ព័ត៍មានទាន់​ហេតុការណ៏
Search

នាយករដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ក្រសួងមហាផ្ទៃ​ចាត់វិធានការ​ចំពោះ​ទង្វើ​របស់លោក សម រង្ស៊ី ដែល​បាន​ចុះហត្ថលេខា​កាត់​ខេត្ត​៤ ឲ្យ​មេដឹកនាំ​ជនជាតិភាគតិច​របស់​វៀតណាម

ភ្នំពេញ​ ៖​ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ថា ក្រសួងមហាផ្ទៃ​កំពុងតែ​ចាត់វិធានការ​ទៅ​ទង្វើ​របស់លោក សម រង្ស៊ី ដែល​បាន​ចុះហត្ថលេខា​ជាមួយ លោក កុក ស មេដឹកនាំ​ជនជាតិភាគតិច​របស់​វៀតណាម សម្តេច​ចាត់ទុកថា នេះ​គឺ​រឿង​ក្បត់ជាតិ​យ៉ាង​ពិត​ប្រាកដ ដែល​មិនអាច​លើកលែង​ឲ្យ​បាន​ឡើយ​ក្រសួងមហាផ្ទៃ​ត្រូវតែ​ស៊ើបអង្កេត​ឲ្យ​បានច្បាស់លាស់​និង អនុវត្ត​ទៅតាម​ច្បាប់​ដោយ​គ្មាន​ការលើកលែង​ឡើយ។

អតីត​ប្រធាន​គណបក្សប្រឆាំង​លោក សម រង្ស៊ី ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​ចុះហត្ថលេខា​កាត់​ខេត្ត​ចំនួន ៤ ទៅ​ឲ្យ​លោក កុក ស ដែលជា​មេដឹកនាំ​ជនជាតិភាគតិច​វៀតណាម​នៅពេលដែល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​(​ស្ពាន​កោះ​ប៉ែន​) ក្នុង​ខេត្តកំពង់ចាម​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា​នេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បើក​ការស៊ើបអង្កេត​លើ​ករណី​លោក សម រង្ស៊ី និង​មេដឹកនាំ​ជនជាតិភាគតិច​វៀតណាម​ដើម្បី​ប្រមូល​ភស្តុតាង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា «​ឥឡូវ​រក​ឃើញ​ហើយ ទៅ​ចុះហត្ថលេខា​កាត់​ដី​ឲ្យ​គេ ៤ ខេត្ត រឿង​ហើយ មិនតូច​ទេ រឿងនេះ​។ ចោទ ហ៊ុន សែន កាត់​ដី​ឲ្យ​វៀតណាម។ ដល់​ឥឡូវ​រកឃើញ​ចេញមុខ​មក​ហើយ សន្យា​បើ​គេ​ឈ្នះ គេ​កាត់​ដី ៤​ខេត្ត​ឲ្យ ។ ដល់​ទៅ​ភ័យ​ពេក​ហៅ​មនុស្ស​ចេញមក​ធ្វើជា​វីដេអូ​ឃ្លឹប​មួយ បញ្ជាក់​ថា កុក ស ជា​ខ្មែរ ប័ណ្ណបើកបរ​ក៏​ជា​ខ្មែរ ប័ណ្ណ​ផ្សេងៗ​ទៀត​ក៏​ជា​ខ្មែរ អញ្ចឹង​សុំ​ឲ្យ​លោក កុក ស ធ្វើការ​បញ្ជាក់ ស្រាប់តែ​លោក កុក ស អត់​ចេះ​ខ្មែរ​មួយ​មាត់ អានេះ​បាន​ហៅថា ឆ្កួត​លើគោក បង្ហាញ​នូវ​ចំណុចខ្សោយ ដល់​ភ័យ​ពេក​បាត់​ម្ចាស់ការ ដល់​និយាយ​ចេញមក​សុទ្ធតែ​អង់គ្លេស​ទាំងអស់ វៀតណាម​ក៏​ចេះ​អង់គ្លេស ខែ្មរ​ក៏​ចេះ​អង់គ្លេស ក៏ប៉ុន្តែ​រឿង​អី​អ្នកឯង​ចង់​បកស្រាយ​ឲ្យ​ខ្មែរ​ស្តាប់ បែរជា​និយាយ​អង់គ្លេស អត់​ចេះ​ខ្មែរ រឿងនេះ​មិនតូច​ទេ ហើយ​បានទទួល​ស្គាល់​ហើយ​តើ​កាត់​ដី​ឲ្យ​គេ ៤ ខេត្ត »។

