ព័ត៍មានទាន់​ហេតុការណ៏
Search

ធនាគារ​ ABA​ បើកសម្ពោធ​អគារ​ការិយាល័យ​កណ្តាល​ឡើងវិញ​នៅ​ភ្នំពេញ​

ភ្នំពេញ ៖ ធនាគារ ​ABA (​សមាជិក​នៃ​សម្ព័ន្ធ​ធនាគារ​ជាតិ​កាណាដា​)​ បាន​បើកសម្ពោធ​ជា​ផ្លូវការឡើងវិញ​នូវ​អគារ​ការិយាល័យ​កណ្តាល ​និង​អគារ​សេវា​អតិថិជន​ប្រចាំ​ការិយាល័យ​កណ្តាល កាលពី​ថ្ងៃទី​១៤ ​ខែមីនា​ ឆ្នាំ​២០១៨​ ដែលមាន​ទីតាំងតាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ សង្កាត់​បឹ​ង​កេងកង១ ខ​ណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ក្រោម​ការអញ្ជើញ​ចូលរួម​ពី​សំណាក់លោក ​Louis Vachon នាយក​ប្រតិបត្តិ​ធនាគារ​ជាតិ​កាណាដា និង​លោក Askhat Azhikhanov នាយក​ប្រតិបត្តិ​ធនាគារ ​ABA​។​
​ ​ ​ ​ ​ ​ ​ ​
​លោក​ Askhat Azhikhanov​ នាយក​ប្រតិបត្តិ​ធានា​គារ ABA បាន​មានប្រសាសន៍​លើកឡើងថា ការបើក​សម្ពោធ​អាគារ​សេវា​អតិថិជន​ប្រចាំ​ការិយាល័យ​កណ្តាល​នៅពេលនេះ ​ក្នុង​គោលបំណងពង្រឹងគុណភាព​សេវា​អតិថិជន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹងកំណើន​អតិថិជន​ដែល​បន្ត​កើន​ឡើងជា​លំដាប់​។​ ពិសេស​យើង​ត្រូវតែ​វិវឌ្ឍ​រីកចម្រើន​ទៅមុខតាម​ពេលវេលា ​និង​បំពេញតម្រូវការ​ទីផ្សារ​បច្ចុប្បន្ន​ ដោយ​នាំ​មក​នូវ​អគារ​ដ៏​ទំនើប ​និង​ ថ្មីសន្លាង​នេះ​។​

លោកបន្តថា ឥឡូវនេះ​យើង​មាន​កន្លែង​ធំ​ទូលាយសម្រាប់​ប្រជុំ ពិភាក្សា​ការងារ ក៏ដូចជា​កិច្ចការ​ និងសកម្មភាព​កម្សាន្ត​ដើម្បី​ប្តូរ​បរិយាកាស​រប​ស់​បុគ្គលិក​ផងដែរ​។ ​ពិសេស​ជាងនេះទៀត ​អគារ​សេវាថ្មី​នេះ​បាន​បន្ថែម​ម៉ោង​ប្រតិបត្តិការ​ ព្រមទាំង​បើក​ដំណើរការ​ ៧​ ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ​និង ​រយៈពេល​ ១២ ​ម៉ោង​ក្នុង​មួយថ្ងៃ ដែល​នឹង​ផ្តល់​ភាពងាយស្រួល​បន្ថែមទៀត​ដល់​អតិថិជន​។ ​

ជា​មួយនេះដែរ​​ លោក Askhat​ បាន​បញ្ជាក់ថា រហូត​កម​ដល់​បច្ចុប្បន្ន​នេះ​ ទ្រព្យសកម្ម​របស់​ធនាគារបាន​ឡើងដល់​ជាង ​១៨​ ប៊ី​លាន​ដុល្លារ​អា​មេ​រិក​។​ បណ្តាញ​សាខា​របស់​យើងឥឡូវ​មាន ៥៥ សាខា ជាមួយ​ផែនការ​បន្ថែម ​១១ ​សាខា​ទៀត​នៅ​ដំណាច់​ឆ្នាំនេះ​។​ មូលដ្ឋាន​អតិថិជន​ឥឡូវនេះកើនឡើង​ដល់ ២៥០,០០០​ នាក់ ដែល ១២០,០០០​ នាក់​ក្នុងចំណោម​នោះ កំពុងតែប្រើប្រាស់​យ៉ាងសកម្ម​នូវ​កម្មវិធី​ទូរស័ព្ទដៃ​ដ៏​ពេញនិយម​។​

