ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាសថា កម្ពុ​ជាមាន​សមត្ថភាព​សាងសង់​ស្ពាន​ឆ្លងទន្លេ​គ្រប់​ទម្រង់

កំពង់ចាម ​៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ប្រកាស​ជា​សាធារណៈ​ថា អំណេះ​តទៅ​នៅពេលដែល​កម្ពុជា​អាច​ផ្គុំ​នូវ​កម្លាំង​គ្រប់​ប្រភេទ កម្ពុ​ជា​មាន​សមត្ថភាព​នឹងធ្វើ​ស្ពាន​ដោយ​ខ្លួនឯង​ឆ្លងទន្លេ​ទាំងអស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ នោះ​ហើយ​គឺជា​ការកសាង​សមត្ថភាព​ពិត និង ភាពជា​ម្ចាស់​របស់​កម្ពុជា។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​បែបនេះ​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពាន​កោះ​ប៉ែន ប្រវែង ៧៧៩​ម៉ែត្រ ទទឹង​៩,២០​ម៉ែត្រ​ឆ្លងកាត់​ដៃទន្លេ​មេគង្គ​ដោយ​ចំណាយ​ថវិកា​របស់​រាជរដ្ឋាភិបាល​ទាំងស្រុង​ចំនួន ១៣,៤៥​លាន​ដុល្លារ និង កសាងឡើង​ដោយ​កងវិស្វកម្ម​ក្រសួង​ការពារជាតិ ដែល​អាច​និយាយបានថា ជា​សមិទ្ធផល​ដែល​កើតចេញពី​ថវិកា​របស់​ខ្មែរ សមត្ថភាព​របស់​ខ្មែរ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា ប្រសិនជា​យើង​ប្រមូល​ផ្តុំ​គ្រប់​មធ្យោបាយ​ដែល​យើង​មាន​ទាំងអស់​គឺ​យើង​អាច​ធ្វើ​ស្ពាន​គ្រប់​ប្រភេទ​ឆ្លងកាត់​ទន្លេ​ទោះ​ក្នុង​ជម្រៅ​ណា វែង​ប៉ុណ្ណា​ក៏​យើង​អាច​ធ្វើទៅ​បានដែរ។ នេះ​ជា​បទពិសោធន៍​ជោគជ័យ​របស់​យើង​ធំ​ណាស់ ដោយ​យើង​មិន​គ្រាន់តែ​អង្គុយ​រង់ចាំ​សុំ​ជំនួយ​ពី​បរទេស​នោះ​ទេ តែ​យើង​បានសម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​មួយ​ថា យើង​ត្រូវ​រៀន​ធ្វើ​ម្ចាស់​ដោយ​ខ្លួនឯង។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា សម្តេច​ពិតជា​មាន​មោទនភាព​ណាស់​ដោយបាន​ប្រើប្រាស់​នូវ​ធនធាន​រប​ស់​ជាតិ​ដ៏​មាន​កម្រិត ទៅលើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គឺជា​ការបែងចែក​ផ្លែផ្កា​នៃ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​សមធម៌​ខ្លាំងណាស់។ សម្តេច​បន្តថា សម្តេច​មិន​បោះបង់ចោល​នូវ​គោលដៅ​ចំណុច​អាទិភាព ៤ យ៉ាង ដែល​សម្តេច​បាន​ដាក់​ចេញ​កាលពី​ឆ្នាំ​១៩៨៧ នោះទេ ដែល​គិត​មកដល់ពេលនេះ វា​មាន​រយៈពេល ៣១ ឆ្នាំ​ហើយ នោះ​គឺ ទឹក ផ្លូវ ភ្លើង និង មនុស្ស តែ​ប​ច្ចុប្ប​ន្ន​វា​បាន​ដូច​ទៅជា មនុស្ស ទឹក ផ្លូវ និង​ភ្លើង វិញ។ យើង​យកប្រាក់​កាក់​មក​ធ្វើ​ស្ពាន​គឺ​វា​សមធម៌​ខ្លាំង​ណាស់ ទាំង​អ្នកមាន អ្នកក្រ​ប្រើប្រាស់​បាន​ទាំងអស់​គ្នា។ យើង​យក​ប្រាក់​កាក់​ទៅ​សាងសង់​ប្រឡាយ​ទឹក​ប្រជាជន​ប្រើ​បាន​ទាំងអស់​គ្នា​។ យើង​យក​ប្រាក់​កាស់​ទៅ​សង់​សាលារៀន កូនចៅ​ប្រជាជន​រៀន​បាន​ទាំងអស់​គ្នា។ ដូចនេះ ត្រូវ​ចងចាំ​ថា យើង​មិន​ត្រូវ​ប្រើប្រាស់​ទុន​ដែល​យើង​ខិតខំ​សន្សំ​បាន​ពី​ប្រាក់ចំណូល​ដែល​ទទួល​បាន​ពី​ការ​អភិវឌ្ឍ​ប្រទេស​នោះ​ទៅ​ប្រើ​ប្រាស់​ផ្តេសផ្តាស់​នោះទេ។

