ព័ត៍មានទាន់​ហេតុការណ៏
Search

ចាន់ ប៊ុន​ហឿន ជួប Phat Thana ឯ យុគ យក្ស​គី​ល ជួប Arthur Shushinsky

ចាន់ ប៊ុន​ហឿន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ និង យុគ យក្ស​គី​ល អ្នក​ប្រដាល់​ក្លិប​កងចក្ររាជសីហ៍​មាន​រិ​ទ្ធ ពួកគេ​ទាំងពីរ​នាក់​នេះត្រូវគេ​ផ្គូ​ឱ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស នៅលើ​សង្វៀន​ Ganzberg Top Fighter របស់ ​SEATV នា​យប់​ថ្ងៃ​សៅ​រ៍ ទី​២៤ ​មីនា ២០១៨​ នេះ។​ ចាន់ ប៊ុន​ហឿន អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ នឹង​ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ជាមួយ​អ្នក​ប្រដាល់​មកពី​ប្រទេស​ថៃ​ឈ្មោះ Phat Thana។ ចាន់ ប៊ុន​ហឿន ជា​លើក​ទី​២៥ ​ហើយដែល​គេ​ជួប​ប្រកួត​ជាមួយ​ថៃ​នេះ។ ប៊ុន​ហឿន ប្រកួត​ជាមួយ​ថៃ​ ២៤​ លើក​កន្លងមកនេះ គឺ​ឈ្នះ​១៦​លើក ចាញ់​០៧​លើក និង​ស្មើ​០២​លើក។ គេប្រកួត​ចុងក្រោយ​ជាមួយ​ថៃ គឺ​ចាញ់ Khumpichit ក្នុងទឹក​ទី​៣ កាលពី​ថ្ងៃទី​០២​ មីនា ឆ្នាំ​២០១៨ កន្លងមកនេះ។

Phat Thana ដែលជា​គូ​របស់ ​ចាន់ ប៊ុន​ហឿន ​នេះ គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​នោះទេ​កន្លងមក។អ្នក​ប្រដាល់​ថៃ​រូបនេះជា​ជើង​ខ្លាំង​ទម្ងន់​ ៦០ ​គីឡូក្រាម ​ស្រករ​ក្រោយ​ប្រចាំ​នៅ​ស្រុកថៃ។ គេ​មានប្រវត្តិ​ប្រកួត​ចំនួន​៥៧​លើក ឈ្នះ​៤៦​លើក ចាញ់១១លើក មិនដែល​ស្មើ។​ បើ​ធៀប​ជាមួយ​ ប៊ុនហឿន តិចជាង​ប្រមាណ ​១៤​ លើក​ប៉ុណ្ណោះ។​

ចាន់ ប៊ុន​ហឿន គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧១​លើក ឈ្នះ​៥៥​លើក ​ចាញ់​១២​លើក និង​ស្មើ​០៤​លើក។ ប៊ុន​ហឿន​ គេ​មាន​ថ្វី​កែង​ និង​ជង្គង់​ល្អ​ណាស់ តែ​យ៉ាងណា​ការ​ឈ្នះ​ចាញ់​រវាង ​ចាន់ ប៊ុន​ហឿន និង Phat Thana នេះពុំមាន​នរណា​ហ៊ាន​ទាយ​មុន​ថា​អ្នកណា​ឈ្នះ​នោះទេ?។​

