ព័ត៍មានទាន់​ហេតុការណ៏
Search

មុខសញ្ញា​ធ្វើ​សកម្មភាព​តាម​ផ្លូវ​ ត្រូវ​ចៅក្រម​សម្រេច​ធ្វើការ​ឃុំខ្លួន

កណ្ដាល​ ​៖ ​នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨ លោក គឹម ម៉េង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​កណ្ដាល បានសម្រេច​ចេញ​ដីកា​​ឃុំខ្លួន​មុខសញ្ញា​ធ្វើ​សកម្មភាព​គាប​ស៊ី​ម៉ូតូ​តាម​ដង​ផ្លូវ ​ដោយ​ដាក់គុក​បណ្ដោះអាសន្ន​ ក្រោម​បទចោទប្រកាន់ ” លួច​មាន​ស្ថាន​ទម្ងន់​ទោស​ ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា បទ​ប្រើប្រាស់​ឯកសណ្ឋាន​សាធារណៈ​ក្លែង បទ​ចរាចរ​យានជំនិះ ដោយ​ប្រើប្រាស់​ស្លាក​លេខ​សម្គាល់​យានជំនិះ​ក្លែងក្លាយ​”​ប្រព្រឹត្ត​នៅ​ភូមិ​ស្រុក​ធំ ឃុំ​ជើង​កើប ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល កាលពី​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៨ តាម​មាត្រា​៣៥៧ ចំណុច​១ , មាត្រា​៦៣០ នាំ​ក្រមព្រហ្មទណ្ឌ និង មាត្រា​៧៨ ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក។

មុខសញ្ញា ចោរប្លន់​ប្រដាប់​ដោយ​ដាវ កាំបិត និង​ដុំ​ថ្ម​០៦​នាក់ ដែល​ធ្វើ​សកម្មភាព​ប្លន់​យ៉ាងសកម្ម ពិសេស​តាម​ផ្លូវ​ជាតិ​លេខ​២ ឥឡូវ​អស់លក្ខណ៍​ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល សហការ​ជាមួយ​នគរបាល​ស្រុក​កណ្ដាលស្ទឹង ឃាត់ខ្លួន​ជា​បន្ត​បន្ទាប់ កាលពី​ថ្ងៃទី​១០​ ខែ​មីនា​ ឆ្នាំ​២០១៨។

ចោរប្លន់​ទាំងនេះ​ទី​០១​ឈ្មោះ​នឹម គីម​ហុង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ត្បូង​ក្ដី ឃុំ​បារគូ ស្រុក​កណ្ដាលស្ទឹង​មុខរបរ​មិន​ពិតប្រាកដ ទី​០២​ឈ្មោះ​អ៊ិ​ត ច័ន្ទ​មន្នី ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ត្រស់ ឃុំ​ទ្រា ស្រុក​កណ្ដាលស្ទឹង​មុខរបរ​មិន​ពិតប្រាកដ ទី​០៣​ឈ្មោះ​សៀក លី​ថុង ហៅ​ម៉ៅ​ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទី​០៤​ឈ្នោះ​ម៉ូត ថៃ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ទី​០៥-​ឈ្មោះ​ជា សំណាង ភេទ​ប្រុស អាយុ ២១​ឆ្នាំ​មុខរបរ មិន​ពិតប្រាកដ​អ្នក​ទាំង​បី​រស់នៅ​ភូមិ ស្ពានថ្ម សង្កាត់​ស្ពានថ្ម ខ​ក្រុងភ្នំពេញ ទី​០៦​ឈ្មោះ លិ​ត ស៊ី​ផា ភេទ​ប្រុស អាយុ ២២ ឆ្នាំ រស់នៅ ភូមិ ថ្លាន់ សង្កាត់ គង​ន​យ ខណ្ឌ​ដង្កោ ក្រុង ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ​។ ជនសង្ស័យ ខាងលើ ជា​បក្សពួក ធ្លាប់​ធ្វើ​សកម្មភាព ប្លន់ ម៉ូតូ ដ៏​សកម្ម ចំនួន​៤​លើក នៅតាម​ដងផ្លូវ ក្នុង​អំឡុង​ខែមីនា​នេះ ។​ក្រោយ​ឃាត់ខ្លួន នគរបាល​បាន ធ្វើការ​ដកហូត​បាន ម៉ូតូ​ចំនួន​៤ គ្រឿង។

នគរបាល​បានបញ្ជាក់​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​កម្លាំង​ជំនាញ​ និង ​ប៉ុស្ដិ៍​បាន​ចេញ​ល្បាត​នៅ​តាម​គោលដៅ​ងាយ​រងគ្រោះ​នៅ វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃទី​១០ មីនា បាន​ទទួល​ព័ត៌មាន​ពី​ខាង​ឃុំ​ក្រាំង​ឆ្នង់​ស្រុក​បាទី​ថា​មាន​ករណី​ធាក់​ផ្ដួល​និង​វាយយក​ម៉ូតូ​នៅ​ចំណុច​ពី​ខាងត្បូង​ស្ពាន​កំពង់​កោ​ក្នុង​ដី​ស្រុក​បាទី ខេត្តតាកែវ ហើយ​ទំនាក់ទំនង​គ្នា​រវាង​ស្រុក​បាទី​និង​ស្រុក​កណ្ដាលស្ទឹង​បាន​ឃាត់ខ្លួន​មនុស្ស​ដែលជា​សង្ស័យ​បាន​ចំនួន​៥​នាក់​ និង ​ម៉ូតូ​ពីរ​គ្រឿង​យក​មក​សាកសួរ​នៅ​អធិការដ្ឋាន ប៉ះចំ​មុខសញ្ញា​ដែល​ធ្លាប់​ធ្វើ​សកម្មភាព​ធាក់​ផ្ដួល​និង​វាយយក​ម៉ូតូ​របស់​ជនរងគ្រោះ កន្លងមក​និង​កន្លែង​ផ្សេងៗ​ទៀត​ករណី​នេះ​យោងទៅតាម​ចម្លើយ​របស់​ជនសង្ស័យ​កម្លាំង​ជំនាញ​បាន​បន្តធ្វើ​ការស្រាវជ្រាវ​តាម​ចាប់​បក្សពួក​របស់​វា​បាន​ម្នាក់ទៀត​និង​បាន​ធ្វើ​ការដកហូត​ម៉ូតូ​បាន​ចំនួន​២​គ្រឿង​ទៀត​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684