លោកបានឱ្យដឹងទៀតថា កាលពី​ឆ្នាំមុន យើង​បាន​ផ្តួចផ្តើមបង្កើត​កម្មវិធី​មួយចំនួន​ដែល​ពិតជា​ជួយ​ដល់​អតិថិជន​ក្នុងការ​ទាក់ទង ក៏ដូចជា​ប្រើប្រាស់ផលិតផល​ និង​សេវា​របស់​ធនាគារ​បាន​កាន់តែ​ឆាប់រហ័ស មាន​សុវត្ថិភាព និង ងាយស្រួលជាមួយ​ជំនួយ​ពី​បច្ចេកវិទ្យា​។ ​យើង​មាន​សេវា​បើក​គណនី​អន​ឡាញ​តាម​វិ​ប​សាយ សេវាបើក​គណនី​ដល់​កន្លែង​អតិថិជន សេវា​ទូទាត់​អន​ឡាញ​ PayWay សេវា​ ABA PAY ទូទាត់​មិន​ប្រើសាច់ប្រាក់ ក្នុង​កម្មវិធី​ទូរស័ព្ទ​របស់​យើង និង​ផលិតផល​ក៏ដូចជា​ច្រើន​ទៀត​។ ​នា​ឆ្នាំ​ខាងមុខ យើង​នឹង​បន្ត​នាំមក​នូវ​សេវា​ធនាគារ​ទំនើប​ឈានមុខ តាម​បច្ចេកវិទ្យា​ព័​ត៌មាន​វិទ្យា​គួរ​ជាទី​ទុកចិត្ត​។

​លោក Louis Vachon អគ្គនាយក និង​ជានា​យក​ប្រតិបត្តិធនាគារជាតិ​កាណាដា ដែល​បាន​អញ្ជើញ​ជាកិត្តិយស​នាពេលនោះ​បាន​ឲ្យ​ដឹងផង​ដែរ​ថា ការវិនិយោគ​ដំបូង​របស់​ធនាគារជាតិ​កាណាដានៅក្នុង​ធនាគារ ABA បានចាប់ផ្តើម​តាំងពី​ឆ្នាំ ​២០១៤​ មក​។ ការបន្ត​ពង្រឹង​ភាពជា​ដៃគូបាន​នាំ​ឆ្ពោះទៅរក​ជំហាន​ជោគជ័យ​ដ៏​សំខាន់​មួយ​នៅក្នុង​ឆ្នាំ ​២០១៦ ជាមួយនឹង​លទ្ធកម្ម​ភាគហ៊ុន​ដ៏​ធំរហូតដល់ ​៩០%​ នៅក្នុង​ធនាគារ ​ABA​។​

លោក Louis Vachon បានបន្ថែមថា យើង​ពិត​ជាមាន​មោទនភាព​ដោយ​ធនាគារ ABA បានក្លាយជា​ផ្នែក​មួយ​នៃ​សម្ព័ន្ធ​ធនាគារជាតិ​កាណាដា ក្នុងការ​បម្រើសេវា​ដល់​ប្រជាជន ក៏ដូចជាប្រទេស​កម្ពុជា​ទាំងមូល​។​ ធនាគារ​ទទួលបាន​ពានរង្វាន់​ដ៏​លេចធ្លោ​ជាច្រើន​ក្នុង​រយៈពេលប៉ុន្មាន​ឆ្នាំនេះ ពី​ទស្សនា​វ​ដ្តី The Banker ទស្សនា​វ​ដ្តី​ Euromony និង ​ទស្សនា​វ​ដ្តី Global Finance ដែលជា​ទឡ្ហីករណ៍​បន្ថែ​ម​នៃ​កា​បំពេញការងារ និង​ការប្តេជ្ញាចិត្ត​ខ្ពស់​ឆ្ពោះទៅរក​ភាព​ឥតខ្ចោះរបស់​ ABA​។ ​ស្ថាប័ន​ទាំងពីរ​របស់​យើង ក៏មាន​គោលដៅ​រួមប្រែក្លាយ​ខ្លួន​ឲ្យ​ទៅជា​តួអង្គស្នូល​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​។

ធនាគារ ​ABA នៅតែ​បន្ត​អនុវត្ត និង​គាំទ្រ​កម្មវិធី ក៏ដូចជា​ការផ្តួចផ្តើម​ក្នុងសង្គម​ដែលបង្កើតចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ប្រជាពលរដ្ឋ គាំទ្រ​នូវ​ការអនុ​វត្ត​ន៍បច្ចេកវិទ្យា​ដែលពាក់ព័ន្ធ​នឹងវិស័យ​អាជីវកម្ម​ខ្នាតតូច ​និង ​មធ្យម គាំទ្រ​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ចំពោះវិស័យ​អប់រំ និង​ការកាត់បន្ថយ​ភាពក្រីក្រ​។​ នេះ​ជា​មូលហេតុ​ដែល​យើង​បាន​ចាប់​ដៃគូ​ជាមួយធនាគារ​ ABA និង​សមាគម​សហប្រជាជាតិ​នៅ​កាណាដា (UN-AC) ក្នុងការ​នាំមក​នូ​វក​ម្ម​វិធីហាត់​ការ​ផ្នែក​ហិរញ្ញវត្ថុ ដែលជា​ការពង្រីក​បន្ថែ​ម​លើ​អ្វីដែល​សម្រេចបាន​រួចហើយ​នៅ​កម្ពុជា​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684