ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាពលរដ្ឋ​៥៦​ នាក់ ​រស់នៅ​អម​សងខាង​ផ្លូវ​ខេត្ត​លេខ២៤ ​កណ្ដាល​ក្រុង​ដូន​កែវ ​ផ្ដិត​មេដៃ​ជំទាស់​គម្រោង​សាងសង់​លំនៅឋាន​មួយ​កន្លែង

តាកែវ ​៖​ ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​ផ្លូវ​ខេត្ត​លេខ​ ២៤​ កណ្តាល​ក្រុង​ដូន​កែវ​ បាន​នាំគ្នា​ផ្ដិត​មេដៃ​ជំទាស់​នឹង​គម្រោង​សាងសង់​លំនៅឋាន​មួយ​កន្លែង ​ដោយ​ពួកគាត់​លើក​ឡើង​ថា ជា​ចំណុច​ចិញ្ចើម​ផ្លូវ​សាធារណៈ ហើយ​ក៏​ជា​ដី​ដែល​គ្មាន​ប្លង់​ជា​យូរ​មក​ហើយ​ដែរ។

ហេតុការណ៍​ផ្ទុះ​ការ​តវ៉ា​រ​ហូត​មានការផ្ដិត​មេដៃ​ប្តឹង​ទំ​ទាស់​ ទៅ​នឹង​គម្រោង​សាងសង់​សំណង់​ឯកជនខាង​លើនេះ បាន​កើត​ឡើង​កាលពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៨ រវាង​ប្រជាពលរដ្ឋ​ ៥៤ ​នាក់​ និង​គ្រួសារ​លោក នួន ផុន និង ​ប្រពន្ធ​ឈ្មោះ ណុប ម៉ា​រី​យ៉ាន ស្ថិតនៅ​ចំណុច​ភូមិ​ថ្នល់​បែក សង្កាត់រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ​។

តាម​អ្វី​ដែល​ក្រុម​ប្រជាពលរដ្ឋ​លើកឡើង​បង្ហាញ​ថា ដី​នៅ​ចំណុច​ទីតាំង​ខាង​លើនេះ ​គឺ​ពួកគាត់​បានជំទាស់​រាល់​ការសាងសង់​តាំងពី​ឆ្នាំ​ ១៩៩៩​ មក​ម្ល៉េះ ដើម្បី​ទុកជា​ដី​ចំណីផ្លូវ​សារធារណៈ ហើយអតីត​អភិបាល​ខេត្តតាកែវ​មុនៗ​លោក​ក៏​គាំទ្រ​ផងដែរ​។ ពួកគាត់​បន្តថា ចាប់តាំងពី​ឆ្នាំ ​១៩៩៩ មក​ទាល់​ដើ​ម​ឆ្នាំ​ ២០១៨​ នេះ ដី​នៅចំ​ណុ​ច​ខាង​លើ គឺ​មិនមាន​សំណង់​ណាមួយ​កើត​ឡើ​ង​នោះទេ ហើយ​ប្លង់ដី​បញ្ជាក់​កម្ម​សិទ្ធិ​បុគ្គល​ក៏​គ្មាន​ដែរ ទើប​តែ​ពេលនេះ​ស្រាប់​តែមាន​គម្រោង​សាងសង់​សំណង់​រឹង​ ថែមទាំង​ម្ចាស់​ទីតាំង​ដី​ខាង​លើ​ថា​មាន​ប្លង់រឹង​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់សម្រាប់សាងសង់​សំណង់​ផ្សេងៗ​ទៅវិញ​។ បើ​មាន​ប្លង់រឹង​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​មែន​នោះ ពួកគាត់​សង្ស័យថាអាចមាន​ការឃុបឃិត​គ្នា​រវាង​ម្ចាស់​ដី ​និង ​មន្ត្រី​ជំនាញ​ខេត្ត​លួចលាក់​ធ្វើជាក់ជាមិនខាន​។

​ក្រុម​ប្រជាពលរដ្ឋ​បាន​ធ្វើ​ការ​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្តតាកែវ​ ពិសេស​លោក ឡាយ វណ្ណៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ​មេត្តា​ចុះ​ស្រាវជ្រាវ​ពិនិត្យ​ទីតាំង​ដី​ខាង​លើនេះ​ផង ព្រោះ​ពួកគាត់​មិនចង់​ឲ្យ​ដី​ចំណីផ្លូវ​តាំងពី​យូរយារ​មក​ហើយ ​ក្លាយជា​ដី​កម្ម​សិទ្ធិ​បុគ្គល​នោះទេ​៕