សម្តេច​តេ​ជោ​នាយក​រដ្ឋា​មន្ត្រី​បាន​បន្ត​ថា ហេតុ​ដូច​នេះ​ហើយ​បានជា​រដ្ឋមន្ត្រី​ក្នុង​តំណែង​ប៉ុន្មាន​អាណត្តិ​រួច​មក​ហើយ ខ្ញុំ​មិនបាន​ទិញ​ឡាន​ឲ្យ​ជិះ​ទេ។ គឺ​ទុក​លុយ​យក​មក​ធ្វើ​ស្ពាន ផ្លូវ ប្រឡាយទឹក សាលារៀន និង មន្ទីរពេទ្យ សម្រាប់​បម្រើ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ នេះហើយ​គឺជា​របៀប​ដោះស្រាយ​ប្រទេសជាតិ​របស់ ហ៊ុន សែន នោះ ។

សម្តេច​បន្តថា ស្ពាន​នេះ​បើក​សាង​ដោយ​បរទេស​វា​មានតម្លៃ​មិនតិចជាង ២០ លាន​ដុល្លារ​នោះទេ តែ កសាង​ដោយ​ខ្មែរ​យើង​ចំណាយ​អស់​តែ​ជាង ១៣ លាន​ដុល្លារ​ប៉ុណ្ណោះ នេះ​ហើយ​ដែល​ហៅថា​ខ្មែរ​នោះ​។ សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​ទៀត​ថា អាច​ចាត់ទុកថា ជា​ស្ពាន​ដំបូង​ដែល​កម្ពុជា​ធ្វើ ហើយ​យើង​នៅមាន​ស្ពាន​ច្រើនណាស់​ដែល​ត្រូវ​សាងសង់​នៅតាម​ព្រែក តាម​ស្ទឹង តាម​ទន្លេ។ សម្តេច​បន្តថា យើង​នឹងសិក្សា​មើលថា ស្ពាន​មួយ​ចំនួន​ដែល​ជា​តម្រូវ​ការចាំបាច់ ហើយ​មិនមាន​ជំនួយ​ពី​បរទេស​យើង​នឹងធ្វើ​ដោយ​ខ្លួនឯង។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ គង់ អៀង នាយរង​នាយកដ្ឋាន​វិស្វកម្ម​ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹង​ថា ស្ពាន​កោះ​ប៉ែន​នេះ ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ទឹកដី​កោះកំពង់ត្រុំ ឃុំ​កោះ​មិត្ត ស្រុក​កំពង់សៀម ក្បាលស្ពាន​ឈរ​ចំ​កោះ​កំពង់ត្រុំ នឹង​ភូមិ​កោះ​ចាស់​ត្រើយ​ខាងកើត​ទន្លេ​មេគង្គ​ក្នុង​។ ឯ​ត្រើយ​ខាងលិច​ទន្លេមេគង្គ​ក្នុង សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ក្បាលស្ពាន​ឈរ​ចំ​កំពង់ដរ​ឆៃ​វ៉ាត ឆ្ពោះទៅ​ព្រែក​ដើម​ចាន់។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ គង់ អៀង បាន​បន្តថា ដោយ​ផ្អែក​តាម​ស្ថានភាព​ទីតាំង​ភូមិសាស្ត្រ និង​ការវិវត្ត​ប្រែប្រួល​អាកាសធាតុ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​ លក្ខណៈ​នៃ​ការសាងសង់​ស្របតាម​ភាពជាក់ស្ដែង​គឺ ស្ពាន​ត្រូវបាន​សាងសង់​មាន​ប្រវែង ៧៧៩ ម៉ែត្រ ទទឹង​៩,២០​ម៉ែត្រ មាន​កំពស់​១៤,៦០​ម៉ែត្រ ប្រៀបធៀប​ពី​ក្បាលស្ពាន​មកដល់​កណ្ដាល​ស្ពាន​ខុសគ្នា​ចំនួន​៥​ម៉ែត្រ បើ​គិតពី​កម្ពស់​ទឹក​ឆ្នាំ​២០០០ គឺ​ស្ពាន​នៅ​ខ្ពស់ជាង​ទឹក​ចំនួន​៤​ម៉ែត្រ ទូក​ល្មម​អាច​បើកបរ​បាន​ក្នុង​រដូវវស្សា​។

