ព័ត៍មានទាន់​ហេតុការណ៏
Search

៩​គូ​ទាត់​ចូល​ទី​គ្នា​៣១​គ្រាប់ ក្នុង​ប្រកួត​លើក​ទី​២​ប្រចាំ​វគ្គ​ជម្រុះ​ថ្នាក់​ខេត្ត​នៃ​ពានរង្វាន់​បាល់ទាត់​សម្តេច​តេ​ជោ​ឆ្នាំ​២០១៨

ពានរង្វាន់​បាល់ទាត់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​ទី​១២​ឆ្នាំ​២០១៨ (Hun Sen Cup) ដែល​រៀបចំឡើង​ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ (CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) កំពុងដំណើរការ​នៅក្នុង​វគ្គ​ជម្រុះ​ថ្នាក់​ខេត្ត​នៅឡើយ​ដោយ​ការប្រកួត​ថ្ងៃទី​២​មាន​ចំនួន​៩​គូ​ផ្សេងគ្នា​នៅ​រសៀល​ថ្ងៃ​ពុធ ទី​១៤​ខែមីនា ឆ្នាំ​២០១៨ ព្រមទាំង​ទាត់​បញ្ចូល​ទី​គ្នា​ចំនួន​៣១​គ្រាប់។

ការប្រកួត​នៅ​ថ្ងៃ​ពុធ នេះ​រៀបចំឡើង​នៅ​វេលា​ម៉ោង​៣​រសៀល​ទាំងអស់ ខណៈ​លទ្ធផល​មាន​ពូ​ល A ក្រុម​គីរីវង់​សុខ​សែន​ជ័យ ស្មើគ្នា​ជាមួយ​ក្រុម​ខេត្តបាត់ដំបង ១​ទល់​១ លើ​ទីលាន​កីឡដ្ឋាន​ខេត្តតាកែវ ហើយ​ពូ​ល B ក្រុម​ព្រៃវែង ឈ្នះ​ក្រុម​យុវជន​ក្រសួងការពារជាតិ ២​ទល់​០ លើ​ទីលាន​ខេត្តព្រៃវែង ហើយ​ក្រុម​ត្បូងឃ្មុំ ឈ្នះ​ក្រុម​ខេត្តកណ្ដាល ១​ទល់​០ លើ​ទីលាន​ខេត្ត​ត្បូងឃ្មុំ និង​ក្រុម​ខេត្តកំពង់ចាម ឈ្នះ​ក្រុម​ខេត្តតាកែវ ៩​ទល់​១ លើ​ទីលាន​ខេត្តកំពង់ចាម​។ ចំពោះ​ពូ​ល D ក្រុមយុវជន​សាលា​បាល់ទាត់​បាទី (U18) ឈ្នះ​ក្រុម​ខេត្តកំពត ៦​ទល់​០ លើ​ទីលាន​បាទី ហើយ​ក្រុម​កែប ចាញ់​ក្រុម​ព្រះសីហនុ ២​ទល់​១ លើ​ទីលាន​ខេត្ត​កែប​។ សម្រាប់​ពូ​ល E ក្រុម​បន្ទាយមានជ័យ ចាញ់​ក្រុម​កំពង់ធំ ១​ទល់​០ លើ​ទីលាន​ខេត្តបន្ទាយមានជ័យ ហើយ​ក្រុម​ខេត្តសៀមរាប ឈ្នះ​ក្រុម​ព្រះវិហារ ២​ទល់​០ លើ​ទីលាន​ខេត្តសៀមរាប និង​ក្រុម​ស៊ីម៉ាក់ ស្មើគ្នា​ជាមួយ​ក្រុម​ឧ​ត្ត​រ​មានជ័យ ២​ទល់​២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់ CNCC ពានរង្វាន់​នេះ​នឹង​រៀបចំ​ចំនួន​២​វគ្គ​ដោយ​វគ្គ​ទី​១ ហៅថា​វគ្គ​ជម្រុះ​ថ្នាក់​ខេត្ត និង​វគ្គ​ទី​២​ហៅថា​វគ្គ​ជម្រុះ​ថ្នាក់ជាតិ ដែល​ការប្រកួត​ចាប់ពី​ថ្ងៃទី​៧ ខែមីនា រហូតដល់​ថ្ងៃទី​៦ ​ខែតុលា ឆ្នាំ​២០១៨​។ ចំពោះ​វគ្គ​ជម្រុះ​តាម​ថ្នាក់​ខេត្ត​បែងចែក ការប្រកួត​ជា​២​វគ្គ​ខុសគ្នា​ទៀត​គឺ​វគ្គ​ជម្រុះ​តាម​ពូ​ល​និង​ជម្រុះ​ចុងក្រោយ​។ វគ្គ​តាម​ពូ​ល​មាន​ក្រុម​ចំនួន​២៣​ខេត្ត​ចូលរួម​បូក​ជាមួយ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​, ស៊ីម៉ាក់​, យុវជន​ក្រសួងការពារជាតិ និង​សាលា​បាល់ទាត់​ជាតិ​បាទី ទាំងអស់​២៧​ក្រុម​បែង​ចែកជា​៥​ពូ​ល​។ ក្រុម​លេខ​១​ដល់​លេខ​៣ បូក​ទាំង​ក្រុម​លេខ​៤​ល្អ​បំផុត​ក្នុងចំណោម​ពូ​ល​ទាំង​៥​មានឈ្មោះ​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ ចំណែក​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ យក​ក្រុម​ទាំង​១៦​ចាប់​គូ​គ្នា​ប្រកួត​ប្តូរ​ទឹកដី​គ្នា រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​។ ក្រុម​ដែល​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ (៤​ក្រុម​ខ្លាំង​ជាង​គេ​) មានឈ្មោះ​ឡើង​ទៅ​ប្រកួត​ដណ្តើម​ជើងឯក​ថ្នាក់ជាតិ​។