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ដ​ទៀត​ថា ​«​រឿង​នេះ​មិន​តូច​ទេ ក្រសួងមហាផ្ទៃ​កំពុងតែ​ធ្វើ​កិច្ចការងារ​នេះ ស្រាវជ្រាវ​លើ​សំណុំរឿង​ក្បត់ជាតិ​មួយ​នេះ​ថែមទៀត ។​សម្តេច​តេ​ជោ​មានប្រសាសន៍ថា ចំពោះ​សម្តេច ដី មួយ​តឹក មួយ​ផឹង នៅ​ចរចា​ជា​គ្នា ទាំង​ជាមួយ វៀតណា​ម ជាមួយ​ឡាវ ជាមួយ​ថៃ ចរចា​ជាមួយគ្នា ឯ​គេ​កាត់​យ៉ាង​ស្រួល ៤ ខេត្ត ។ …​រឿង​នេះ​កុំ​ភ្លេច​រដ្ឋមន្ដ្រី​ក្រសួងយុត្តិធម៌​ត្រូវ​ចាត់ចែង​រឿង​ហ្នឹង​ជាមួយ​ក្រសួងមហាផ្ទៃ រឿងក្ដី​មួយ​នេះ រឿង​ធំ​ណាស់​ជា​ផលប្រយោជន៍ ហើយ​នេះ​អំពើ​ក្បត់ជាតិ​ចេញមក​ច្បាស់ក្រឡែត។ ប៉ុន្ដែ​យើង​អត់​ត្រូវធ្វើ​ទទឹងទិស​ទេ ព្រោះ​ត្រូវ​ស៊ើបអង្កេត​ឲ្យ​បាន​ម៉ត់ចត់​ហើយ​ត្រូវ​ដំណើរការ​តាម​យន្ដការ​ច្បាប់​។​គ្មាន​អ្នកណា​មាន​សិទ្ធិ​កាត់​ដី​កម្ពុជា​ឲ្យ​ជនបរទេស​នោះទេ​»​។

ជា​មួយ​គ្នា​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​បង្ហើប​ឲ្យ​ដឹង​ថា ជន​ក្បត់ សម រង្ស៊ី នៅមាន​រឿង​លួច​ចរចា​ស្ងាត់ៗ​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​វៀតណាម និង រដ្ឋមន្ត្រីការបរទេស​វៀតណាម ក្នុងពេលដែល​គេ​ទៅ​ទស្សនកិច្ច នៅ​ទីក្រុង​ហាណូយ និង ខេត្ត តៃនិញ របស់​វៀតណាម​ទៀត កាលពី​អំឡុង​ឆ្នាំ​២០០៣-២០០៤ ផងដែរ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា “​ខ្ញុំ​ទើបតែ​ដឹង​ដែរ ឋានៈ​ឧបនាយករដ្ឋមន្ត្រី ឋានៈ​រដ្ឋមន្ត្រីការបរទេស ទៅ​លួច​ចរចា​ស្ងាត់​ៗ រួចហើយ​ជេរ​គេ​អាយ៉ង វៀត ណា​ម រួចហើយ​ខ្លួនឯង​ទៅ​លួច​ចរចា​ជាមួយ វៀតណា​ម ស្ងាត់ៗ ។ ម្នាក់​នោះ ឧបនាយករដ្ឋមន្ត្រី ង្វៀង ម៉ាញ់​គឹម និង មួយទៀត​រដ្ឋមន្ត្រីការបរទេស ង្វៀន យី​វៀន …​។ យើង​បាន​ទទួល​ដំណឹង​ថែម​ទៀតថា អ្វីដែល ហ៊ុន សែន មិន​ព្រម គេ​ព្រម ហើយ​គេ​ជួយ​សម្រួល​ចំពោះ​អនិកជន​វៀតណាម​នៅ​កម្ពុជា​ថែមទៀត​ដើម្បី​ឲ្យ​ទទួលបាន​សញ្ជាតិ ក្នុងពេលដែល​រដ្ឋបាល​ហ៊ុនសែន មិនទាន់​បានផ្តល់​សញ្ជាតិ​ឲ្យ​អនិកជន​ទេ។

