ព័ត៍មានទាន់​ហេតុការណ៏
Search

ប៊ុត សីហា ៖ ​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​ទេ! លទ្ធ​ផលដែល​ខ្ញុំ​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​គឺ​…..! ​

ភ្នំពេញ ​៖​ មហាជន​បានដឹង​គ្រប់គ្នា​ហើយ​ថា​ តារាចម្រៀង​របស់​ផលិតកម្ម​ហង្ស​មាស​ និង​ជា​ម្ចាស់ជយ​លាភី The Voice Cambodia រដូវ​កាល​ទី​១​ លោក ប៊ុត សីហា កាលពី​ថ្មីៗ​កន្លងមកនេះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ​ដោយ​សង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​ការប្រើប្រាស់​គ្រឿងញៀន។ ​ប៉ុន្តែ​ក្រោយមក​ក៏ត្រូវ​បាន​ដោះលែង​វិញ ​បន្ទាប់ពី​មានការ​ចេញមុខ​ធានា​ពីក្រុមគ្រួសារ​។

​ជាមួយគ្នា​នៃ​ការចាប់ខ្លួន​លោក ប៊ុត សីហា កាល​នោះ បាន​ផ្ទុះ​ព័ត៌មាន​យ៉ាង​កក្រើក​ពេញ​ផ្ទៃ​ប្រទេស​បាន​ផ្សាយ​ថា​ លោក ប៊ុត សីហា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ក៏ព្រោះតែ​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​គ្រឿងញៀន។ ខណៈ​ដែល​សាមីខ្លួន​ក្រោយពេល​ដោះលែង​វិញ​ចេញមុខ​ប្រតិកម្ម​ថា ​ជា​រឿងយល់ច្រឡំ​ប៉ុណ្ណោះ ​ដោយហេតុថា​រូបគេ​ជា​ជនបង្កប់​របស់​សមត្ថ​កិច្ច​បង្ក្រាប​គ្រឿងញៀន​។​
​យ៉ាងណា​ដោយ​ការមិន​អស់ចិត្ត​ និង​ដើម្បី​ជម្រះ​មន្ទិល​មហាជន​ឲ្យ​កាន់តែច្បាស់​ តារាចម្រៀង​លោក ប៊ុត សីហា ជាថ្មី​ម្តងទៀត​ក៏បាន​សម្រេចចិត្ត​ទៅ​ធ្វើតេស្ត​ទឹកនោម​នៅឯ​មន្ទី​រពេទ្យ​ ក្នុងការ​ស្វែងរកការពិត​ថា​ ខ្លួន​លោក​ពិតជា​បាន​ប្រើប្រាស់​គ្រឿងញៀន ​ឬមួយ​ក៏​គ្មាន​នោះ​។​ ជា​លទ្ធផល​គឺបញ្ជាក់ថា​ លោក ប៊ុត សីហា ក្នុង​ខ្លួន​ពុំមាន​សារធាតុ​ញៀន​ឡើយ​។

​បង្ហោះ​ភ្ជាប់​ជាមួយ​លទ្ធផល​នៃ​ការពិនិត្យ​​ទឹកនោម​ លោក ប៊ុត សីហា​ បាន​សរសេរ​ថា​ លទ្ធផល​ដែលខ្ញុំ​បាន​ទៅ​ធ្វើតេស្ត​ទឹកនោម​កាលពី​ថ្ងៃទី​១២​ ខែមីនា ​ឆ្នាំ​២០១៨​ តែ​ខ្ញុំ​ទុក​ធុរៈ​ផ្ទាល់ខ្លួន​រវល់ ចឹ​ងអត់​បាន ​Post​ ប្រាប់​ពួក​បងៗ​អ្នក​សារព័ត៌មាន​ដែល​និយាយ​គ្មាន​ការសាកសួរ​ច្បាស់លាស់​ពី​បុគ្គលដែលមាន​ឈ្មោះ​ពាក់ពាន់​នៅក្នុង​ហេតុ​ការណ៍​នោះ​។

​តារាចម្រៀង​លោក ប៊ុត សីហា បាន​និយាយ​ដោយមាន​ចេតនា​សំដៅលើ​ខាង​សារព័ត៌មាន​ទៀតថា ដូចជា​ខ្ញុំ​អី​ជាដើម​.. និយាយ​ឱ្យ​ស្រួល​ស្តាប់​ហ្មង​ទៅ​ គឺ​ពួក​អា​ព័ត៌មាន​មិន​ពិត ​និង​ព័ត៌មាន​ក៏​មិន​ចំព័ត៌មាន​ គឺ​និយាយឱ្យចំ​ទៅ​។​ មានតែ​និយាយដើម​គេ ​និង​ហែក​កកេរ​ដើម​គេ​សោះ​ ផ្សាយចេញមកដើម្បី​បញ្ចេញ​កំហឹង​គុំកួន​របស់ខ្លួន​ដែល​មិន​ខ្វល់​ពី​អ្នកណា​ទាំងអស់​..​។ ​មិន​ខ្វល់​ពីរឿង​នោះ​ពិត ​ឬក៏​មិន​ពិត​។​សំខាន់​ឲ្យ​តែ​បាន​បំផ្លាញ់អ​នា​គត​ និង​កេរ្តិ៍ឈ្មោះ​មនុស្ស​ម្នាក់​នោះ​…​មាស​សុទ្ធ​មិន​ខ្លាចភ្លើង​ទេ​។

​សូម​រំលឹកថា​ លោក ប៊ុត សីហា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​០៦​ល្ងាច ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​នៅមុខ​សាលាបឋមសិក្សា​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ​។​ ប៉ុន្តែ​លោក​ក៏ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ ខណៈដែល​ក្រុមគ្រួសារចេញមុខ​ធានា​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684