ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​ប្រធានរដ្ឋសភា ​ជម្រាប​អ្នករាយការណ៍​ពិសេស UN ថា​សង្គ្រាម​ច្រើន​ទសវត្សរ៍​នៅ​កម្ពុជា បណ្តាលមកពី​ការ​ជ្រៀតជ្រែក​ពី​បរទេស

ភ្នំពេញ ​៖ នៅ​ក្នុង​ដំណើរ​បំពេញបេសកកម្ម​នៅ​កម្ពុជា លោកស្រី រ៉ូ​ណា​ល់ ស្មី​ត អ្នករាយការណ៍​ពិសេស នៃ​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បាន​ចូល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋសភា​។

នៅ​ក្នុង​ជំនួប​នេះ សម្តេច​ប្រធានរដ្ឋសភា បាន​ជម្រាប​លោកស្រី រ៉ូ​ណា​ល់ ស្មី​ត ថា កម្ពុជា ធ្លាប់​ទទួលរង​នូវ​ការឈឺចាប់​ខ្លោចផ្សារ ដោយសារ​សង្គ្រាមស៊ីវិល​អស់​រយៈពេល​ជាង​៣​ទសវត្សរ៍​។ ទាំងនេះ​គឺជា​លទ្ធផល នៃ​ឥទ្ធិពល​ការជ្រៀតជ្រែក​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​។ “​កម្ពុជា​យើងខ្ញុំ ទើប​មាន​សុខសន្តិភាព ស្ថេរភាព​ពេញលេញ ជាង​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ដែល​បាន​បង្កលក្ខណៈ​សម្បត្តិ​ឲ្យ​កម្ពុជា មានឱកាស​អភិវឌ្ឍន៍​ដូច​សព្វថ្ងៃ ហើយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ក៏​ត្រូវបាន​លើកកម្ពស់​ជា​បន្តបន្ទាប់​”​។ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក​ស្រី និង​សហការី នាពេល​កន្លងមក និង​ពេលបច្ចុប្បន្ន បានរួម​ចំណែក​ដល់​ការលើកកម្ពស់ សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ សិទ្ធិសេរីភាព របស់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សិទ្ធិ​ទទួល​នូវ​កិច្ចការពារ​ដោយ​ច្បាប់​ផ្សេងៗ​ជាច្រើន​។ សម្តេច​បាន​មានប្រសាសន៍ថា ពិត​ណាស់​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស វា​ត្រូវ​តែ​ដើរ​ទន្ទឹមគ្នា​និង​នីតិរដ្ឋ គឺ​ការ​គោរព​ច្បាប់​នេះឯង​។ ថ្វីត្បិតតែ​តំណាងរាស្ត្រ​មាន​អភ័យឯកសិទ្ធិ ជា​អ្នក​ធ្វើ​ច្បាប់ តែ​មិន​អាច​ក្លាយ​ជា​អ្នក​រំលោភ​ច្បាប់ បំពាន​ច្បាប់ នោះទេ​។ សម្តេច​ប្រធានរដ្ឋសភា បាន​គូស​បញ្ជាក់​ពី​ជំហរ​កម្ពុជា ចំពោះ​មុខ​អ្នករាយការណ៍​សិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ​ថា កម្ពុជា​ផ្តល់​សារៈសំខាន់ ជា​ចម្បង​លើ​ការ​រក្សា​ឲ្យ​បាន​នូវ​សុខសន្តិភាព សន្តិសុខ និង​ស្ថិរភាព​សង្គម រួមទាំង​ការអភិវឌ្ឍន៍ ហើយ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស រឹតតែ​មាន​សារៈសំខាន់​បន្ទាប់ពី​ប្រទេសជាតិ មាននូវ​អ្វីៗ​ដូចខាងលើ​។ ប្រសិនបើ​ប្រទេសជាតិ ធ្លាក់​ក្នុងស្ថានភាព ដូច​បណ្តា​ប្រទេស​មួយចំនួន នៅ​មជ្ឈិមបូព៌ា កុំ​និយាយ​ឡើយ​ពី​សិទ្ធិមនុស្ស សូម្បីតែ​សិទ្ធិ​ជា​មូលដ្ឋាន សិទ្ធិ​នៃ​ការរស់រានមានជីវិត ក៏​សឹងតែ​គ្មាន​ផង​។

លោកស្រី រ៉ូ​ណា​ល់ ស្មី​ត បាន​គាំទ្រ​ចំពោះ​ការលើកឡើង​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​។ លោកស្រី បាន​ឯកភាព​ថា សុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ គឺ​ត្រូវ​ដើរ​ទន្ទឹមគ្នា​។ បន្ទាប់ពី​បាន​សម្តែង​ការគួរសម​ជាមួយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន រួចហើយ លោកស្រី រ៉ូ​ណា​ល់ ស្មី​ត បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ច​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា និង​លោកស្រី ឃួន សុ​ដា​រី សមាជិក​រដ្ឋសភា និង​ជា​ប្រធាន​ក្រុម​សភាជាតិ នៃ​អ្នកនយោបាយ​ស្ត្រី តាម​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​។

ជំនួប​ពិភាក្សា​នេះ សមាជិក​រដ្ឋសភា​បាន​ឆ្លើយតប​សំណួរ​មួយចំនួន​ដែល​បានលើកឡើង ដោយ​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដូចជា​នីតិវិធី​ដំណើរ​ពិភាក្សា និង​អនុម័ត​ច្បាប់​នៅក្នុង​រដ្ឋសភា​ជាដើម​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684