ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​សាស្ត្រាចារ្យ ស៊ុយ សារ៉េត ដែល​ត្រូវ​មហាជន​ព្រួត​វាយ​ស្ទើរ​ស្លាប់​រឿង​គ្រោះថ្នាក់​ចរាចរណ៍​បើក​រត់ មាន​មេធាវី​ដាក់ពាក្យ​ប្តឹង​ជា​ផ្លូវការ ទាមទារ​សំណង​ជាង​១០០០​លាន​រៀល

ភ្នំពេញ ​៖ ​ករណី​ដែល​បាន​ធ្វើ​ឲ្យ​កក្រើក​បណ្តាញ ផ្សព្វផ្សាយ ក្នុងស្រុក ក្រៅ​ស្រុក​និង​ពិសេស​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុក​ នៅ​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ ​បាន​លើកយក​ប្រធានបទ​មួយ​ជាធំ នោះ គឺ​រឿង​លោក​សាស្ត្រាចារ្យ ស៊ុយ សារ៉េត ដែល​ត្រូវ​មហាជន​ព្រួត​វាយ​ស្ទើរ​ស្លាប់​រឿង​គ្រោះថ្នាក់​ចរាចរណ៍​បើក​រត់គេច ដែល​ករណីនេះ​នៅក្នុង​ប្រព័ន្ធ​សង្គម​ហ្វេ​ស​ប៊ុក បានធ្វើការ​ផ្តន្ទា​ទោស​យ៉ាង​ចាស់ដៃ​ទៅលើ​ជន​ដែល​ប្រើ​អំពើ​ព្រៃផ្សៃ​នេះ ដោយ​ចាត់ទុកថា ជនដៃ​ដល់​ទាំងនោះ​ជា​សត្វតិរច្ឆាន មើលងាយ​ស្រុក​ខ្មែរ​ជា​សង្គម​មួយ​គ្មាន​ច្បាប់ ក្នុង​នោះ​ក៏​មាន​អ្នក​រិះគន់​ចោទប្រកាន់​ទៅលើ​លោក​សាស្ត្រាចារ្យ ស៊ុយ សារ៉េត ផងដែរ ថា ធ្វើជា​សាស្ត្រាចារ្យ ទៅ ហើយ​បុក​គេ​មិន​ទទួលខុសត្រូវ បើក​គេច​យករួចខ្លួន​ទៀត​ ទើប​ធ្វើ​ឲ្យ​រឿង​តូច​ក្លាយជា​រឿង​ធំ។

ករណី​នេះ​ពិតជា​មិន​ងាយ​នឹង​បញ្ចប់​ទៅបាន​ងាយៗ​នោះឡើយ ល្គឹកណា​ជន​ដៃ​ដល់​មិនទាន់​ត្រូវបាន​ចាប់​ខ្លួនបាន​អស់។ ​តែ​មក​រសៀល​ថ្ងៃទី​១៣ ខែមីនា​នេះ​តាមរយៈ​មេធាវី ឈី សម្បត្តិ លោក​បណ្ឌិត​ស៊ុយ សារ៉េត បាន​ដាក់​ចូលដល់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ហើយ ស្នើ​សមត្ថកិច្ច​ស្វែងរក​ជន​ដៃដល់​វាយប្រហារ​លើ​គាត់ ដោយ​ទារ​សំណង​១២០០​លាន​រៀល​ដោយ​ប្តឹង​ជន​ពាក់ព័ន្ធ​ទាំងអស់​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ។

ក្នុង​បណ្តឹង​នេះ បណ្ឌិត ស៊ុយ សារ៉េត ស្នើ​សមត្ថកិច្ច​ស្វែងរក​ជន​ពាក់ព័ន្ធ​ទាំងអស់ និង ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន មួយ​ពាន់​ពីរ​រយ​លាន​រៀល ដោយ​កូនស្រី​របស់​លោក​បណ្ឌិត​ឈ្មោះ​សារ៉េត សុ​ផា​ធីតា​ពេជ្រ អាយុ​១៨​ឆ្នាំ ជា​អ្នក​ផ្ទេរសិទ្ធិ​ទៅ​ឲ្យ​លោក​មេធាវី​ដើម្បី​ចាត់ចែង​បណ្តឹង​មួយ​នេះ​។

គួរ​រំលឹក​ផង​ដែរ​ថា កាលពី​រសៀល​ថ្ងៃអាទិត្យ ទី​១១ ខែមីនា ឆ្នាំ​២០១៨ មាន​ករណី​អ្នក​បើកឡាន​ទំនើប​ម្នាក់ ជា​បណ្ឌិត និង​ជា​សាស្ត្រាចារ្យ នៅ​សាកលវិទ្យាល័យ​ឯកជន​មួយ​នៅ​ភ្នំពេញ បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បុក​រះ ហើយ​បើក​រត់​។ មហាជន​បាន​ដេញ​តាម រហូត​ក្លាយជា​អំពើ​ហិង្សា​វាយ​អ្នកបើក​ឡាន​នោះ បែកក្បាល​ហូរឈាម។

