ព័ត៍មានទាន់​ហេតុការណ៏
Search

ឯម ឡេង​លី ​ជួប ​Yodnathy ឯ ឈុត សេរី​វ៉ាន់​ថង ​ជួប Sennapha​ នៅ​សង្វៀន​ស្ទឹងមានជ័យ

​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ​ឯម ឡេង​លី ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ជាមួយអ្នក​ប្រដាល់​ថៃ​ឈ្មោះ​ Yodnathy Phor.Muengpetch នា​រសៀល​ថ្ងៃ​សៅ​រ៍ ​ទី​១៧​ ខែមីនា ​ឆ្នាំ២០១៨​ នេះ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។ ពួកគេ​ទាំងពីរ​នឹង​ប្រកួត​គ្នា​ក្នុង​ទម្ងន់ ​៧០ គីឡូក្រាម។

Yodnathy​​ គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ទេ​កន្លងមក។ អ្នក​ប្រដាល់​ថៃ​រូបនេះ បើ​ប្រៀប​ជាមួយ ​ឯម ឡេង​លី គឺ​មិនដឹងថា​យ៉ាងណា​នោះទេ ព្រោះថា​ ឡេង​លី គេ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ។ យ៉ាងណា Yodnathy ប៉ះ​ជាមួយ ​ឯម ឡេង​លី ក៏​ប្រហែលជា​ជួប​ការលំបាក​ដែរ ព្រោះថា ​ឡេង​លី ថ្វីត្បិតតែ​មាន​ប្រវត្តិ​ប្រកួត​ត្រឹមតែ​ជាង​ ២០ លើក តែ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ និង​ទើបតែ​ស្គាល់​ចាញ់ ៥ ​លើក​ប៉ុណ្ណោះ ពេល​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ​Yodkaowang កាលពី​ថ្ងៃទី​២៧​ សីហា ​២០១៧​ កន្លង​ទៅនោះ។ តែ​យ៉ាងណា ឯម ឡេង​លី ក៏ត្រូវប្រយ័ត្ន​ដែរសម្រាប់​ការប្រកួត​លើក​នេះ​។ ដូច្នេះ​ចាំមើល តើន​រណា​ឈ្នះ​រវាង ​ឯម ឡេង​លី និង Yodnathy នេះ?។ ឡេង​លី គេ​មាន​កំណត់ត្រា​ប្រកួត​ទើបតែ​ជាង​ ២០ ​លើក​ប៉ុណ្ណោះ តែ​គេ​វាយ​ឈ្នះ​ ១៨ ​លើកទៅហើយ ដោយ​ចាញ់​តែ ៥ លើក​ប៉ុណ្ណោះ។ ចំណែក ​Yodnathy វិញគេ​មាន​កំណត់ត្រា​ប្រកួតចំនួន​៦៩​លើក ឈ្នះ​៤៥​លើក ចាញ់​២០​លើក​ និង ​ស្មើ​០៤​លើក។​

ចំពោះ ឈុត សេរី​វ៉ាន់​ថង អ្នក​ប្រដាល់​វ័យក្មេង ក្លិប​រា​ហ៊ូ​កីឡា​ខេត្តបាត់ដំបង​ ត្រូវគេ​ផ្គូឲ្យ​ជួប​ប្រកួតសាក​កណ្តាប់ដៃ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Sennapha Wor.Shunthoranon។ ពីរ​នាក់​នេះប្រកួត​គ្នា​ក្នុង​ទម្ងន់ ​៥៧​ គីឡូក្រាម​។ សេរី​ វ៉ាន់​ថង ជា​អ្នក​ប្រដាល់​វ័យក្មេង តែ​គេ​មក​ប្រកួត​នៅភ្នំពេញ​ជិត ​២០ ​លើក​កន្លងមកនេះ គឺ​ទើប​ចាញ់​ម្តង​តែប៉ុណ្ណោះ។ គេ​មក​ប្រកួត​លើកចុងក្រោយនេះបាន​វាយ​ឈ្នះ​ថៃ ​Ory Sayam ដោយ​ពិន្ទុ​ កាលពី​ថ្ងៃទី​២៧ ​មករា​ ២០១៨។​

