ព័ត៍មានទាន់​ហេតុការណ៏
Search

លោកស្រី Rhona Smith ថា ការរំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​ធ្វើឡើង​តាម​ភស្តុតាង​យ៉ាង​លំអិត

ភ្នំពេញ ​៖ លោកស្រី រ៉ូ​ណ ស្មី​ត (Rhona Smith) អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លើកឡើង​បែបនេះ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៨ ដើម្បី​វាយ​តម្លៃ​ពី​ការរកឃើញ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​រយៈ​ពេល​១០​ថ្ងៃ នៅ​កម្ពុជា។

ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​លោកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith) បាន​លើកឡើងថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​រយៈពេល​១០​ថ្ងៃនេះ លោកស្រី​មាន​អាទិភាព​យ៉ាងច្រើន សម្រាប់​ការជួប​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន រាជរដ្ឋាភិបាល ហើយ​លោកស្រី​ក៏បាន​ជួប​ជាមួយ​លោក ញឹក ប៊ុនឆៃ អតីត​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នៅក្នុង​ពន្ធនាគារ​ប៉េ​ស៊ី ប៉ុន្តែ​លោកស្រី​ត្រូវបាន​បដិសេធ​មិន​ឲ្យ​ជួប​លោក កឹម សុខា​។

របាយ​ការ​ណ៍​លោកស្រី រ៉ូ​ណា ស្មី​ត បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា​នៅតែ​ទទួល​បាន​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ និង​ការអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស ដែល​បានផ្ដល់​ធនធាន​សម្រាប់​ការលើក​កំពស់​កិច្ចការ​សង្គម ការទទួលបាន​ការអប់រំ​ការងារ និង​កិច្ច​គាំពារ​សុខភាព​សមរម្យ​។ លោកស្រី​មាន​ក្តី​រីករាយ ចំពោះ​ផែនការអភិវឌ្ឍន៍​សន្តិ​សុខ​សង្គម និង​មូលនិធិ​សមធម៌​សុខភាព ដែល​នឹងធ្វើ​ការឈានទៅរក​លទ្ធ​ភាព​ទទួលបាន​កិច្ច​គាំពារ​សុខភាព​ជា​សាកល​។ លោកស្រី​បន្តថា​ប្រទេស​កម្ពុជា​បាន​ប្ដេជ្ញា​គាំទ្រ​ដល់​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព រួម​បន្ថែម​ទាំង​គោលដៅ​បោសសំអាត​មីន និង​គ្រាប់មីន​មិនទាន់​ផ្ទុះ​ផងដែរ​។

តាម​លោកស្រី Rhona Smith ខណៈពេលដែល​កម្ពុជា នឹង​បង្ហាញ​ពី​ផែនការ​មូលដ្ឋាន​រូបនីយកម្ម​នៃ​គោលដៅ​ទាំងនេះ សម្រាប់​អនុវត្ត​ក្នុងប្រទេស​របស់ខ្លួន​ទៅកាន់​ក្រុមការងារ​ជាន់ខ្ពស់​នា​ឆ្នាំក្រោយ ហើយ​ដើម្បី​ធ្វើអោយ​សមិទ្ធផល​ខាង​សិទ្ធិ​សេដ្ឋកិច្ច និង​សង្គម​មានការ​ចាក់ឫស​យ៉ាងរឹងមាំ វា​គឺជា​រឿង​ដ៏​ចាំបាច់ ដែល​យើង​ត្រូវ​គោរព​ឲ្យ​បាន​នូវ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​។

នៅ​ក្នុង​របាយការណ៍​របស់​លោកស្រី រ៉ូ​ណា ស្មី​ត ក៏បាន​ស្វាគមន៍​ផង​ដែរ ចំពោះ​ការបង្កើត​គោលនយោបាយ​ថ្នាក់​ជាតិ​ស្ដីពី​ការ​ជំនួយ​ផ្នែក​ច្បាប់ និង​ជំរុញ​ឲ្យ​គម្រោង​នេះ ត្រូវបាន​អភិវឌ្ឍ​យ៉ាង​ពេញលេញ និង​មាន​ធនធាន​គ្រប់គ្រាន់​។

ឆ្លើយតប​អ្នកសារព័ត៌មាន​ទាក់ទង​បញ្ហា​តុលាការ​នៅក្នុង​សំណុំរឿង​ក្នុង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី រ៉ូ​ណា ស្មី​ត បាន​លើកឡើងថា លោកស្រី​បាន​មើល​សេចក្តីសម្រេច​របស់​តុលាការ​រួចហើយ តាមរយៈ​ការបកប្រែ ហើយ​ភស្តុតាង​ទាំងអស់ ត្រូវបាន​ពន្យល់​យ៉ាង​លម្អិត ហើយ​តុលាការ​បានទទួល​យក​ភស្តុតាង​ទាំងនោះ ដោយ​មិន​មានការ​តតាំង​ក្តី​នោះទេ​។ តាម លោកស្រី Rhona Smith ភស្តុតាង​ទាំងនោះ ចាំបាច់​នៅក្នុង​ការប្រើប្រាស់​នៅក្នុង​សេចក្តីសម្រេចចិត្ត​នោះទេ​។

លោកស្រី Rhona Smith បញ្ជាក់ថា ភស្តុតាង​ទាំងនោះ ត្រូវបាន​តុលាការ​ទទួលយក​តាម​រយៈ​ការបង្ហាញ​។ មានន័យថា បង្ហាញ​យ៉ាងណា គឺ​យក​យ៉ាង​នោះ ដោយ​មិនមាន​ការការពារ​ក្តី តទល់​ជាមួយ​ការចោទប្រកាន់​នោះទេ ដូច្នេះ​ភស្តុតាង​ទាំងនោះ ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការរំលាយ​គណបក្ស​ស​ង្រោះ​ជាតិ ហើយក៏​ត្រូវបាន​ប្រើប្រាស់​នៅពេល​ចាប់ខ្លួន​លោក កឹម សុខា ផងដែរ​។

