ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Macron បើក​យុទ្ធនាការ​ដើម្បី​ជំរុញ​ភាសា​បារាំង​នៅ​ទូទាំង​ពិភពលោក

លោក​ប្រធានាធិបតី Emmanuel Macron កាលពី​ថ្ងៃ​អង្គារ​បានបង្ហាញ​ពី​ផែនការ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​កាន់តែច្រើន​និយាយ​ភាសា​បារាំង​ ដោយ​លោក​បាន​និយាយថា “​ទ្រព្យសម្បត្តិ​ដែល​ចែករំលែក​ដោយ​មនុស្ស​៧០០​លាន​នាក់​” គឺជា​កម្មសិទ្ធិ​របស់​អ្នក​ទាំង​អស់ហើយ​ គួរតែ​ត្រូវបាន​គេ​ផ្តល់​ឲ្យ​កាន់តែ ច្រើន​នៅក្នុង​សហភាព​អឺរ៉ុប​មុន Brexit។

ប្រធានាធិបតី​វ័យក្មេង​របស់​ប្រទេស​បារាំង​រូបនេះ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ទស្សនិកជន​បរទេស​ជាមួយនឹង​ភាសា​អង់គ្លេស​ដ៏​ល្អឥតខ្ចោះ​របស់គាត់​។​

មិនតែប៉ុណ្ណោះ ខណៈពេលដែល​ខ្លួន​គាត់​បានជ្រើសរើស​យក​ភាសា​អង់គ្លេស​នៅពេល​និយាយ​ទៅកាន់​វិនិយោគិន​ក្នុង​ទីក្រុង Davos ឬ​ត្រូវបាន​សម្ភាសន៍​ដោយ​អ្នកសារព័ត៌មាន​បរទេស​នោះ​, អ្នក​ដែល​ស្រលាញ់​អក្សរសាស្ត្រ​វ័យ​៤០​ឆ្នាំ​រូបនេះ​ចង់​ឲ្យ​មនុស្ស​កាន់តែច្រើន​និយាយ​ភាសា​កំណើត​របស់គាត់​ជាពិសេស​នៅក្នុង​ទ្វីបអាហ្វ្រិក​ដែល​ត្រូវបាន​គេ​មើលឃើញថា​ជា​អ្នក​និយាយ​ភាសា​បារាំង​ថ្មី​ដ៏​មាន​សក្តានុពល​។

ក្នុងការ​ថ្លែង​សុន្ទរកថា​រយៈពេល​១​ម៉ោង​ដើម្បី​ប្រារព្ធ​ទិវា​ភាសា​បារាំង​អន្តរជាតិ​, លោក Macron បាន​ទទួលស្គាល់ថា ភាសា​បារាំង​នៅតែ​ជាប់​ពាក់ព័ន្ធ​នឹង​ប្រទេស​មួយចំនួន​ជាពិសេស​នៅក្នុង​ទ្វីបអាហ្វ្រិក​ដោយមាន​អាណានិគមនិយម​និង​របប​ផ្តាច់​ការដែល​ទីក្រុង​ប៉ារីស​បាន​បង្កើត​ឡើង​រាប់​ទសវត្សរ៍​បន្ទាប់ពី​ឯករាជ្យភាព​។​

យោងតាម​ការប៉ាន់ស្មាន​ជា​ផ្លូវការ​របស់​បារាំង​ផ្អែកលើ​ចំនួន​ប្រជាជន​នៃ​ប្រទេស​ដែល​ភាសា​បារាំង​គឺជា​ភាសាផ្លូវការ​នោះបាន​ឲ្យ​ដឹងថា ភាសា​បារាំង​បច្ចុប្បន្ន​គឺជា​ភាសា​ដែល​គេ​និយាយ​ច្រើន​បំផុត​លំដាប់​ទី​៥​របស់​ពិភពលោក​បន្ទាប់ពី​ភាសា​ចិន​កុក​ងឺ អង់គ្លេស អេ​ស្ប៉ា​ញ​និង​អារ៉ាប់​។​

នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ប្រទេស​ប៊ូ​គី​ណា​ហ្វា​សូ​នៅ​ភាគ​ខាងលិច​អាហ្វ្រិក​កាលពី​ខែវិច្ឆិកា​, លោក Macron បាន​អំពាវនាវ​ដល់​ប្រជាជន​អាហ្វ្រិក​ឲ្យ​ទប់​ទល់នឹង​ការទាក់ទាញ​របស់​ភាសា​អង់គ្លេស​និង​ធ្វើ​ឲ្យ​ភាសា​បារាំង​ក្លាយជា​ភាសា​ទី​១​នៅក្នុង​ទ្វីបអាហ្វ្រិក​និង​ប្រហែលជា​ទីមួយ​លើ​ពិភពលោក​នៅក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ខាងមុខ​ទៀត​។​

ដោយ​សរសើរ​គ្រូបង្រៀន​ភាសា​បារាំង​ថា​ជា “​វិ​រ​បុរស​” នោះ​, លោក Macron ដែល​ភរិយា​របស់លោក​ឈ្មោះ Brigitte ជា​អតីត​គ្រូបង្រៀន​ភាសា​បារាំង​គឺ​បានប្រកាស​អំពី​វិធានការ​ចំនួន​៣០​ដើម្បី​កែលម្អ​ការបង្រៀន​ភាសា​បារាំង កែប្រែ​ការធ្លាក់ចុះ​នៃ​ការប្រើប្រាស់​របស់ខ្លួន​នៅតាម​ស្ថាប័ន​អន្តរជាតិ​ហើយ​គាំទ្រ​តន្ត្រីករ​និង​អ្នកនិពន្ធ​ដែល​ប្រើ​ភាសា​បារាំង​៕ AFP


TAG