ចំពោះ​ការជួប​ប្រកួត​ជាមួយ​ថៃ​វិញ នេះ​ជា​លើក​ទី​៦ ​របស់ ​សេរី​វ៉ាន់​ថង​ ហើយ។ ក្នុងការ​ប្រកួត​ជាមួយថៃ​ ៥​ លើក​កន្លងមក​នោះ វ៉ាន់​ថង វាយ​ឈ្នះ​ទាំង​៥​លើក ដោយ​ផ្តួល​ថៃ​បី​រូបយ​ឱ្យសន្លប់​ក្នុងទឹក​ទី​២ ទឹក​ទី​៣ និង​ ទឹក​ទី​៤។ សេរី​វ៉ាន់​ថង តាមពិត​ពុំមែន​ជា​ដៃគូ​ប្រកួត​របស់ Ory Sayam នោះទេ ព្រោះថា​អ្នក​ប្រដាល់​ថៃ​រូបនេះគេ​ជា​ជើងចាស់ ហើយ​ជា​អ្នក​ប្រដាល់​ដែលមាន​បទពិសោធន៍លើស​ង្វៀន​ច្រើនជាងគេ​ផងដែរ។​

Ory Sayam គេ​ជា​អ្នក​ប្រដាល់​ជើងចាស់ ដែលមាន​បទពិសោធន៍​ប្រដាល់​យូរ​ឆ្នាំ​ហើយ។ គេ​មានកម្រិត​សមត្ថភាព​ និង​បច្ចេកទេស​ល្អ ពិសេស​ល្បិចកល​ក្នុងការ​ប្រកួត​តែម្តង។ ​នេះ​បើតាមអ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​ប្រាប់ឱ្យដឹង។ Ory Sayam មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៦៧​លើក ឈ្នះ​៥៧​លើក ចាញ់​១០​លើក ខ​ណៈដែល​ ឈុត សេរី​វ៉ាន់​ថង មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៤៩លើក ឈ្នះ​៤៣​លើក ចាញ់​០៥​លើក និង​ ស្មើ​០១​លើក។

​យ៉ាងណា Ory Sayam អាច​ចាញ់​កម្ពស់ ​ឈុត សេរី​វ៉ាន់​ថង ដែល​បញ្ហា​នេះ​ជា​ផលវិបាក​មួយ​របស់ Ory Sayam​ ក្នុងការ​យកឈ្នះ​លើ ​សេរី​វ៉ាន់​ថង ​នោះ។ វ៉ាន់​ថង​ ឥឡូវនេះគេ​រឹតតែ​វាយ​ខ្លាំង​ជាង​មុន ដោយ​គេ​សំងំ​ហ្វឹកហាត់​ត្រៀម​ជួប​ជាមួយ​ថៃ​នេះ​ជាច្រើន​ខែ​មកហើយ។ ដូច្នេះ​ការប្រកួត​លើក​នេះ Ory Sayam ប្រហែល​ជាមាន​យីអ៊ុន​មិនសូវ​ល្អ​ប៉ុន្មាន​ទេ។

​ឈុត សេរី​វ៉ាន់​ថង គេ​វាយ​ល្អ ​និង​ ខ្លាំង ពិសេស​នោះ​គឺ​ស្នៀត​ជង្គង់​ និង​ កណ្តាប់ដៃ​របស់គេ។ ​ទោះជា​បែបនេះ​ក៏ដោយ ក៏​ឈុត សេរី​វ៉ាន់​ថង ​មិនអាច​មើលងាយ Ory Sayam នោះដែរ ព្រោះ​អ្នកប្រដាល់​ថៃគេ​មាន​កម្លាំង​ខ្លាំង។​ ចាំមើលលើក​នេះ សេរី​វ៉ាន់​ថង អាច​យកឈ្នះ Ory Sayam បានដែរ​ឬ​អត់​នោះ​?។

​ចំណែកការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ លំពែង ខ្មៅ អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់ក្រសួងកសិកម្ម នឹង​ជួប​សាក​កណ្តាប់ដៃ​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់ ​ឆាយ មាស ក្លិបសំរោង​កោង​កីឡា។ ពីរ​នាក់​នេះជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​ ៥៧ ​គីឡូក្រាម។ យ៉ាងណារវាង​ពួកគេពីរ​នាក់​នេះពុំមាន​នរណា​ហ៊ាន​ទស្សន៍ទាយ​មុន​ថា អ្នកណាឈ្នះ អ្នកណា​ចាញ់​នោះឡើយ៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684