ព័ត៍មានទាន់​ហេតុការណ៏
Search

មិត្ត​រួម​អាជីព​ជាមួយ​គ្នា ស្វាគមន៍​ដោយ​កាំបិត​​​ ស្លាប់​នៅ​ក្នុង​រោង​ពុម្ព

​កំពង់ធំ ​៖​ បុរស​ពីរ​នាក់​ជា​កម្មករ​រោង​ពុម្ព បាន​មាន​ទំនាស់​ពាក្យ​សំដី​រហូតផ្ទុះ​ជាអំពើ​ហិង្សា​កាប់​ចាក់​គ្នា ​បង្ក​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ភ្លាមៗ ​នៅ​ក្នុង​រោង​ពុម្ព ស្ថិតនៅ​ភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ។

បុរស​ឈាមរាវ​ម្នាក់​​ ​ត្រូវ​ជាប់​ទោស​ជា​មនុស្ស​ឃាត​ដោយ​ចេតនា ដោយសារ​យក​កាំបិតចាក់​មិត្តរួមអាជីព​ជាមួយគ្នា​បណ្ដាល​ឲ្យ​ស្លាប់​នៅ​ថ្ងៃទី១៤ ខែមីនា ឆ្នាំ​២០១៨ វេលា​ម៉ោង ០០ និង ០៨ នាទី ​ឈានចូល​ថ្ងៃទី​១៥​ ខែ​មីនា ​ឆ្នាំ​២០១៨​។ ជនរងគ្រោះ​រូប​នេះ ​ត្រូវបាន​គេ​ស្គាល់​​ឈ្មោះ យា​ត សុផល ភេទ​ប្រុស អាយុ២៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​រំចេក ឃុំ​តា​ប្រុក ស្រុក​ចំការលើ ខេត្តកំពង់ចាម ចំណែក​ជនដៃដល់​មាន​ឈ្មោះ ចៀន សុខ​ចាន់ (​ហៅ​ ចាន់​រះ​) ភេទប្រុស អាយុ២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយគ្នា អ្នក​ទាំងពីរ​បាន​មក​ស្នាក់នៅ​បណ្ដោះអាសន្ន​នៅផ្ទះ​ឈ្មោះ តាំង ផេង ភេទប្រុស នៅ​ភូមិ​កំពង់ធំ ឃុំ​កំពង់​រទេះ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ជា​កម្មករ (​រោង​ពុម្ព​)​។

​តាម​ការសាកសួរ​រប​ស់​សមត្ថកិច្ច​ជំនាញបាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​បង្ក​ឲ្យ​មានការផ្ទុះ​អំពើ​ហិង្សានេះ ដោយសារ​គំនុំ​រឿង​កើត​នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៨ ​អ្នក​ទាំងពីរបាន​ដេក​ស្នាក់នៅជាមួយនឹង​កម្មករ ៨ ​នាក់​ផ្សេងទៀត។ នៅពេល​ក្រោក​ពី​ដេក​ម៉ោង​ប្រហែល៥​ព្រឹក ជនរងគ្រោះ​បាន​ក្រោកពីដំណេក ហើយ​បាន​ដើរ​​ជាន់​ដៃ​ជនដៃដល់ដោយ​អ​ចេតនា ហើយក៏ឈ្លោះប្រកែក​គ្នា ក្រោយមក​ជនរងគ្រោះ​ដែល​ស្លាប់ និង​កម្មករ ៨ ​នាក់​ទៀត​បាននាំគ្នាទៅធ្វើ​ការ​នៅ​រោង​ពុម្ព​ផ្សារ​កំពង់ធំ ចំណែក​ជនដៃដល់ពុំបាន​ទៅធ្វើ​ការ​នោះទេ លុះ​ពេលល្ងាច​កម្មករ​ទាំងអស់​បាន​មក​ផ្ទះ​ស្នាក់នៅវិញ។

លុះ​យប់កើតហេតុ​ពេល​រាត្រី​ស្ងប់ស្ងាត់ ជនដៃដល់​បាន​ឆ្លៀតឱ​កាសយក​កាំបិត​មកចាក់​លើជនរងគ្រោះ ខណៈពេលដែល​អ្នក​ទាំង​អស់​គ្នា​កំពុង​ដេកលក់​ស្កប់ស្កល់ បណ្តាល​ឲ្យ​ជនរងគ្រោះស្លាប់​ភ្លាមៗ ពេលនោះ​បាន​ផ្អើល​កម្មករ​ទាំងអស់ បាន​ក្រោក​ឡើង​ជនដៃដល់​ក៏បាន​រត់ចេញពីផ្ទះ ហើយកម្មករ​ទាំងអស់​ដេញតាម​ចាប់​រហូតមកដល់​មុខ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់ដំរី​ជាន់ខ្លា ហើយ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​។

​ក្រោយពេល​សមត្ថកិច្ច​ជំនាញបាន​ពិនិត្យធ្វើ​កោសល្យវិច័យ​សាកសព បាន​បញ្ជាក់ថា ពិតជា​អំពើឃាតកម្មដោយ​ចេតនា និង​ត្រូវបាន​ចាប់ខ្លួន​ជនដៃដល់ ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅតុលាការ រីឯ​សព​ត្រូវបាន​ប្រគល់ឱ្យ​ក្រុមគ្រួសារ​ដឹក​ទៅកាន់​លំនៅដ្ឋាន​របស់ខ្លួន​ដើម្បីធ្វើបុណ្យ​តាម​ប្រពៃណី​៕