ព័ត៍មានទាន់​ហេតុការណ៏
Search

ចុះ​គូស​គំនូស​សម្រាប់​ឲ្យ​រថយន្ត​ចូល​សំចត​ក្នុង​បេន​ច្បារអំពៅ​ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់

​ភ្នំ​ពេ​ញ ៖ ​មន្ត្រី​ប្រចាំការ​ក្នុង​បេនឡាន​ច្បារអំពៅ​ បាន​និយាយថា​ នៅ​ព្រឹក​ថ្ងៃទី​១៤​ ខែ​មីនា​ នេះ​ក្នុងបរិវេណ​បេនឡាន​ច្បារអំពៅ ​បានរៀបចំ​គូស​គំនូស​សម្រាប់​ឲ្យ​រថយន្ត​ចូល​ចត​មាន​សណ្តាប់ធ្នាប់ របៀបរៀបរយ ​ចៀសវាង​ការឈប់​សំចត​បែប​អនាធិបតេយ្យ។

មន្ត្រី​ប្រចាំការ​ក្នុង​បេនឡាន​ច្បារអំពៅ​បាន​និយាយថា ​ពីមុនមក​បេនឡាន​ច្បារអំពៅ ​ក៏បាន​រៀបចំគូស​គំនូស​សម្រាប់​ឲ្យ​រថយន្ត​តាក់​ស៊ី ​ឬ​រថយន្ត​របស់​ភ្ញៀវ​ចូល​ឈប់​សំចត​ឲ្យ​មានរបៀបរៀបរយ​ដែរ​ តែ​ក្រោយមក​ត្រូវបាន​អ្នកទទួល​ម៉ៅការ​បេន ​បានរៀបចំ​កែ​សោភណភាព​ក្នុង និង ​ជុំវិញ​បេនបណ្តាល​ឲ្យ​រលុប​គំនូស​ចាស់។

ការរៀបចំ​គូស​គំនូស​សម្រាប់​ឲ្យ​រថយន្ត​គ្រប់ប្រភេទ​ចូលទៅ​ឈប់​សំចត​នេះ គឺ​ដើម្បី​ងាយស្រួល​ដល់​ម្ចាស់​រថយន្ត​លោក​ចូល​ចត​ទៅតាមគំនូស​កំណត់​សម្រាប់​រថយន្ត​នីមួយៗ។ ចំពោះ​ប៉ែក​ខាងមុខ​បេន បន្ទាប់ពី​ក្រុមហ៊ុន​ចាក់​ក្រាល​កៅស៊ូ​​រួចមក​នោះ ​មន្ត្រី​ជំនាញ​ក៏បាន​គូស​គំនូស​ដើម្បី​ឲ្យ​រថយន្ត​ចូល​ឈប់​សំចត​ទៅតាម​គំនូស​ និង​មាន​របៀបរៀបរយ​ទៅតាម​ស្តង់ដារ​ចំណត​ផងដែរ។

ទាក់ទិន​ទៅ​នឹង​ការ​លើកឡើងថា ​រថយន្ត​តាក់​ស៊ីគ្មាន​បេន​សម្រាប់​ចូល​សំចត​នោះគឺ​ខុសស្រឡះ ព្រោះ​សព្វថ្ងៃនេះ​ក្រោយពី​ក្រុមហ៊ុន​រៀបចំ​កែលំអ​បេនឡាន​ឲ្យ​មាន​បន្ទប់​អនាម័យ​ និង ​កៅអី​សម្រាប់ដាក់​ឲ្យ​អ្នកដំណើរ​មក​អង្គុយ​រង់ចាំ​រថយន្ត​ចេញដំណើរ​ទៅតាម​ណ្តា​ខេត្ត​ គឺមាន​រថយន្ត​តាក់ស៊ី​ជាច្រើន​ចូលមក​រង់ចាំ​ដឹក​ម៉ូយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ មិន​ដូច​គេ​និយាយ​ថា ​គ្មាន​នោះ​ទេ​។​ក្រុមហ៊ុន​ម៉ៅការ​បាន​ទទួល​រថយន្ត​ភ្ញៀវ​ និង​រថយន្ត​តាក់​ស៊ី​ជា​រៀងរាល់ថ្ងៃ ​ព្រមទាំង​មាន​ការ​កោត​សរសើរ​ពីភ្ញៀវ​ និង​មហាជន​ទៀតផង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684