បុរស​ដែល​​បើករថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បុក​រះ​ជា​បន្តបន្ទាប់​តាម​ដងផ្លូវ ចាប់ពី​ម្តុំ​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ រហូតដល់​ម្តុំ​មន្ទីរពេទ្យ​លោកសង្ឃ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ តាម​វាយ និង​កម្ទេច​រថយន្ត កាលពី​រសៀល​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៨ មានឈ្មោះ ស៊ុយ សារ៉េត គឺជា​បណ្ឌិត និង​ជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​សាកលវិទ្យាល័យ​កម្ពុជា​។

សមត្ថកិច្ច​បញ្ជាក់ថា បន្ទាប់ពី​ពិនិត្យឃើញ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ ក្រុមគ្រួសារ​បាន​បញ្ជូន​លោក​សាស្ត្រាចារ្យ ស៊ុយ សារ៉េត ទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម កាលពី​យប់មិញ ហើយ​មិនទាន់មាន​បញ្ហា​ដល់​អាយុជីវិត​ទេ​។

ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ឈានដល់​ការប្រើ​អំពើហិង្សា លើ​បុរស​អ្នកបើកបរ​រថយន្ត​បង្ក បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ កាលពី​រសៀល​ថ្ងៃអាទិត្យ នៅ​ម្តុំ​មន្ទីរពេទ្យ​លោកសង្ឃ ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​ស្នងការ​ប៉ូលិស​រាជធានី​ភ្នំពេញ ចេញ​បញ្ជា​ឲ្យ​សមត្ថកិច្ច ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​វាយ​ប៉ង​សម្លាប់ និង​កម្ទេច​រថយន្ត​នោះ មក​ដាក់ទោស​តាមច្បាប់​។​

​តាម​ប៉ូលិស ករណី​គ្រោះថ្នាក់​នេះ អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដែល​រត់គេច​ពី​កន្លែង​កើតហេតុ គឺ​ច្បាប់​ជា​អ្នកអនុវត្ត ប៉ុន្តែ​ចំពោះ​អ្នក​ដែល​វាយ​អ្នកបើកបរ ក៏​ត្រូវតែ​ទទួលទោស​ផងដែរ ព្រោះ​វា​ជា​អំពើ​អសីលធម៌​ក្នុងសង្គម និង​មិនគួរ​ឲ្យ​មាន​កើតឡើង​ក្នុង​រូបភាព​បែបនេះ​ទៀត​។

អំពើហិង្សា​វាយ​លើ​អ្នក​បើកឡាន​បុក​រះ ហើយ​បើក​រត់គេច​នេះ ត្រូវបាន​ប៉ូលិស​ហៅថា​ជា​ទម្លាប់​អសីលធម៌​ក្នុង​សង្គម​កម្ពុជា​យើង ដែល​ប្រជាពលរដ្ឋ តែងតែ​តាំងខ្លួន​ជា​តុលាការ ហើយ​ធ្វើ​កាត់ទោស​លើ​ជនបង្ក ដោយ​ឯកចិត្ត ដោយ​មិន​គោរព​តាមច្បាប់។

ចំណែក​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់ លើកឡើង​ថា ករណី​ប្រើ​អំពើហិង្សា​នេះ​ថា សាហាវ ឃោរឃៅ​ណាស់ ក្នុងនាម​ពលរដ្ឋ​ម្នាក់ ខ្ញុំ​សង្កេត​ឃើញ​ថា ក្រោយ​ថ្ងៃ​រំដោះ ៧មករា ១៩៧៩ ប្រជាពលរដ្ឋ​ខ្មែរ​យើង មាន​សីល​ធម៌​ល្អ​ណាស់ ចេះ​ជួយ​គ្នា គោរព​គ្នា​ទៅវិញទៅមក ពិសេស​គឺ​គោរព​ច្បាប់​តែម្តង ប៉ុន្តែ​ក្រោយ​បោះឆ្នោត តាំងពី​មាន​ក្រុម​បណ្ឌិត​ក្បត់ជាតិ បំផ្លាញ​ជាតិ ចូល​ស្រុក សីលធម៌ វប្បធម៌ របស់​សង្គម​យើង​បាន​ធ្លាក់​ចុះ ដោយសារ​នយោបាយ លាប​ពណ៌ ញុះញង់ មិន​ឲ្យ​ពលរដ្ឋ​គោរព​ច្បាប់ បង្កចលាចល ក្នុងសង្គម បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ បង្ក​ហិង្សា ក្លាយជា​ទម្លាប់​របស់​ក្រុម​មួយចំនួន​តូច ដែល​នៅ​សេសសល់ ដូចជា ករណី​ម្សិលមិញ​នេះ តើ​គួរ​ឲ្យ​កើតមាន​វប្បធម៌​របៀប​នេះ បន្តទៀត រឺ យ៉ាងណា​? សូម​បងប្អូន​មុន​ធ្វើ​អ្វីមួយ គួរតែ​គិតពី​ផ្លូវច្បាប់ ដើម្បី​សេចក្តីសុខ សម្រាប់​ខ្លួន​យើង និង អ្នក​នៅ​ជុំវិញ សូម​បញ្ចប់​ហិង្សា​ដោយ​ខុសច្បាប់។

