ព័ត៍មានទាន់​ហេតុការណ៏
Search

ចាន់ ស៊ី​ណាត និង ពេជ្រ ម្ទេសខ្មាំង ឡើង​ប្រកួត​បង្គ្រប់​កិច្ច​ជម្រុះ​ខ្សែក្រវាត់​គូ​បូ​តា

ចាន់ ស៊ី​ណាត អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ និង ពេជ្រ ម្ទេសខ្មាំង អ្នក​ប្រដាល់​ក្លិប​អា​រុណ​រះ​កីឡា នឹង​ឡើង​ប្រកួត​បង្គ្រប់កិច្ចជាមួយ​អ្នក​ប្រដាល់​ថៃ ក្នុងការ​ប្រកួត​ជម្រុះ​សន្សំ​ពិន្ទុ​ជុំ​ចុងក្រោយ នៃព្រឹត្តិការណ៍​ដណ្តើម​ជើងឯក​ខ្សែក្រវាត់​គូ​បូ​តាទម្ងន់ ៥៧ គីឡូក្រាម នា​យប់​ថ្ងៃ​សុក្រ​ទី២៣ មីនា ២០១៨ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។

​ចាន់ ស៊ី​ណាត និង ពេជ្រ ម្ទេសខ្មាំង ពួកគេ​អស់​ឱកាស​បាន​ឡើងទៅ​ប្រកួត​បន្ត​ក្នុង​វគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រ​ហើយ ដោយសារ​ក្នុង​ពូ​ល​កីឡាករ​ខ្មែរដែលមាន​៤​រូបនោះ មាន​ពីររូបត្រូវបាន​ជាប់​ឡើងទៅ​ហើយ គឺ​ សុខ ធី ក្លិប​សៅ​យ៉ាន់​នាគា និង ឡុង ជិន ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ដែល​ពួកគេ​ទាំងពីរ​នាក់​នេះបាន​ប្រកួត​ចប់​ជុំ​ទៅហើយ ហើយ​អ្នក​ទាំងពីរ​ក្នុងការ​ប្រកួត​ជម្រុះ​៤​ជុំកន្លងមក គឺ​ឈ្នះ​ទាំង​៤​ជុំ បាន​១២​ពិន្ទុ​ដូចគ្នា។ ​ដោយសារ​រូបមន្ត​ប្រកួត​ជម្រុះ​តាម​ពូ​ល​នោះ សុខ ធី និង ឡុង ​ជិន ត្រូវ​ឡើងទៅ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ព្រោះ​គេ​ទាំងពីរ​ជាប់​លេខ​១​ លេខ​២ ​ក្នុង​ពូ​លទៅហើយ។

​សម្រាប់ ​ចាន់ ស៊ី​ណាត និង​ ពេជ្រ ​ម្ទេសខ្មាំង ពួកគេ​ទាំងពីរ​ទោះជា​នៅសល់​មួយ​ប្រកួត​ហ្នឹង​ក៏ដោយ ក៏​អ្នក​ទាំងពីរ​មិនបាន​ជាប់​ចំណាត់ថ្នាក់​ក្នុង​ពូ​ល​ឡើងទៅ​ដែរ ព្រោះ​រូបមន្ត​ប្រកួត​តម្រូវ​យកតែ​កីឡាករពីររូប​ប៉ុណ្ណោះ​ក្នុង​មួយ​ពូ​ល​នោះ​។ ៣​ ជុំ​កន្លងមក ចាន់ ស៊ី​ណាត​ ឈ្នះ​២ ​ចាញ់​១​ប្រកួត ឯ ពេជ្រ ម្ទេសខ្មាំង ឈ្នះ​១​ និង​ចាញ់​២​ប្រកួត ដូច្នេះ​មិនអាច​បាន​ឡើង​នោះទេ បើទោះជា​មួយ​ប្រកួតចុងក្រោយ​នេះ​វាយ​ឈ្នះ​ថៃ​ក្តី។

​ការប្រកួត​ចុងក្រោយ​នេះ ចាន់ ស៊ី​ណាត គេ​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ឡាវ ​Thanupetch Yayamuaythai ។​ អ្នក​ប្រដាល់​ឡាវ​នេះ បើសិនជា​គេ​អាច​យកឈ្នះ​ ចាន់ ស៊ី​ណាត បាន​នោះគេ​នឹងត្រូវបាន​ឡើងទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ព្រោះ​ក្នុង​ពូ​ល​កីឡាករ​បរទេស ៤ រូប សុទ្ធតែ​ឈ្នះ​មួយ​ប្រកួត​ម្នាក់​ដូចគ្នា ហើយពីរ​នាក់​ដែល​ចប់​ការប្រកួត​ហើយ​នោះ មាន Khompichith Phumpan moung(​ថៃ​) និង ​Rouenthai Dabphong191(​ថៃ​) ពួកគេ​ទាំងពីរ​នេះ ៤​ប្រកួត​ឈ្នះ​១​ ចាញ់​៣ប្រកួត ​មាន​ ៥​ ពិន្ទុ​ប៉ុណ្ណោះ។

