ព័ត៍មានទាន់​ហេតុការណ៏
Search

បើក​ឡិច​ស៊ី​ស​៣៣០​ បុក​របួសធ្ងន់​៣​នាក់​ ​​មិន​ឈប់​ទទួលខុសត្រូវ​ ខំ​បើក​រត់ ​តែ​រត់​មិន​រួច ​​​សំណាង​បាន​ប៉ូលិស​មក​ជួយ​ទាន់​ពេល

ភ្នំពេញ ​៖ ​បុរស​ម្នាក់ ​និង​នារី​ម្នាក់​ទៀត​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​តាម​ដេញ​តាម​ចាប់ពី​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​រហូត​ដល់​ទឹកដី​ខណ្ឌ​ចំការមន​ ទើប​ចាប់​បាន បន្ទាប់ពី​ពួកគេ​បើក​រថយន្ដ​ឡិច​ស៊ីស​RX330​មួយ​គ្រឿង​បុក​ម៉ូតូ​ម៉ាក ធូ​ដេ​ ពេញទំហឹង​បណ្ដាល​ឲ្យ​យុវជន​២​នាក់​ និង​នារី​ម្នាក់ទៀត​ រង​របួស​យ៉ាង​ធ្ងន់ធ្ងរ ​ហើយ​ព្យាយាម​បើក​រត់​គេច​ខ្លួន​មិន​ទទួលខុសត្រូវ​នោះ​ សំណាង​ហើយ​ដែល​ត្រូវបាន​កម្លាំង​ចុះទៅ​ជួយ​អន្តរាគមន៍​ទាន់​ ​ កុំ​អី​អាច​នឹង​ត្រូវ​គេ​ព្រួត​វាយ​របួស​ឬក៏​ខ្ទេច​រថយន្ត​ក៏ថាបាន។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​នៅវេលា​ម៉ោង​២៣​និង​៥០​នាទី ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន ផ្លូវ​ព្រះ​សុរាម្រិត ​កែង​ផ្លូវ​សុធារស ក្នុង​សង្កាត់​ចតុមុខ​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​យុវជន​២​នាក់​និង​នារី​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ធូ​ដេ ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ កណ្ដាល​1Y-1418 ជិះ​ឌុប​គ្នា​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សុធារស​ទិសដៅ​ពី​ជើង​មក​ត្បូង ពេលមកដល់​ចំណុច​ផ្លូវបំបែក​ជា​បួន​ក៏ត្រូវ​រថយន្ដ​ម៉ាក​ឡិច​ស៊ី​ស​RX330 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2AQ-3309 បើកបរ​ដោយ​បុរស​ម្នាក់​និង​រួម​ដំណើរ​ជាមួយ​នារី​ម្នាក់​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សុរាម្រិត​ ទិសដៅ​ពី​កើ​តទៅ​លិច​ក៏​ជ្រុល​បុក​ម៉ូតូ​ពេញទំហឹង​បណ្ដាល​ឲ្យ​ផ្លោង​ជនរងគ្រោះ​ទាំង​៣​នាក់ ​ទៅលើ​ចិញ្ចើម​ផ្លូវ​រងរបួស​ធ្ងន់ធ្ង​រ​ទាំងអស់គ្នា​តែម្តង​។

ប្រភព​ព័ត៌មាន​បា​នប​ន្ត​ទៀត​ ក្នុង​ខណៈដែល​ឃើញ​សភាព​មិន​ស្រួល​រថយន្ដ​បង្កហេតុ​នោះ​ព្យាយាម​បើក​រត់គេច​ចេញពី​កន្លែងកើតហេតុ​រហូតដល់​ខាងក្រោយ​រោងកុន​គិរីរម្យ​ក្នុង​ខណ្ឌចំការមន​ទើប​ប្រជាពលរដ្ឋ​ និង ​សមត្ថកិច្ច​ដេញ​តាម​ឃាត់​បាន​។ ចំណែក​ជនរងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។

ក្រោយមក​ ទើប​កម្លាំង​សមត្ថកិច្ច​ខណ្ឌដូនពេញ​យក​ជន​បង្ក​ទៅ​ប៉ុស្ដិ៍​ចតុមុខ​ដើម្បី​ការពារ​ខ្លាច​ប្រជាពលរដ្ឋ​ទប់​កំហឹង​មិនបាន​ព្រួត​គ្នា​វាយ​ដូច​ករណី​ឯទៀត​។ ចំណែក​រថយន្ដ​និង​ម៉ូតូ​កម្លាំង​ជំនាញ​ចរាចរ​ណ៍​រាជធានី​ចុះ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ណ៍​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​បន្ត​ទៀត​៕

     



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684