ចំណែក​ការប្រកួត​ជើងឯក​ថ្នាក់​ជាតិ​វិញ​មាន​ក្រុម​ចំនួន​១២​ជា​សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​នៅ​រង់ចាំ​បូក​ជាមួយ​ក្រុម​ចំនួន​៤​ខ្លាំង​ជាង​គេ​មកពី​ការប្រកួត​ជម្រុះ​ជើងឯក​ថ្នាក់​ខេត្ត​។ ដោយ​ចាប់ឆ្នោត​រើស​គូ​ប្រកួត​ប្តូរ​ទឹកដី​គ្នា (​ចំនួន​២​លើក​) ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​តែម្តង​។ ​យ៉ាងណា​ក្តី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​និង​វគ្គ​ផ្ដាច់ព្រ័ត្រ​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ ទាំង​ក្នុង​វគ្គ​ជម្រុះ​ជើងឯក​ថ្នាក់​ខេត្ត​និង​វគ្គ​ជម្រុះ​ជើងឯក​ថ្នាក់ជាតិ​ក្នុង​ពានរង្វាន់​នេះ​។

សូម​រំលឹក​ថា ​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​២០១៧ បាន​ទៅ​ព្រះខ័ន​រាជ​ស្វាយរៀង អមដោយ​ពានរង្វាន់​១ មេដាយ​ម្នាក់​១​គ្រឿង​និង​ទឹកប្រាក់ ៨០​លាន​រៀល ហើយ​ក្រុម​ណាហ្គា​វើ​ល ជា​ជើងឯក​រង បាន​មេដាយប្រាក់​ម្នាក់​១​គ្រឿង អម​ដោយ​ទឹកប្រាក់ និង​ទឹកប្រាក់​៤០​លាន​រៀល ខណៈ​ក្រុម​អគ្គីសនី​កម្ពុជា ឈរ​លេខ​៣ ទទួលបាន​មេដាយ​សំរឹទ្ធ​ម្នាក់​១​គ្រឿង អមដោយ​ទឹកប្រាក់​២០​លាន​រៀល​និង​ក្រុម​បឹងកេត ឈរ​លេខ​៤ ទទួលបាន​ទឹកប្រាក់​១០​លាន​រៀល​។

បើ​រាប់​បញ្ជី​ឈ្មោះ​ក្រុម​ដែល​ធ្លាប់​ឈ្នះ​ជើងឯក​ពានរង្វាន់​សម្តេច​តេ​ជោ តាំងពី​បង្កើត​ដំបូង​ក្នុង​ឆ្នាំ​២០០៧ មក​មាន​ក្រុម​ខេមរា​កីឡា ឆ្នាំ​២០១៧,​ភ្នំពេញ​ក្រោ​ន (​ឬ​ភ្នំពេញ​អ៊ី​ម​ផាយ​អ័​រ​) ឆ្នាំ​២០០៨,២០០៩, ក្រសួងការពារជាតិ ឆ្នាំ​២០១០, ព្រះខ័ន​រាជ​ស្វាយរៀង ឆ្នាំ​២០១១,២០១២, ណាហ្គា​វើ​ល ឆ្នាំ​២០១៣, អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ឆ្នាំ​២០១៤, ព្រះខ័ន​រាជ​ស្វាយរៀង ឆ្នាំ​២០១៥ និង​ក្រសួងការពារជាតិ ឆ្នាំ​២០១៦៕