​ឯ Thanupetch អ្នក​ប្រដាល់​ឡាវ​នេះគេ​ប្រកួត​៣​ប្រកួត ឈ្នះ​១ ​ចាញ់​២​ប្រកួត ​មាន​៤​ពិន្ទុ ដូច្នេះបើ​គេឈ្នះ​ ចាន់ ស៊ី​ណាត ​នោះគេ​នឹង​បាន​៧​ពិន្ទុ គឺ​នឹង​បាន​ជាប់​ឡើងទៅ​ប្រកួត​បន្ត​មិន​ខាន។ ប៉ុន្តែយ៉ាងណា មិនដឹងថា Thanupetch​ នេះអាច​វាយ​ឈ្នះ ​ចាន់ ស៊ី​ណាត ​ឬ​អត់​នោះទេ​?។​

ចំពោះអ្នក​ប្រដាល់​ថៃ​ម្នាក់​គឺ Kropetch Site Jarchath ដែល​ត្រូវ​ជួប​ជាមួយ ​ពេជ្រ ម្ទេសខ្មាំង​ វិញ​នោះ ៣ ​ប្រកួត​កន្លងមកវាយ​ចាញ់​ទាំង​៣​ប្រកួត មានតែ​៣​ពិន្ទុ​ទេ ដូច្នេះ​ទោះ​មានសំណាង​ឈ្នះ ​ពេជ្រ ម្ទេសខ្មាំង ក៏​មិនទាន់​ច្បា​ស់ថាបាន​ឡើង​ដែរ ទាល់តែ​គេ​វាយ ​ម្ទេសខ្មាំង​ សន្លប់​ទឹក​១ ទើប​សង្ឃឹមថាបាន​ឡើង តើ​អាចទៅរួច​ដែរ​ទេ?។​ ដូច្នេះ Kropetch ដែល​ចាញ់​៣​ប្រកួត​ទៅហើយ បែបធ្វើទៅ​មិន​រួច​នោះទេ ព្រោះ ​ម្ទេសខ្មាំង ទោះជា​គេ​ធ្លាក់​ទៅហើយ​ក្តីក៏​គេ​មិន​យោគយល់ ​ឬ​បន្ធូរ​ដៃដែរ។

​និយាយ​រួមក្នុង​ពូ​ល​កីឡាករ​បរទេស​នេះ គេ​មិនទាន់​កំណត់​បាន​ថា​នរណា​ជាប់​ឬ​ធ្លាក់​នោះទេ ព្រោះពិន្ទុ​កំពុង​ស្មើគ្នា​នៅឡើយ លើកលែងតែ Kropetch គូ​របស់​ ពេជ្រ​ ម្ទេសខ្មាំង​ ប៉ុណ្ណោះ ដែលមាន​ពិន្ទុ​ទាប​ជាងគេ​ ៣​ ពិន្ទុ​នោះ​។ យ៉ាងណានៅពេលដែល​លទ្ធផល​ចេញរវាង​ពីរ​គូ​ចុងក្រោយនេះ នោះ​នឹង​ដឹង​ច្បាស់​ថា ក្នុងចំណោម​កីឡាករ​ឡាវ ថៃ ៤​ រូបនោះ នរណា​ឡើង នរណាធ្លាក់​ហើយ។

​សូមបញ្ជាក់ថា កីឡាករ​ខ្លាំង​ទាំង៨​រូប ដែល​ចូលរួម​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​គូ​បូ​តា​រដូវ​កាល​ថ្មី​ ទម្ងន់ ៥៧ ​គីឡូក្រាម​នេះ មាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​៤​រូប និង អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​-​ឡាវ ៤ រូប ចូលរួម​វាយ​ដណ្តើមយក​ខ្សែក្រវាត់​នេះ។ អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង​៤​រូប​របស់​កម្ពុជា​នោះ គឺ ពេជ្រ ម្ទេស​ខ្លាំង​ ក្លិប​អា​រុណ​រះ​កីឡា,ចាន់ ស៊ី​ណាត អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ,សុខ ធី អ្នក​ប្រដាល់​ក្លិបសៅ​យ៉ាន់​នាគា​ខេត្តបន្ទាយមានជ័យ និង ឡុង ជិន អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ។ ​ចំ​ណែក​អ្នកប្រដាល់​ជើង​ខ្លាំង​ថៃ​-​ឡាវ ៤ រូប រួមមាន Thanupetch Yayamuaythai (​ឡាវ​), Kropetch Site Jarchath (​ថៃ​),Khompichith Phumpanmoung(​ថៃ​) និង ​Rouenthai Dabphong191(​ថៃ​) ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114