ព័ត៍មានទាន់​ហេតុការណ៏
Search

អាវុធហត្ថ​បញ្ជូន​ចោរប្លន់​ នៅ​ហាង​កាហ្វេ​Wring Cafe​ព្រែកលៀប​ពីរ​នាក់​ទៅ​តុលាការ

ភ្នំពេញ ៖ សមត្ថកិច្ច អាវុធហត្ថ រាជធានី​ភ្នំពេញ​ បាន​កសាង​សំណុំរឿង​បញ្ជូន​ចោរប្លន់​២​នាក់ ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​១៣ ​ខែ​មីនា ឆ្នាំ​២០១៨ បន្ទាប់ពី​បាន​ធ្វើ​សកម្មភាព យក​កាំភ្លើង​ខ្លី​០១​ដើម ចូល​ភ្ជង់​ប្លន់​បុគ្គលិក ​ហាង Wring Cafe កាលពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨ មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​A ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ហើយ​ត្រូវបាន​បណ្ដាញ​សង្គម​និង​សារព័ត៌មាន ធ្វើការ​ផ្សព្វផ្សាយ យ៉ាង​គគ្រឹកគគ្រេង​ដោយ​ក្តី​ហួស​ចិត្ត។

មន្ត្រី​អាវុធហត្ថ​និយាយ​នៅ​ថ្ងៃទី​១៣ ​ខែមីនា​ថា ជនសង្ស័យ​ដែល​ជា​ចោរប្លន់ មានឈ្មោះ ហូ ម៉េង​ហ័​រ ហៅ រដ្ឋ អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្រុកកំណើត​នៅ ឃុំ​ព្រែកកុយ ស្រុក​កងមាស ខេត្តកំពង់ចាម ត្រូវ​អាវុធហត្ថ ចាប់បាន​នៅ​បន្ទប់​ជួល ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

តាម​ចម្លើយ​សារភាព​ជនសង្ស័យ​បាន​រៀបរាប់ថា នៅ​ថ្ងៃកើតហេតុ រូបគេ​ជិះ​ម៉ូតូឌុប​ទៅ​ទិញ​កាំភ្លើង​ជ័រ នៅ​ខាងក្រោយ រោងចក្រ​ព្រែកលៀប ក្នុងតម្លៃ​៥០០០​រៀល ,​បន្ទាប់មក​ក៏​ជិះ​ម៉ូតូឌុប​ទៅ​ផឹក​កាហ្វេ​នៅ​ហាង​មួយកន្លែង​មិន​ស្គាល់​ឈ្មោះ នៅ​ម្តុំ​ព្រែកលៀប។

លុះ​ពេល​ផឹក​កាហ្វេ​រួច ដោយ​ខ្លួន​ខ្វះ​លុយ​ឲ្យ​ថ្លៃ​កាហ្វេ ក៏​សម្រេចចិត្ត​ដកកាំភ្លើង​ជ័រ​ចេញពី​ចង្កេះ ភ្ជង់​ទៅលើ​បុគ្គលិក​ស្រី​ម្នាក់ ហើយ​ស្រែក​គំរាម​ឱ្យ​បុគ្គលិក​នោះ​អង្គុយ​ចុះ រួច​ស្រវា យកលុយ​បាន​ចំនួន ៤៨,៩០០​រៀល​, ទូរស័ព្ទដៃ​០១​គ្រឿង​ម៉ាក​សាំ​សុង និង​ម៉ូតូ​០១​គ្រឿង ម៉ាក SH ។ បន្ទាប់មក​ក៏​ជិះ​ម៉ូតូ​ដែល​យកបាន​ឆ្ពោះទៅ​ខេត្តកំពង់ស្ពឺ​។

លុះ​ស្អែក​ឡើង​យក​ម៉ូតូ លក់​ឲ្យ​ឈ្មោះ ម៉ាប់ នៅ​ឃុំ​អូរ​តា​គី ខេត្តកំពង់ស្ពឺ បាន​៥០០​ដុល្លារ ទើប​ត្រឡប់មក​ភ្នំពេញ​វិញ ទៅ​លាក់ខ្លួន​នៅផ្ទះ​ជួល ម្តុំ​ផ្សារ​អូ​ដឹ​ម ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ក្រោយ​ស្តាប់​ចម្លើយ​ជនសង្ស័យ​ចប់ សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បន្ត​នីតិវិធី​ទៅ​សហការ​ជាមួយ​អាវុធហត្ថ ខេត្តកំពង់ស្ពឺ ធ្វើការ​ស្វែងរក​ឃាត់ខ្លួន អ្នកទទួល​ទិញ​ផល​ចោរកម្ម​ម្នាក់ទៀត ដែលមាន​ឈ្មោះ ម៉ាន អាស់​ម៉ាត់ ហៅ ម៉ាប់ នៅ​ចំណុច​ភូមិ​ថ្មី ឃុំ​ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

បុរស​ឈ្មោះ ម៉ាន អាស់​ម៉ាត់ បាន​សារភាព​ថា រូបគេ​ពិតជា​ទិញ​ម៉ូតូ ពី​បុរស​ឈ្មោះ ហូ ម៉េង​ហ័រ ពិតប្រាកដ​មែន ដោយ​ពុំមាន​ធ្វើលិខិត​ស្នាម​អ្វី​នោះ​ទេ ព្រោះ ហូ ម៉េង​ហ័​រ ប្រាប់ថា ម៉ូតូ​នោះ​គាត់ ទើប​ប្លន់​បាន​ពី​ស្ត្រី​មា្ន​ក់ ហើយ​ម៉ូតូ​មានភ្ជាប់ GPS តែ​ត្រូវ​គាត់​ដោះចេញ​បាត់​អស់ហើយ​។

ព្រមជាមួយ​គ្នា​នោះ​ផងដែរ សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឆែក​ឃើញ​ថ្នាំញៀន​មួយ​កញ្ចប់ ដែល​ឈ្មោះ ម៉ាន អាស់​ម៉ាត់ បាន​ទិញ​មក សម្រាប់​លក់​បន្ត​ទៀត​ផង​។

ជន​ដៃ​ដល់​ដែល​ប្លន់​ផ្ទាល់ និង​អ្នកទទួល​ទិញ​ម៉ូតូ​ចោរ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សំណុំ​រឿង​បញ្ជូនទៅ តុលាការ​ផ្តន្ទាទោស​តាមច្បាប់ និង​បាន​ដកហូត​ម៉ូតូ​ដែល​ប្លន់​យក​ទៅ ប្រគល់ជូន​ម្ចាស់​ដើម​វិញ​ផងដែរ៕

     



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684