ក៏ប៉ុន្តែ​ក៏​មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់ទៀត លើកឡើង​ថា នៅពេល​មហាជន បាត់​ជំនឿ​លើ​ប្រព័ន្ធយុត្តិធម៌ ទើប​នាំគ្នា​សម្លាប់ និង​វាយកម្ទេច​រថយន្ត​ជនបង្ក​របួសស្នាម ក្រោយ​បើក​បុក​រះ​បន្តបន្ទាប់ និង​ប្រឹង​បើក​រត់គេច​តាំងពី​ម្តុំ​ទួល​សង្កែ រហូតដល់​ម្តុំ​ពេទ្យ​លោកសង្ឃ​។

ជាការ​ពិត បើកបរ ពិសេស​រថយន្ត បុក ហើយ​រត់ បានក្លាយ​ស្ទើរតែ​ជា​ទម្លាប់ ព្រោះ​បើសិនជា នៅ​កន្លែងកើតហេតុ ជួនកាល ជនរងគ្រោះ ឬក៏​មហាជន ផ្ទុះ​ហិង្សា​វាយ​លើ​អ្នក​បើកឡាន ដែល​នៅពេល​កើតហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ម្តងៗ យើង​តែងតែ​ឃើញ ភាគី​ទាំងសងខាង ឈ្លោះទាស់ទែង​គ្នា វាយតប់​គ្នា ហើយ​បើ​ភាគី​ណាមួយ មាន​កាំភ្លើង ក៏​អាច​បាញ់​ថែមទៀត​។

មួយវិញទៀត អ្នកបើកបរ​ខ្លះ យល់ថា កាលណា​ខ្លួន រត់​រួច​ពី​កន្លែងកើតហេតុ ហើយ​ប៉ូលិស ឬក៏​មហាជន​ដេញ​ចាប់​មិនទាន់ គឺ​រួចខ្លួន​។ នេះ​ជា​ការ​មិន​ទទួលខុសត្រូវ ហើយក៏​ផ្ទុយ​ពី​ទ្រឹស្តី និង​ច្បាប់​ចរាចរណ៍ ដែល​បាន​កំណត់ ឲ្យ​អ្នកបើកបរ ត្រូវតែ​ឈប់​នៅ​កន្លែងកើតហេតុ នៅពេល​ជួប​បញ្ហា​អ្វីមួយ ហើយ​ដោះស្រាយ​ដោយ​សន្តិវិធី​។

ក៏ប៉ុន្តែ​មហាជន​យើង​វិញ ក៏​មិន​អន់​ដែរ​។ ដូច​ករណី​កាលពី​រសៀល​ថ្ងៃអាទិត្យ ទី​១១ ខែមីនា គ្រាន់តែ​ឮ​តាម​គ្នា​ថា ជនបង្ក បើកឡាន​បុក​មនុស្ស បណ្តាល​ឲ្យ​ស្លាប់ និង​របួស ក៏​ចាប់ផ្តើម​ប្រើ​ហិង្សា វាយបំផ្លាញ​ឡាន​ថ្មី ទំនើប​របស់គេ មិន​អស់ចិត្ត ប្រើ​ដុំថ្ម គប់ វាយ​បែកក្បាល​បុរស​អ្នកបើកបរ​នោះ​ថែមទៀត​។

មួយវិញទៀត ក្នុង​សង្គម​យើង បើសិន​គ្រាន់តែ​លឺ​ពាក្យ​ថា “​ចោរ​” នោះ​បុគ្គល ដែល​គេ​ស្រែក​ដាក់​នោះ ច្បាស់​ជា​ត្រូវគេ​វាយ​ស្លាប់​ក៏​មិន​ដឹង បើសិនជា​ប៉ូលិស​មិន​មកជួយ​ទាន់ពេល​ទេនោះ​។