លើ​ស្ពាន​បំពាក់​ភ្លើង​ដងគោម​បំភ្លឺ​ដូច​នៅ​ភ្នំពេញ​ចំនួន​៣១​ដើម សម្ដេច​តេ​ជោ បាន​ជួយ​បន្ថែម​អ៊ុត​កៅស៊ូ​បេតុង 80cm អស់​ជិត​១​ពាន់​តោន ចំណាយ​ប្រាក់​អស់​១​សែន​ដុល្លារ និង​តុបតែង​ក្បាលស្ពាន​ផងដែរ ។ ស្ពាន​ធ្វើ​ចរាចរណ៍​ទៅមក​អាច​ជៀស​គ្នា​បាន​និង​ផ្លូវ​ដើរ​ថ្មើរ​ជើង​ទាំងសង្ខាង​។ ស្ពាន​ធានា​ទម្ងន់​បាន ២៥ តោន ដល់​៣០​តោន អាយុកាល​ស៊ីសង​លើ​ការថែទាំ​ជាប្រចាំ​កុំ​ដឹក​លើស​ទម្ងន់​កំណត់ ។ ថវិកា​ត្រូវ​ចំណាយ​ក្នុងការ​សាងសង់​ចំនួន ៥៣.៧៨៨ លាន​រៀល​ស្មើនឹង ១៣,៤៥ លាន​ដុល្លារ ក្នុង​ផែនការ​ឆ្នាំ ២០១៣-២០១៧​។

លោក​ឧ​ត្ត​ម​សេនីយ៍​បាន​ឲ្យ​ដឹង​ទៀតថា ដោយ​មានការ​ត្អូញត្អែរ​ពី​បងប្អូន​ប្រជាពលរដ្ឋ​អំពី​ការលំបាក​ក្នុងការ​ឆ្លង​ទូកដរ ឬ​ស្ពាន​ឫស្សី សម្ដេច​តេ​ជោ ហ៊ុន សែន ផ្អែកលើ​បច្ចេកទេស​ស្ពាន​ត​ភ្ជាប់​រួចហើយនោះ សម្ដេច​អនុញ្ញាត​ឲ្យ​ឆ្លងកាត់​តែត្រឹម​ម៉ូតូ កង់ ចាប់ពី​ថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០១៧ រហូតដល់​ពេលនេះ មាន​រយៈពេល ១១ ខែ​ហើយ៕