ចំពោះអ្នក​ប្រដាល់​ជើងចាស់ យុគ យក្ស​គី​ល ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​មកពី​រុស្សី​ឈ្មោះ Arthur Shushinsky។ ពួកគេ​ទាំងពីរប្រកួត​គ្នា​ក្នុង​ទម្ងន់ ​៧៣​ គីឡូក្រាម។ ​ជា​លើក​ទី​២ របស់ ​យុគ យក្ស​គី​ល ហើយ បន្ទាប់ពី​រូបគេ​វិល​មកកាន់​សង្វៀន​វិញ​ ហើយ​ត្រូវគេ​ផ្ដល់ឱកាស​ឲ្យ​ជួប​ប្រកួត​ជាមួយ​រុស្សី។ ​កាលពី​ជួប​ប្រកួត​លើក​ទី​១ ​ជាមួយ​ថៃ (២៨ ​មករា ២០១៨) យក្ស​គី​ល​ វាយ​ចាញ់​ Phiem Sayam ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ។​ យុគ យក្ស​គី​ល ជា​អ្នក​ប្រដាល់​ជើងចាស់​ធ្លាប់ហែល​ឆ្លងកាត់​ប្រកួត​ជាមួយ​បរទេស ពិសេស​ជាមួយ​ថៃច្រើនលើក​ណាស់​មកហើយ​កាលពី​គេនៅមាន​ឈ្មោះ​បោះ​សំឡេង តែពេលនេះគេ​មិន​ដូច​ពីមុន​នោះទេ ដោយសារ​គេ​ចាស់ ឡើង​ទម្ងន់ គួបផ្សំ​គេ​ស្ទើរ​កម្ពស់​ផង ធ្វើឱ្យ​ការប្រកួត​ជាមួយ​បរទេសពិបាក​សង្ឃឹម​ឈ្នះ។

​យ៉ាងណាប៉ះ​ជាមួយ​អ្នក​ប្រដាល់​រុស្សី ដែល​ទើប​ប្រកួត​បាន​៣១​លើក ឈ្នះ​២៤​លើក ចាញ់​០៧លើក ប្រហែលជា​មិន​ពិបាក​ប៉ុន្មាន​ឡើយ។​ ប៉ុន្តែ ​យក្ស​គី​ល ក៏​នៅតែ​ប្រឈម​ការលំបាក​ត្រង់​ចាញ់​កម្ពស់អ្នក​ប្រដាល់​រុស្សី​នោះ​ដាច់​តែម្តង ដោយ Arthur Shushinsky មាន​កម្ពស់​រហូតដល់​ ១,៧៨​ ម៉ែត្រ ខ​ណៈដែល​ខ្លួនគេ​កម្ពស់​ ១,៦៨​ ម៉ែត្រ។ តែដោយសារ​មានចិត្ត​ប្រដាល់​ធំ គេ​ឡើង​ប្រកួត​ដោយ​គ្មានខ្លាចញញើត​ទេ។

Arthur Shushinsky គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ទេ​កន្លងមក។ យ៉ាងណាអ្នក​ប្រដាល់​រុស្សី​រូបនេះគេ​ខ្លាំង​គួរសម​ដែរ តែមកជួប​ជាមួយ​ យុគ យក្ស​គី​ល Arthur Shushinsky ក៏​មិនជា​ស្រួល​ប៉ុន្មាន​ដែរ ព្រោះថា​ យក្ស​គី​ល​ គេ​វាយ​បុក​ខ្លាំង កណ្តាប់ដៃ​ខ្លាំង ទម្ងន់​ជើង​ក៏​ធ្ងន់​ដែរ។ តែ​យ៉ាងណា យក្ស​គី​ល ក៏ត្រូវ​ប្រយ័ត្ន​ដែរសម្រាប់​ការប្រកួត​លើក​នេះ​។ ដូច្នេះ​ចាំមើល តើ ​យុគ យក្ស​គី​ល អាច​យកឈ្នះ​អ្នកប្រដាល់​រុស្សី​នេះបាន​ឬ​អត់?។

​ដោយឡែកអ្នក​ប្រដាល់​ លាភ រដ្ឋា ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ នឹងត្រូវ​ឡើង​សងសឹក​ជាមួយ ង៉ែត វុ​ធ អ្នកប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១។ ពីរ​នាក់​នេះប្រកួត​គ្នា​ក្នុង​ទម្ងន់​ ៥៧ ​គីឡូក្រាម។ រីឯ ផល វិចិត្រ អ្នក​ប្រដាល់​ក្លិប​ភារ​ម្យ​គុន​ខ្មែរ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ ឡុង ខ្លា​សិ​ក អ្នក​ប្រដាល់​ក្លិបសាល​វ័​ន្ត​កីឡា ដោយ​ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​ ៥៧​ គីឡូក្រាម​ដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114