ព្រោះ​សញ្ជាតិ​ចូល​បាន​លុះ​ត្រា តែ​មាន​ព្រះរាជក្រឹត្យ…។ ប៉ុន្តែ​ហេតុ​អី គេ​ទៅ​ចរចា​គ្នា​ស្ងាត់​ៗ​ក្នុង​ពេល​អ្នកឯង​ជេរ​ខ្ញុំ​ថា ជា​អាយ៉ង រូបភាព​មាន​ទាំងអស់​អ្នកឯង​ចេញ​មក​បដិសេធ និង​បកស្រាយ​ធ្វើ​អី​កាល​ហ្នឹង ។ គេ​ធ្វើ​ដោយ​បើកចំហរ តែ​អ្នកឯង​ធ្វើ​អ្វីៗ​ដោយ​លួចលាក់​…”។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា «​ខ្ញុំ​នឹង​សួរ​មេដឹកនាំ វៀតណា​ម​លើ​រឿងនេះ ខ្ញុំ​គ្រាន់តែ​ចង់​ដឹង​ថា ពេល​ហ្នឹង គេ​និយាយ​ពី​អី ខ្ញុំ​នឹង​សួរ បើ​មិត្ត​វៀតណាម ស្មោះត្រង់​ជាមួយ​ខ្ញុំ ជាមួយ​កម្ពុជា ពិតប្រាកដ តើ​មាន​ដែល​លោក​ហ្នឹង​គាត់​ទៅ​ទស្សនកិច្ច​នៅ ហាណូយ និង​លោក​នឹង​ទៅ​ទស្សនកិច្ច​នៅ​តៃនិញ នៅ​ភ្នំ​ជើង​បា​ដែង និយាយ​ពី​អី​ខ្លះ បើសិន​បើ វៀតណា​ម ស្មោះត្រង់​ជាមួយ​ខ្ញុំ ខ្ញុំ​នឹង​សួរ វៀតណា​ម ថ្ងៃស្អែក​ជួបគ្នា​ហើយ​ខ្ញុំ​នឹង​សួរ។ ខ្ញុំ​នឹង​តាម​សួរ​រឿង​ហ្នឹង មានកំណត់​ហេតុ​ឬ​អត់ ខ្ញុំ​សុំ​កំណត់ហេតុ​»។

ប្រតិកម្ម​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើង​បន្ទាប់ពី​មាន​វីដេអូ​ឃ្លី​ប​បង្ហោះ​នៅក្នុង​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក ដែល​បង្ហាញ​ពី​សកម្មភាព​របស់លោក សម រង្ស៊ី និង លោក កុក ស មេដឹកនាំ​ជនជាតិភាគតិច​វៀត​ណា​ម​បាន​ចុះហត្ថលេខា​រួមគ្នា​មួយ​នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក​កាលពី​អំឡុង​ឆ្នាំ​២០១៣ ដែល​ត្រូវ​បាន​ចែករំលែក​ត​គ្នា​ឡើងវិញ​ពេល​ថ្មីៗ​នេះ។ តាមរយៈ​វីដេអូ​ជាង​១ នាទី ដែល​បាន​បង្ហោះ​ឡើង​នេះ លោក សម រង្ស៊ី បាន​និយាយ​ថា នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​រដ្ឋាភិបាល លោក​នឹង​កាត់​ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និង ក្រចេះ ឲ្យ​ក្រុម​ជនជាតិភាគតិច​វៀតណាម Degar (​ម៉ុង​តា​ញ៉ា​) ដើម្បី​គ្រប់គ្រង​ផ្តល់​ស្វ័យភាព​និង​មាន​សិទ្ធិ​ពេញលេញ​អាច​រស់នៅ​និង​មាន​សិទ្ធិ​ដូច​ប្រជាជន​កម្ពុជា​ដែរ។

