ព័ត៍មានទាន់​ហេតុការណ៏
Search

បំពុល​ឆ្កែ​កាច់​សោ​យក​ម៉ូតូ​ពីរ​ករណី​ទៀត​ នៅ​បាត់ដំបង

បាត់ដំបង ៖ ម៉ូតូ​ចំនួន​ ២ ​គ្រឿង ត្រូវបាន​ជន​មិន​ស្គាល់មុខលួច​យកទៅ​បាត់​ដោយ​សុវត្ថិភាព បន្ទាប់ពីម៉ូតូ​ចំនួន​ ៧ ​គ្រឿង ដែល​ត្រូវ​ក្រុមចោរធ្វើ​សកម្មភាព​កាច់​សោ និង​ប្លន់​យកក្នុង​ខេត្តបាត់ដំបង កាលពី​អំឡុង​ចុងខែ​កុម្ភៈ និង​ដើមខែ​មីនា ឆ្នាំ​២០១៨ កន្លងទៅថ្មីៗ​នេះ ដោយ​ករណី​ទាំងនេះសមត្ថកិច្ច​បំបែក​បានតែ​មួយ​ករណី​តែប៉ុណ្ណោះ។​

​ករណី​លួច​យក​ម៉ូតូ​នាពេល​ថ្មីៗ​នេះ​ គឺបាន​កើតឡើង​ចំនួន​ពីរករណី​ផ្ទួនៗ​គ្នា​ ដោយ​ករណី​ទី​១ បានកើត​ឡើង​នៅ​ចន្លោះ​ម៉ោងប្រហែល​ពី​ ៣ ទៅ ​៤ ទៀបភ្លឺ ព្រឹក​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៨ ត្រង់ចំណុច​ភូមិពោធិ​បាត់ដំបង ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង​ ដោយ​ជនសង្ស័យ​មិន​ដឹង​ចំនួន និង​ ស្គាល់សាវតា បាន​ប្រើប្រាស់​ថ្នាំ​បំពុល​សត្វ​ឆ្កែងាប់​ចំនួន​ពីរក្បាល នៅ​នឹង​ផ្ទះ​ជនរងគ្រោះ​ឈ្មោះ សុខ សា​រ៉ុ​ម ភេទ​ស្រី អាយុ​៥៥​ឆ្នាំ។​

​របាយការណ៍​ដែល​យើង​ទទួលបាន​គឺ ជន​មិន​ស្គាល់មុខ​បានធ្វើ​សកម្មភាព​គាស់​ឆាត់ណា​ទ្វារ​បន្ទប់ ដែល​ម្ចាស់ផ្ទះ​បាន​សង់​ឡើង​នៅ​សំយាប​ខាង​ក្រោងផ្ទះ ហើយ​បាន​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាកហុងដា​ឌ្រី​ម ធុន​សេ ១២៥ ពណ៌​ខ្មៅ ស៊ែ​រី​ឆ្នាំ២០១៨ ពាក់​ស្លាក​លេខ បាត់ដំបង 1AC-6056 យកទៅ​បាត់ដោយ​សុវត្ថិភាព។​

​លុះ​នៅ​ចន្លោះ​ម៉ោង ៩ ទៅ ៩៖៣០ នាទីព្រឹក ថ្ងៃ ខែ ឆ្នាំ​ដដែល ចោរ​បានធ្វើ​សកម្មភាព​កាច់​សោ​ម៉ូតូមួយគ្រឿង​ទៀត ម៉ាកហុងដា​ឌ្រី​ម ស៊េ​រី​ឆ្នាំ​ ២០១៨ ដូចគ្នា ព​ណ៌ខ្មៅ គ្មាន​ស្លាក​លេខ​ នៅ​ចំណុចក្នុង​បរិវេណ​សាលាបឋមសិក្សាវត្ត​ពោធិក្នុង ដែលជា​កម្មសិទ្ធិ​របស់​ឈ្មោះ អុល ស៊ា​ង​ហៃ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង មានមុខរ​របរជា​គ្រូបង្រៀន។​

​ប្រភពពី​ជនរងគ្រោះ​បាន​និយាយថា នៅពេល​បង្រៀន​ គឺ​លោក​បាន​ចត​ម៉ូតូ​នៅក្បែ​រ​ជញ្ជាំងទីចាត់ការ ដោយពេល​នោះ​គឺ​សិស្ស​បាន​ចូលទៅក្នុង​ថ្នាក់រៀន​ស្ងាត់​អស់ហើយ ទើប​ជាឱកាស​ដល់​ជន​មិន​ស្គាល់មុខ​ក្នុង​ការធ្វើសកម្មភាពកាច់​សោយក​ម៉ូតូ​ចេញទៅ​បាត់ ដោយ​គ្មានតម្រុយ​អ្វី​បន្តិច​ពី​សមត្ថកិច្ច​ទាល់តែសោះ ប៉ុន្តែ​កន្លងមក​ភាគច្រើន​តែងតែ​យកទៅ​បាត់​ដោយគ្មាន​ត្រឡប់​ឡើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684