៀវត្ស​រ៍​ឲ្យ​មន្ត្រី​នគរបាលជាតិ។ ទី​៣.​អនុក្រឹត្យ​ដំឡើង​បៀវត្ស​រ៍​ឲ្យ​មន្ត្រីរាជការ​ស៊ីវិល (​មួយឆ្នាំ​ឡើង​ពីរ​ដង គឺ ម្តង​ឡើង​ប្រាក់​បំណាក់ និង ប្រាក់ខែ​ដែល​ពាក់ព័ន្ធ​ទៅលើ​ការ​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ កងកម្លាំង​ប្រដាប់ អាវុធ។ ទី​៤.​អនុក្រឹត្យ​បញ្ចេញ​លុយ​ឧបត្ថម្ភ​ដល់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ និង ទី ៥ .​គឺ​អនុក្រឹត្យ​ស្តីពី​ការ​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រី​ក្រុមប្រឹក្សា​រាជធានី ខេត្ត ,​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ​,​ក្រុមប្រឹក្សាឃុំ​សង្កាត់ និង ភូមិ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានធ្វើការ​បញ្ជាក់ថា ​កា​រដំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​នៅពេលនេះ​មិនមែន​ទៅ​ខ្ចី​បរទេស ឬ ប្រើប្រាស់​ជំនួយ​បរទេស ដើម្បី​​ដំឡើង​ប្រាក់ខែ​នោះទេ ។ ក្នុង​រយៈ​ពេលដែល​សម្តេច​ធ្វើជា​រដ្ឋមន្ត្រីការបរទេស ឧបនាយករដ្ឋមន្ត្រី និង ជា​នាយករដ្ឋមន្ត្រី រយៈពេល​ជាង ៣៩ ឆ្នាំកន្លងមក​នេះ​គឺ​មិនបាន​ខ្ចីបុល​លុយ​បរទេស​មក​ដំឡើង​ប្រាក់ខែ ឬ ប្រើប្រាស់​ជំនួយ​បរទេស​មក​ដំឡើង​ប្រាក់ខែ​នោះទេ សុំ​ផ្តល់នូវ​សច្ច​ធ​ម៌​សម្រាប់​បញ្ហា​នេះ។ ជា​មួយ​នេះ​ក៏​មិនបាន​ប្រើប្រាស់​ជំនួយ​បរទេស​មក​ធ្វើ​មាន​បាន​ដែរ ព្រោះ​ជំនួយ​បរទេស​គឺ​កម្ពុជា​មិនបាន​កាន់​លុយ​សូម្បី​មួយ​រៀល ដូចជា​ផ្លូវ​ជប៉ុន​នៅ​ពេល​នេះ សម្តេច​គ្រាន់​តែ​មាន​ភារកិច្ច​មក​ទទួលយក​តែប៉ុណ្ណោះ ចំណែក​ការ​ដេញថ្លៃ​សាងសង់ និង សាងសង់​គឺ​ក្រុមហ៊ុន​ជប៉ុន​ទាំងអស់។

សម្តេច​មាន​ភារកិច្ច​ត្រឹម​មក​ទទួលយក និង ចេញ​ប្រាក់​បដិភាគ​ដោះស្រាយ​បញ្ហា​ផលប៉ះពាល់​នានា​តែប៉ុណ្ណោះ ។

តាម​អនុក្រឹត្យ​ដែល​ធ្វើតាម​សំណើ​​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​និង​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​ មន្ត្រីរាជកា​រ​ស៊ីវិល​ម្នាក់ៗ​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ម្នាក់​ចំនួន​៥​ម៉ឺន​រៀល​។​មន្ត្រី​ដែល​ត្រូវបាន​លើកឡើង​ក្នុង​អនុក្រឹត្យ​នេះ​រួមមាន មន្ត្រីរាជការ​ស៊ីវិល នៃ​ក្រុម​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្ត្រី​នគរបាលជាតិ មន្ត្រី​ពន្ធនាគារ យោធិន សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រធានភូមិ អនុប្រធាន​ភូមិ សមាជិក​ភូមិ មន្ត្រី​ជាប់កិច្ចសន្យា និង​បុគ្គលិក​អ​ណែ្ត​ត​ដែល​កំពុង​បម្រើ​ការងារ​នៅ​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ​ព្រមទាំង​និវត្តជន ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ ជន​បាត់បង់​សមត្ថភាព​ការងារ និង​ជនពិការ​ដែលជា​អតីតមន្ត្រី​រាជការ​ស៊ីវិល អតីត​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ និង​អតីតមន្ត្រី​នគរបាលជាតិ​។

​សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់​ផងដែរ​ថា ​ប្រាក់ឧបត្ថម្ភ​នេះ​សម្រាប់​ម្នាក់ៗ​តែមួយ​កន្លែង និង​មួយ​លើក​ប៉ុណ្ណោះ ហើយ​សម្តេច​បាន​តម្រូវ​ឲ្យ​បើក​មុន​ចូលឆ្នាំ​តាមរយៈ​បញ្ចូល​ទៅក្នុង​គណនី​បៀវត្សរ៍​របស់​សា​មី​ជន​ផ្ទាល់ និង​ទៅតាម​ទិដ្ឋភាព​ជាក់ស្តែង​របស់​មន្ត្រី​មួយចំនួន​។​

ជាមួយគ្នានេះ ​ប្រមុខ​រដ្ឋាភិបាល បានស្នើ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​សា​មី ត្រូវ​សហការ និង​ចាត់ចែង​រៀបចំ​ការបើក​ផ្តល់​ជា​បុរេប្រទាន​សម្រាប់​សាមីជន​ម្នាក់ៗ​យ៉ាងយូរ​ត្រឹម​ថ្ងៃទី​១១ ខែមេសា ។

គួរ​បញ្ជា​ក់ថា ​ដើម្បី​គិតគូរ​ដល់​ជីវភាព​របស់​កងកម្លាំង​ប្រដាប់អាវុធ និង មន្ត្រីរាជការ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ដំឡើង​ប្រាក់បៀវត្សរ៍​២​ដង​ក្នុង​១​ឆ្នាំ ដោយ​លើក​ទី​១​ដំឡើង​នៅ​ខែមករា ជាការ​ដំឡើង​កម្រិត​ប្រាក់បៀវត្សរ៍​មូលដ្ឋាន​និង​លើក​ទី​២ នៅ​ខែមេសា គឺជា​ការដំឡើង​ប្រាក់​បំណាច់​មុខងារ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684