វីដេអូ​ឃ្លី​ប​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី១២ ខែមីនា ឆ្នាំ ២០១៨ បាន​ទម្លាយ​ថា លោក សម រង្ស៊ី បាន​លួច​ទៅ​ជួប​ចរចា​ជាមួយ​ឧបនាយករដ្ឋមន្ត្រី និង ជា​រដ្ឋមន្ត្រីការបរទេស វៀត ណា​ម ព្រមទាំង​ជួប​ជាមួយ​មន្ត្រីការទូត​ជាន់ខ្ពស់​របស់​វៀតណាម​កាលពី​ឆ្នាំ ២០០៣-២០០៤ នៅ​ទីក្រុង​ហាណូយ​ខណៈពេល​នោះ​លោក សម រង្ស៊ី ជា​ប្រធាន​គណបក្សប្រឆាំង​នៅ​កម្ពុជា ហើយ​ប្រកាស​ប្រឆាំង​ដាច់ខាត​ចំពោះ​វៀតណា​ម។ ប៉ុន្តែ​បែរជា​ទៅ​លួច​ចរចា​ស្ងាត់ៗ​ហើយ​សម្រួល​និង​យល់ព្រម​តាម​សំណើ​វៀតណាម​នូវ​កិច្ចការ​មួយចំនួន​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ដែល​កំពុង​មាន​វិវាទ​ជាមួយគ្នា ខណៈ​ដែល​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជំទាស់​នឹង​វៀតណាម​លើ​ករណី​រឿង​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ។

ក្នុង​ជំនួប​រវាង សម រង្ស៊ី និង អតីតរដ្ឋមន្ត្រី​ការបរទេស​វៀតណាម កាលពី​ជាង​១០​ឆ្នាំមុន ក៏បាន​និយាយ​អំពី​ការ​ជួយ​សម្រួល​ផ្តល់​សិទ្ធិ​ដល់​ពលរដ្ឋ​វៀតណាម​ដែល​កំពុង​រស់នៅ​លើទឹក​ដី​កម្ពុជា​នៅពេល​គណបក្សប្រឆាំង​កាន់កាប់​អំណាច​ដឹកនាំ​ប្រទេស។ នៅ​ក្នុង​ជំនួប​នោះ អ្នក​ទាំងពីរ​ក៏បាន​លើកឡើង​អំពី​ជនជាតិ​យួន​មួយ​ចំនួន​ដែល​កំពុង​រស់នៅ​លើទឹក​ដី​ខ្មែរ​ផងដែរ ក្រៅពី​និយាយ​អំពី​ព្រំដែន។ ជន​នេះ​ក៏បាន​សន្យា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​វៀតណាម​ក៏ដូចជា​មន្ត្រីជាន់ខ្ពស់​កា​រ​ទូត​របស់​វៀតណាម​ថា នឹង​ជួយ​សម្រួល​ផ្តល់​សិទ្ធិ​ដល់​ពលរដ្ឋ​វៀតណាម​ដែល​កំពុង​រស់នៅ​លើទឹក​ដី​ខ្មែរ ប៉ុន្តែ​ពលរដ្ឋ​វៀតណាម​ទាំងនោះ​ត្រូវតែ​ជួយ​ដល់​គណបក្សប្រឆាំង​ដើម្បី​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​កាន់អំណាច​ដឹកនាំ​ប្រទេស​ជាមុនសិន។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ទឹ​កាន់តែ​ថ្លា មើល​ឃើញ​ត្រី​កាន់​តែ​ច្បាស់ អំពើ​ស្មោកគ្រោក​របស់​អ្នកឯង ដើម្បី​គ្រាន់តែ​អំណាច​សូម្បី​ផលប្រយោជន៍​ជាតិ​លើ​បញ្ហា​ទឹកដី អ្នកឯង​មិនបាន​គិត​ផង ។ សម្តេចនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ទឹកដី កូសាំងស៊ីន មិនមែន​បាត់បង់​ក្នុង​សម័យកាល​សម្តេច​នោះទេ ​ហើយ​បច្ចុប្បន្ន សម្តេច​ការពារ​ឲ្យ​បានតែ​ទឹកដី​ដែល​សម្តេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ បន្សល់ទុក​ឲ្យ​តែប៉ុណ្ណោះ​គឺ​គ្រប់គ្រាន់​ហើយ៕