ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្ទេរ និង​ប្រកាស​ចូលកាន់​មុខ​តំណែង​ប្រធាន​ទីស្នាក់ការ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី​ថ្មី

​ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅ​ទីស្នាក់ការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី ស្ថិតនៅ​ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះ​សម្តេច ខេត្តព្រៃវែង បានរៀបចំ​ផ្ទេរ និង​ប្រកាស​ចូលកាន់មុខតំណែង ប្រធាន​ទីស្នាក់ការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី​ថ្មី គឺលោក ហាស់ ពណ្ណ​ភ័ណ្ណ ជា​ប្រធាន​ទីស្នាក់ការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី ជំនួសលោក ទួន សុគ​ន្ថា ដែល​បានបញ្ចប់​អាណត្តិ។

លោក​ប្រធាន​ថ្មីបាន​ប្តេជ្ញាចិត្ត​ថា លោក​នឹង​ខិតខំ​ពុះពារ​យកចិត្តទុកដាក់​បម្រើ​ផលប្រយោជន៍​ជូនប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង ជាពិសេស​ក្នុង​ការផ្តល់​សេវាសាធារណៈជូនប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ល្អប្រសើរ ដើម្បី​ឆ្លើយតប​ទៅនឹងជំនឿ​ជឿជាក់របស់​រដ្ឋបាលខេត្ត ជាពិសេស​ក្រសួងមហាផ្ទៃ ដែល​បានប្រគល់​ភារកិច្ច​ជូន​រូបលោក​ឱ្យកាន់​មុខតំណែង​ដ៏មាន​សារៈសំខាន់​នេះ។

លោក​ប្រធាន​ បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត​ដូចតទៅ​ ​៖​ ១-​ស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ,២-សូម​ប្តេជ្ញាចិត្ត​បន្ត​ការដឹកនាំ​អនុវត្ត​កម្មវិធី​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល រួម​ទាំងគោលការណ៍​ដឹកនាំ​របស់​ក្រសួងមហាផ្ទៃ អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ ដែល​បាន​ដាក់ចេញ,៣-​សូម​ប្តេជ្ញាចិត្ត​ស្មោះត្រង់​ចំពោះ​ជាតិ លើក​កម្ពស់​ស្មារតី​ខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង កាយ​ចិត្ត ប្រាជ្ញា និង​ស្មារតី សាមគ្គីភាព​ផ្ទៃក្នុង​ជា​ធ្លុង​មួយ​ក្នុង​ជួរ​មន្ត្រី​ក្រោម​ឱវាទ សហការ​និង​ទំនាក់ទំនង​ល្អជាមួយ​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ យកចិត្តទុកដាក់ ជំរុញ​ការងារ​អនុវត្ត​គោលការណ៍​អភិវឌ្ឍន៍​ខេត្ត ក្រុង ស្រុក និង​មូលដ្ឋាន​ដើម្បី​ភាព​រីកចម្រើន​គ្រប់​វិស័យ ស្របតាម​បំណង​ប្រាថ្នា​របស់​រាជរដ្ឋាភិបាល, ៤-​ខិតខំ​អនុវត្តន៍ និង​សេចក្តី​សម្រេច​របស់​ក្រសួង ខេត្ត ស្រុក ឲ្យ​បាន​ល្អ,៥-​ខិតខំ​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​អង្គភាព និង​សហការ​ការងារ​ជាមួយ​ក្រុមហ៊ុន និង​អាជ្ញាធរ គ្រប់​លំដាប់​ថ្នាក់​ដែល​បានដាក់​ចេញ​ឲ្យ​បានល្អ។

លោក សួន សុ​ម៉ា​លីន អភិបាលរង​ខេត្តព្រៃវែង តំណាង​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង បាន​មានមតិ​ផ្តាំផ្ញើ​ដល់​ប្រធាន​ទីស្នាក់ការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី​ថ្មី ត្រូវ​បន្ត​ការដឹកនាំឱ្យ​បានល្អ​ ពិសេស​ទំនាក់ទំនង​ល្អជា​មួយ​ភាគី​វៀតណាម ក្នុងការ​បង្ក​លក្ខណ​ល្អ​ដល់​ប្រជាពលរដ្ឋទាំងពីរ​នៅជាប់​ព្រំដែន​គ្នា ​ក្នុង​ការដោះដូរ​ទំនិញ​រវាង​ប្រទេស​ទាំងពីរឱ្យបាន​ល្អប្រសើរ ទាំង​ភាគី​កម្ពុជា និង​ភាគី​វៀតណាម​។ លោកសូមឱ្យ​ស្ថាប័ន​ជំនាញ សមត្ថកិច្ច​ទាំងអស់ ខិតខំបំពេញភារកិច្ច​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​តាមច្បាប់ លិខិតបទដ្ឋាន ដែល​បានចែង និង​បន្តសហប្រតិបត្តិការ​ជាមួយ​ភាគី​ជា​មិត្ត​រវាង​កម្ពុជា វៀតណាម និង​សូម​អនុវត្ត​ការងារ​ឱ្យ​បានល្អដូចជាៈ ១-​ផ្តល់​សេវា​ល្អ​ជូន​ប្រជាពលរដ្ឋ​ទាំងសងខាង (​កម្ពុជា វៀតណាម )​,​២-​សាមគ្គីភាពផ្ទៃក្នុង​ឱ្យបាន​ល្អ​,៣-​ស្ថាប័ន​ជំនាញ​ត្រូវ​អនុវត្តតាម​ការដឹក​នាំ​របស់​ប្រធាន​ច្រកទ្វារ ហើយប្រធាន​ច្រកទ្វារ​ត្រូវ​រាយការណ៍​នូវ​សភាព​ការមិន​ប្រក្រតី មក​អភិបាលរង​ខេត្ត​ទទួលបន្ទុកកិច្ចការ​ព្រំដែន ដើម្បី​មាន​មូលដ្ឋាន​រាយការណ៍​ជូន​អភិបាលខេត្ត៕