ករណី​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថ្ងៃអាទិត្យ ទី​១១​មីនា ក៏​មិនមាន​ប៉ូលិស​ប៉េអិម ចេញ​អន្តរាគមន៍​ឃាត់​ចាប់​ឡាន​នោះ ខណៈដែល​ឡាន​នោះ បើកបរ​យ៉ាង​ឆ្ងាយ​ច្រើន​ម៉ោង​ពី​ទួល​សង្កែ ទៅ​ផ្សារ​ថ្មី រហូតដល់​ក្រោយ​ពេទ្យ​លោកសង្ឃ ស្ទើរ​តែមួយ​ចំហៀង​ទីក្រុង​។ តាម​ធម្មតា ផ្លូវ​ទាំងនេះ សុទ្ធ​តែមាន​ប៉ូលិស​ឈរជើង សម្រួល​ចរាចរណ៍​។

សរុប​មក ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ បើក​រត់ ហើយ​បង្ក​ឲ្យ​មនុស្ស​ស្លាប់ និង​របួស និង​ទីបំផុត អ្នកបើកបរ​ត្រូវ​វាយ​ស្ទើរតែ​ស្លាប់​ស្ទើរ​រស់​នេះ បាន​កើតឡើង​ច្រើនដង​ហើយ ក្នុង​សង្គម​យើង​។ តែ​នៅ​ពេល​នេះ រឿង​ដដែលៗ នៅតែ​បន្ត​កើតឡើង​ដដែលៗ​ទៀត​។

ដូច្នេះ អ្នកបើកបរ ពិសេស​ឡាន ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន និង​ការទទួលខុសត្រូវ ពិសេស​នៅពេល​កើតហេតុ ត្រូវ​ឈប់​ដោះស្រាយ យក​អ្នករបួស​ទៅ​ពេទ្យ ហើយ​ចេញមុខ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់ ព្រោះថា បើសិនជា​កើតហេតុ​ភ្លាមៗ អ្នកបើកបរ​ឡាន ឬ​ម៉ូតូ​បង្ក​មិន​ឈប់ បែរជា​បើក​រត់ គឺមាន​គេ​ដេញតាម កាន់តែ​ភ័យ​ស្លន់ស្លោ អាច​ជ្រុល​ចង្កូត បង្ក​គ្រោះថ្នាក់​កាន់តែ​ធ្ងន់ធ្ងរ​ដល់​អ្នកដទៃ​ផង ហើយ​ចុងបញ្ចប់ ត្រូវ​មហាជន​ទ្រាំ​មិនបាន ក៏​វាយ​ស្ទើរ​ស្លាប់​ដូច្នេះ​។

រីឯ​មហាជន​វិញ ក៏​គួរតែ​ទប់ចិត្ត គ្រាន់តែ​ចាប់​ឃាត់​ជន​បង្ក ដែល​ជា​ចោរ ឬក៏​ជា​អ្នកបើកបរ បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ប្រគល់​ឲ្យ​សមត្ថកិច្ច ជា​អ្នក​ដោះស្រាយ ព្រោះ​ប្រទេស​យើង​មាន​ច្បាប់​។ បើសិនជា​មហាជន​ដោះស្រាយ​ខ្លួនឯង វាយ​មនុស្ស និង​កម្ទេច​ទ្រព្យសម្បត្តិ​គេ ដូច​ករណី​កាលពី​ថ្ងៃ​ទី​១១​មីនា នាំ​ឲ្យ​កើត​បទល្មើស​ថ្មី គឺ​មហាជន​ជា​អ្នក​ឈឺឆ្អាល​រឿង​គេ​សោះ បែរជា​ខ្លួន​ត្រូវ​មានទោស ដោយ​ប៉ូលិស​ចាប់ពី​បទ​វា​យម​នុស្ស ប៉ុនប៉ង់​សម្លាប់ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​គេ​ទៅវិញ។

ដោយឡែក អាជ្ញាធរ​សមត្ថកិច្ច​វិញ ក៏​ត្រូវតែ​អន្តរាគមន៍​ឲ្យ​ទាន់​ពេល​វេលា ព្រោះថា នៅ​តាម​សង្កាត់ តាម​ខណ្ឌ​នីមួយៗ មិន​តិច​ទេ ប៉ូលិស ប៉េអឹម និង​ក្រុម​សន្តិសុខ ដែលមាន​អាយកូម និង​ម៉ូតូ​ឡាន​យ៉ាងច្រើន ក៏​គួរតែ​ចេញ​អន្តរាគមន៍ ហើយ​នាំ​ជនល្មើស និង​ជនរងគ្រោះ ទៅ​ដោះស្រាយ​គ្នា​នៅ​ប៉ុស្តិ៍​ប៉ូលិស ហើយ​ការដោះស្រាយ​ក៏ត្រូវ​ឈរលើ​ត្រឹមត្រូវ យុត្តិធម៌​។ នោះ​ពិតជា​អាច​បញ្ឈប់​ហិង្សា​ពី​មហាជន​ជាមិនខាន​៕

       



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684