ព័ត៍មានទាន់​ហេតុការណ៏
Search

ខាត់ សុ​ឃីម ជាមួយ​ក្តី​ព្រួយបារម្ភ​ ក៏​អរគុណ​ឡាវដែល​មើលឃើញ​តម្លៃ​ចង្វាក់​រាំវង់

​ភ្នំពេញ​ ៖ ​​ ជាមួយគ្នា​នៃ​ការ​បង្ហាញ​ពី​ក្តី​ព្រួយបារម្ភ​ ខណៈដែល​វិស័យ​សិល្បៈ​បុរាណ​ខ្មែរ​បច្ចុប្បន្ន​ហាក់កំពុងតែ​មានការ​សាបរលាប​ ដោយហេតុថា ​ពុំមាន​ការ​ផ្តល់​តម្លៃ ​ឬ​ការចូលរួម​គាំទ្រ​អភិរក្ស​ពី​មហាជន​ខ្មែរ​នោះ​ តារា​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម ក៏​កើត​ផ្តើម​កើតទុក្ខ​ និង​សោកស្តាយបំផុតក្រោយពី​មាន​ដំណឹង​ថា ​ចង្វាក់​រាំវង់​ត្រូវ​បាន​ឡាវ​ស្នើ​ដាក់បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក។

​ជាការ​ពិតណាស់​ មិនមែន​មានតែ​តារា​ស្រី​អ្នកនាង ខាត់ សុ​ឃីម ម្នាក់​នោះទេ​ដែល​តែង​បង្ហាញ​ពី​ក្តីព្រួយបារម្ភ​ ហើយ​បាន​ចេញមុខ​ឈឺឆ្អាល​ចំពោះ​ការ​អភិរក្ស​សម្បត្តិ​វប្បធម៌​បុរាណ​ខ្មែរលើ​ផ្នែកវិស័យ​សិល្បៈ​បុរាណ​។ ​ជាក់ស្តែង​ថ្មីៗ​នេះ​មាន​តារាចម្រៀង​ និង​សម្តែង​ជើងចាស់មួយចំនួនទៀត ​ក៏បាន​បញ្ចេញ​ពី​អារម្មណ៍​មិន​សប្បាយចិត្ត​ដូចគ្នានេះដែរ​ លើ​ភាព​ព្រងើយកន្តើយ​របស់​មហាជន​ខ្មែរ​មួយចំនួនធំ​។

​ទន្ទឹមគ្នា​នឹង​ក្តី​ព្រួយបារម្ភ​នេះដែរ​ ថ្មីៗ​នេះ​ក៏​ស្រាប់តែ​ផ្ទុះ​ដំណឹង​មក​ថា ​ឡាវ​បាន​កំពុងតែ​រៀបចំ​ឯកសារ​ដើម្បី​ស្នើសុំ​ដាក់បញ្ចូល​ចង្វាក់​ប្រពៃណី​រាំវង់​ ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​របស់ខ្លួន ​បង្ក​ឲ្យមានការ​ភ្ញាក់ផ្អើល ​និង​ប្រតិកម្ម​ពី​សិល្បករ សិល្បការិនី ​ព្រមទាំង​មហាជន​ខ្មែរ​ដែល​តែង​និយមចូលចិត្ត​ស្រឡាញ់​ចង្វាក់​ប្រពៃណី​បុរាណ​មួយ​នេះផងដែរ​។

​ដោយឡែក​បើ​ចាប់​អារ​ម្មណ៍មកលើ​តារា​ពហុ​ជំនាញ ​អ្នកនាង ខាត់ សុខ​ឃីម ក៏​មិន​ខុសគ្នា​នោះដែរ ​គឺ​នាង​បានបង្ហាញ​ការមិន​សប្បាយ​ចិ​ត្ត​ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ​។​ ប៉ុន្តែ​ក្នុងនោះ​នាង​ក៏បានទម្លាយ​សារ​របៀប​បញ្ឈឺចិត្ត​ចាក់​ដោត​អារម្មណ៍​របស់​ខ្មែរ​មួយចំនួន​ទៀតថា ​ទោះបីជា​យ៉ាង​ក្តីខ្លួន​ក៏​អរគុណ​ដែរ​ដែល​ឡាវ​យល់​ពី​តម្លៃ​ចង្វាក់​រាំវង់​។

​អ្នកនាង ខាត់ សុ​ឃីម បាន​និយាយ​បែបនេះ​ថា ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅដល់​ឡាវ ដែលបាន​មើលឃើញ ​និង​យល់​តម្លៃ​នៃចង្វាក់​រាំវង់ ហើយ​បានដាក់​បញ្ចូល​ទៅជា​បេតិកភណ្ឌរបស់ខ្លួន។​ សង្ឃឹមថា​ម្ចាស់​ថ្មី​នៃចង្វាក់​រាំវង់ នឹង​ផ្តល់​ភាព​យកចិត្តទុកដាក់​ទៅលើ​រូបអ្នកជា​រៀងរហូត។​ អ្នក​នៅ​ធ្វើ​អី​បើ​គេ​មើលមិនឃើញ​តម្លៃ​អ្នកផង​៕