ដោយឡែក នៅក្នុង​របាយការណ៍​ចំនួន​៨​ទំព័រ ដែល​បាន​ផ្សព្វផ្សាយ​ដោយ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បាន​លើកឡើងថា ការរំលាយ​គណៈបក្ស​ស​ង្គ្រោះ​ជាតិ និង​ការបន្ត​ឃុំខ្លួន​បណ្ដោះអាសន្ន របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គឺជា​បញ្ហា ដោយសារតែ​ភស្តុតាង ដែល​លើកឡើង​សម្រាប់​ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ គឺជា​ផ្នែក​មួយ​នៃ​ភស្តុតាង​ដូចគ្នា ដែល​បច្ចុប្បន្ន​កំពុង​ត្រូវបាន​យក​មក​សំអាង​ដោយ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​កំពុង​ដំណើរការ​នីតិវិធី​ស៊ើបអង្កេត​។

ជា​មួយ​នឹង​ការ​លើក​ឡើង​ខាងលើ​នេះ​លោកស្រី Rhona Smith បាន​អះអាងថា តាំងពី​លោកស្រី​បាន​រាយការណ៍​ទៅកាន់​ប្រឹក្សា​សិទ្ធិមនុស្ស​កាលពី​ខែកញ្ញា ឆ្នាំ​២០១៧​មក ការ​រឹតត្បិត​ផ្នែក​សេរីភាព​ក្នុងការ​ប្រមូលផ្ដុំ និង​សេរីភាព​ខាង​ការបញ្ចេញមតិ និង​សេរីភាព​ខាង​សមាគម នៅតែ​កើនឡើង ហើយ​ជា​លទ្ធផល​តួអង្គ​នយោបាយ​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ចូលរួម​ធ្វើ​សកម្មភាព​នយោបាយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវបាន​បិទ​ហើយ​តួអង្គ​សង្គម​ស៊ីវិល​ជាច្រើន​មាន​ភាពស្ទាក់ស្ទើរ​ក្នុងការ​និយាយស្ដី​ជា​ចំហ ឬ​ការធ្វើសកម្មភាព​ការពារ​សិទ្ធិ​មនុស្ស។

ទោះជា​យ៉ាងណា ចំពោះ​ការបិត​កាសែត​មួយ​ចំនួន​នោះ លោកស្រី រ៉ូ​ណា ស្មី​ត អះអាងថា នៅពេល​លោកស្រី​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ហើយ​ខាង​ក្រសួង​បាន​ពន្យល់​អំពី​ការធ្វើ​អាជីវកម្ម​ទាំងឡាយ គឺ​ត្រូវតែ​បង់ពន្ធ ហើយ​កាសែត​ដែល​ត្រូវ​បាន​បិទ​នោះ (​មា​នក​សែត​ឌឺ​ខេ​ម​បូ​ឌា​ដែ​លី​ជាដើម​) គឺ​មូលហេតុ​ដោយសារ​ទៅកាន់​មិន​បង់ពន្ធ​។

ចំពោះ​សំនួរ​របស់​អ្នកសារព័ត៌មាន​ទាក់ទង​ទៅ​នឹង​ការ​អវត្តមាន​របស់​គណបក្ស​ប្រឆាំង​សម្រាប់​ការបោះឆ្នោត​តំណាងរាស្ត្រ ឆ្នាំ​២០១៨​ខាងមុខនេះ លោកស្រី រ៉ូ​ណា ស្មី​ត បាន​អះអាងថា នឹងមាន​គណបក្ស​តូចៗ​ជាច្រើន​ចូលរួម​នៅក្នុង​ការបោះឆ្នោត​នេះ ប៉ុន្តែ​អវត្តមាន​គណបក្ស​ដែលមាន​លក្ខណៈ​ប្រកួតប្រជែង​ដូចជា​បក្សប្រឆាំង​ជា​ដើម ហើយ​ការ​អវត្តមាន​នេះ នឹង​ធ្វើ​ឱ្យមាន​បញ្ហា​មួយចំនួន ដូច្នេះ​វា​សំខាន់​ណាស់ សម្រាប់​ការចូលរួម​ពី​គណបក្ស ដែលមាន​លក្ខណៈ​ប្រកួតប្រជែង។

សូមបញ្ជាក់ថា លោកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith) មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​១០​ថ្ងៃ ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៨ ដែល​ទស្សនកិច្ច​នេះ តាម​ការអញ្ជើញ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ លោកស្រី នឹងធ្វើ​របាយការណ៍​ប្រចាំឆ្នាំ ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ដែល​ក្រុមប្រឹក្សា​នេះ បានតែងតាំង​អ្នកស្រី​នៅក្នុង​ខែមីនា ឆ្នាំ​២០១៥​។ អ្នកស្រី​នឹង​បង្ហាញ​របាយការណ៍​បន្ទា​ប់​របស់​អ្នកស្រី​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ក្នុង​ខែកញ្ញា ឆ្នាំ​២០១៨​។ លោកស្រី​សាស្ត្រាចារ្យ រ៉ូ​ណា ស្មី​ត មកពី​ចក្រភព​អង់គ្លេស ត្រូវបាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​តែងតាំង​ជា​អ្នករាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាលពី​ខែមីនា ឆ្នាំ​២០១៥៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684