ព័ត៍មានទាន់​ហេតុការណ៏
Search

យុទ្ធនាការ «យើង​គោះ​ជួងដើម្បី​ការអប់រំ​សម្រាប់​ទាំងអស់គ្នា»​ ត្រូវបាន​ធ្វើឡើងនៅ​វិទ្យាល័យ​ព្រះអង្គឌួង ក្រុង​ព្រៃវែង

​ព្រៃវែង៖ យុទ្ធនាការ​ «យើង​គោះ​ជួងដើម្បី​ការអប់រំ​សម្រាប់​ទាំងអស់គ្នា» រៀបចំ​នៅ​វិទ្យាល័យ​ព្រះអង្គឌួង ក្រុង​ព្រៃវែង ខេត្តព្រៃវែង នា​ព្រឹក​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក ម៉នី បណ្ឌិត អភិបាលក្រុង​ព្រៃវែង។

​លោក ផន សុផល ប្រធាន​កម្មវិធី​អង្គការ​អតីតយុទ្ធជន​អន្តរជាតិ​កម្ពុជា តំណាង​អង្គការ​មជ្ឈមណ្ឌលស្តារ​លទ្ធភាព កាយ​សប្ប​ទា ខេត្តព្រៃវែង​ (VIC)​ បាន​មានប្រសាសន៍ថា យើងគោះជួងដើម្បី​ការអប់រំ​សម្រាប់​ទាំងអស់គ្នា គឺ​មានន័យ​យ៉ាងសំខាន់សំដៅលើ​ការ​ពញ្ញាក់​អារម្មណ៍​ដល់​អាណាព្យាបាល​សិស្ស​ទាំងអស់ បូក​រួមទាំង​លោកគ្រូ អ្នកគ្រូ ព្រមទាំង​អ្នកពាក់ព័ន្ធនានា  ឱ្យ​យកចិត្ត​ទុក​ដា​ក់លើ​ការជំរុញ និង​លើក​កម្ពស់​ការ​ចូល​រៀន​របស់​កុមារ​ទាំងអស់ ជាពិសេស​កុមារ​ពិការ​ទាំង​ពីរ​ភេទ ដោយ​គ្មាន​ការរើសអើង​ក្នុង​សហគមន៍ និង​សង្គម​យើង​ទាំងមូល ព្រោះ​ពួកគេ​គឺជា​ទំពាំង​ស្នង​ឫស្សី នឹង​ក្លាយ​ជា​អ្នក​បន្តវេន​ពី​ពួក​យើង​។

​លោក​បន្តថា យុទ្ធនាការ​គោះ​ជួង​ថ្ងៃនេះ​ នឹង​ទទួលបាន​លទ្ធផល​ល្អ​ប្រសើរ តាមរយៈ​ការចូលរួមចំណែក​យ៉ាង​ផុលផុសពី​ លោក លោកស្រី និង​សិស្សានុសិស្ស​ទាំងអស់ ដើម្បីជា​សក្ខីភាព និង​ជា​សំឡេង​ដ៏ខ្លាំង​មួយ​របស់​យើង​ទាំងអស់គ្នា ជាពិសេស​កុមារ​ពិការ ដោយ​មានការគាំទ្រ​ពី​ស្ថាប័ន​ពាក់​ព័ន្ធរបស់​រាជរដ្ឋាភិបាល ក៏ដូចជា​លើ​ឆាក​អន្តរជាតិ ឱ្យយកចិត្តទុកដាក់​បន្ថែម​ទៀត​ចំពោះ​កុមារ​ពិការ និង​ធានាបាន​ថា គ្មាន​កុមារ​ពិការ​ណា​ម្នាក់​ត្រូវបានបំភ្លេច និង​បោះបង់ចោល​ពី​ការសិក្សា​ឡើយ​។

​លោក លាក់ ជ័យ​វុទ្ធី តំណាង​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ព្រៃវែង បាន​លើកឡើងថា ជនពិការភាគច្រើន​ជា​អ្នកក្រីក្រ​បំផុតក្នុងចំណោម​អ្នកក្រីក្រ​ដទៃទៀត ជាពិសេស​កុមារ​ពិការស្ថិតនៅក្នុង​ស្ថានភាព​ងាយ​រងគ្រោះ​បំផុត និង​បាត់បង់​ឱ​កាស​ទទួលបាន​ការអប់រំ ហើយ​កម្រិតជីវភាព​របស់​ពួកគាត់ស្ថិត​ឆ្ងាយ​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ ដោយ​សមត្ថភាព​ចូលរួម​ក្នុងសកម្មភាព​សេដ្ឋកិច្ច​នៅមានកម្រិត​បំផុត។ ជនពិការ​ប្រឈម ​និង​មិន​រាប់បញ្ចូល​ក្នុងសេដ្ឋកិច្ចសង្គម​ និង​រើសអើង ​ហើយ​ការទទួលបាន​សេវា​សង្គម​របស់​ពួកគាត់​នៅមាន​កម្រិត​ទាប ដូចជា​សេវា​សុខភាព អប់រំ ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ការងារ និងឱ​កាស​រកប្រាក់​ចំណូលជាដើម​។

