ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​អភិបាល​ខេត្តតាកែវ​ បាន​ស្នើ​ដល់​ភាគី​វៀតណាម​ សុំ​ជួយ​ព​ន្លឿ​ន​ការ​បើក​ច្រកទ្វារ​ទ្វេភាគី​និង​ច្រក​ដំបន់

តាកែវ ៖ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​សហ​ប្រតិបត្តិការ​ឆមាស​ទី​២ ឆ្នាំ​២០១៧ រវាង​អាជ្ញាធរ ខេត្តតាកែវ និង​ខេត្ត​អាន​យ៉ាង​របស់​ប្រទេស​វៀតណាម នៅ​ព្រឹក​ថ្ងៃ​ទី១៣ ខែមីនា ឆ្នាំ២០១៨​នេះ អាជ្ញាធរ​ខេត្តតាកែវ បាន​ស្នើ​ឲ្យ​ភាគី​វៀតណាម​ធ្វើ​យ៉ាង​ជួយ​ស្នើសុំ​ទៅ​រដ្ឋាភិបាល​របស់​ខ្លួន​ដើម្បី​បើក ច្រកទ្វារ​តំបន់ និង​ពង្រីក​ពី​ច្រកទ្វារ​តំបន់​ទៅជា​ច្រកទ្វារ​ទ្វេភាគី នៅតាម​បណ្ដោយ​ព្រំដែន​រវាង​ខេត្តតាកែវ និង​ខេត្ត​អាន​យ៉ាង​។

ថ្លែង​នៅ​ចំពោះមុខ​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​អាន​យ៉ាង និង​គណប្រតិភូ​ខេត្ត​អាន​យ៉ាង ជាច្រើន​នាក់ លោក ឡាយ វណ្ណៈ អភិបាលខេត្ត​តាកែវ​បាន​ថ្លែង​ថា ក្នុង​រយៈពេល​១ ឆ្នាំ​កន្លង មកនេះ​ស្ថានភាព​កិច្ចសហប្រតិបត្តិការ​រ​វាង​ខេត្តតាកែវ និង​ខេត្ត​អាន​យ៉ាង​លើ​បញ្ហា​បទល្មើស​ឆ្លង ដែន​ខុសច្បាប់ ការ​ជួញដូរ​គ្រឿងញៀន ការជួញដូរ​ស្ត្រី​និង​កុមារ ការការពារ​តម្រុយ​បង្គោល​ព្រំដែន ការ​រួមគ្នា​អភិវឌ្ឍន៍​តាម​ព្រំដែន​មាន​ភាពល្អប្រសើរ ជាពិសេស​ការទប់ស្កាត់​បទល្មើស នេសាទ​ឆ្លងដែន​ខុសច្បាប់​។

ពោល​ក្នុង​ឆ្នាំ​២០១៧​កន្លងមក​នេះ មិន​មាន​បទល្មើស​ឆ្លងដែន​របស់​ជនជាតិ​វៀតណាម ចូលមក​នេសាទ​នៅ​ក្នុង​ទឹកដី​ខេត្តតាកែវ​នោះទេ​។ លោក​អភិបាល​ខេត្ត​តាកែវ​បាន​បន្ត​ថា បើ​ទោះ​បី​ជា​ស្ថានភាព​សហប្រតិបត្តិការ មាន​ភាព​ល្អ​ប្រសើរ​យ៉ាង​ណា​ក៏​ដោយ ក៏ប៉ុន្តែ​សកម្មភាព​ពាណិជ្ជកម្ម​តាមរយៈ​ការ​តាំង​ពិព័រណ៍ និង​ការឆ្លងកាត់​ទំនិញ​ទៅមក​រវាង​ប្រទេស​ទាំងពីរ​នៅ​ជួប​បញ្ហា​មួយចំនួន ដូច្នោះ​អាជ្ញាធរ​ខេត្តតាកែវ​សូម​ស្នើ​ឲ្យ​អាជ្ញាធរខេត្ត​អាន​យ៉ាង ជួយ​ជំរុញ​ដល់​រដ្ឋាភិបាល​របស់ខ្លួន​ដើម្បី​បង្កើត​ច្រកទ្វារ​តំបន់​២​ថែមទៀត​ គឺ​ច្រកទ្វា​តំបន់​នៅ​ស្រុក​គីរីវង់​និង​ច្រកទ្វា​តំបន់​នៅ​ស្រុក​បូរី​ជលសារ ព្រមទាំង​សុំ​ដំឡើង​ច្រក​តំបន់​បាក់​ដៃ​ទៅជា​ច្រកទ្វារ​ទ្វេភាគី​។ ការសុំ​ដំឡើង​ច្រកទ្វារ បើក​ច្រកទ្វារ​បន្ថែម​នៅ​តាម​បណ្ដោយ​ព្រំដែន​ខេត្តតាកែវ ត្រូវបាន​រាជ​រដ្ឋាភិ​បាល​កម្ពុជា​សម្រេច​យល់ព្រម​រួចរាល់​ហើយ គឺ​នៅតែ​ភាគី​វៀតណាម​តែប៉ុណ្ណោះ​។

លោក ឡាយ វណ្ណៈ មាន​ក្ដី​រំពឹងថា​ នៅ​ពេល​ដែល​ច្រក​ទ្វារ​ទាំងនោះ ត្រូវ​បាន​សម្រេច បើក​និង​ការ​ដំឡើង​ច្រកទ្វារ​តំបន់​ទៅជា​ច្រកទ្វារ​ទ្វេភាគី លំហូរ​ពាណិជ្ជកម្ម​រវាង​ខេត្ត​ទាំងពីរ និង​កាន់​តែ​មាន​ភាព​ល្អប្រសើរ​ថែមទៀត​ជាក់​ជាពុំខាន​។ ឆ្លើយតប​ទៅ និង​ការស្នើ​សុំ​បើក​ច្រកទ្វារ​តំបន់​នៅ​តាម​បណ្ដោយ​ព្រំដែន របស់​អភិបាល​ខេត្តតាកែវ លោក វៀង ប៊ិ​ញ​ថា​ញ់ ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​អាន​យ៉ាង បាន​សន្យាថា ​នឹង​ជំរុញ​ទៅ រដ្ឋាភិបាល​វៀតណាម​ឲ្យ​បើក​ច្រកទ្វា​នេះ​ឲ្យ​បាន​ឆាប់ ហើយ​នៅ​ពេល​ដែល​លោក​ជួប​ជាមួយ នាយករដ្ឋមន្ត្រី​ខាងមុខ លោក​ក៏​និង​លើកឡើង​ពី​ការ​ស្នើសុំ​របស់​ភាគី​កម្ពុជា ក្នុង​ការសុំ​ដំឡើង​ច្រក​តំបន់​បាក់ដៃ ទៅជា​ច្រកទ្វា​ទ្វេភាគី​និង​ការស្នើសុំ​បើក​ច្រកទ្វារ​តំបន់​ពីរ​ថែមទៀត​ផងដែរ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684