​លោក​បន្តថា បញ្ហា​ពិការភាព​ គឺជា​បញ្ហា​ស្មុគស្មាញ និង​ចាំបាច់​ដោះស្រាយក្នុងចំណោម​កិច្ចការសង្គម​ទាំងឡាយ ដែល​ទាមទារ​ភាព​អត់ធ្មត់ តស៊ូ និង​ការចូលរួម ក្នុងការ​កាត់ផ្តាច់​វដ្តភាពក្រីក្រ ដែលនាំឱ្យ​ពិការភាព និង​ពិការភាព​នាំឱ្យ​ភាពក្រីក្រ​។

​លោក​បន្តថា កិច្ចការ​នេះ​មិនអាច​អនុវត្តបាន​ជោគជ័យ​ឡើយ ប្រសិនបើ​គ្មាន​កិច្ចសហប្រតិបត្តិការប្រកប​ដោយ​ឆ​ន្ទៈ​ពី​ក្រសួង​ស្ថាប័នពាក់​ព័ន្ធ ​ដៃគូ​អភិវឌ្ឍ អង្គការ​សង្គម​ស៊ីវិល ជនពិការ គ្រួសារ​ជនពិការ និង​សហគមន៍របស់​ពួកគេ​។​ ក្នុងចំណោម​ដៃគូទាំងអស់ CIV​ គឺជា​ដៃគូអភិវឌ្ឍ​ដ៏សំខាន់​មួយ លើក​ការអនុវត្ត​គម្រោង​ស្តារ​លទ្ធភាព​ពលកម្ម​ជនពិការ​នៅ​ស​សហគមន៍ ដោយមាន​ការសហការ​យ៉ាង​ល្អជា​មួយ​ក្រសួង និង​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនិតិ​សប្បទា ក៏​ដូចជា​ក្រសួង​ម​ន្ទី​រដ​ទៃទៀត​។

​​លោក ​ម៉ន​នី បណ្ឌិត អភិបាល​នៃ​គណៈ​អភិបាលក្រុង​ព្រៃវែង យុ​ទ្ធនា​ការ​នេះ​ គឺជា​លើក​ទីមួយសម្រាប់ខេត្តព្រៃវែង​ ក្រោម​ប្រធានបទ “​យើង​គោះ​ជួង​” នេះ​គឺ​ក្នុងន័យ​ជួយ​ពង្រឹង និងលើកស្ទួយ​វិស័យ​អប់រំ និង​ដោយ​ផ្តោតជាសំខាន់​ទៅលើ​ប្អូនៗ​ពិការភាព ក្នុងការ​ទទួលបាន​នូវការអប់រំ និង​ការងារ​សមរម្យ​ដូច​បងប្អូន​ដែលមាន​កាយ​សម្បទាន​ធម្មតា និង​មានការយកចិត្តទុកដាក់​ជាពិសេស​ពី​រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត និង​ក្រុង​ផងដែរ។ លោក ​ម៉ន​នី បណ្ឌិត អភិបាល​នៃ​គណៈ​អភិបាលក្រុង​ព្រៃវែង បាន​មានប្រសាសន៍ថា ប្អូនៗពិការ​តែ​កាយសម្បទាន ប៉ុន្តែ​ចិត្តគំនិត បញ្ញា ស្មារតី ឆន្ទៈ របស់​បងប្អូន​ទាំងអស់គ្នាមិន​ពិការ​ឡើយ ហើយថែមទាំង​កាន់​ខ្លាំងក្លា​ឡើង​ថែមទៀត ​ក្រោម​ម្លប់​សន្តិភាពដែលមាន​ឱកាស​ច្រើន​សម្រាប់បងប្អូន​ពិការ​ ដោយ​មិន​ត្រូវបាន​សង្គម​បោះបង់ចោល​ឡើយ​។

​​លោក​សូមឱ្យ​ប្អូនៗ​ពិការ​ទាំងអស់​ត្រូវ​ជឿជាក់​លើ​ខ្លួន កុំ​អស់សង្ឃឹម​ និង​បោះបង់​ការសិក្សាឱ្យសោះ ត្រូវ​តស៊ូ​រៀនសូត្រ​ឱ្យបាន​ពូកែ​ដើម្បី​ប្រឡង​ចូល​បម្រើការ​ការងារ​រដ្ឋ​ និង​ ឯកជន ពីព្រោះ​ជនពិការមិនត្រូវ​បាន​គេ​រើសអើង និង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​ប្រមុខ​រដ្ឋាភិបាលផងដែរ៕