ព័ត៍មានទាន់​ហេតុការណ៏
Search

ជម្រុះ​ខ្សែក្រវាត់​ Barrley Black ជុំ​ទី​៣ ៖ ផាន់ គ្រាន់ ជួប Den Phichhit ឯ មាស ច័ន្ទ​មាន ជួប Loom Leng

ការប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក ​Barrley Black ទម្ងន់ ​៦៣,៥០០ គីឡូក្រាម នៅ​សង្វៀន​ទូរទស្សន៍ ​SEA TV នៅ​រសៀល​ថ្ងៃអាទិត្យ​ ទី​២៥​ ខែមីនា​ ឆ្នាំ២០១៨​ នេះ ជាការ​ប្រកួត​សប្ដាហ៍​ទី​៧ ជុំ​ទី​៣ រវាង​អ្នក​ប្រដាល់​កម្ពុជា ផាន់ គ្រាន់ ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា និង Den Phichhit អ្នក​ប្រដាល់​ថៃ ហើយ​អ្នកប្រដាល់​កម្ពុជា​ មាស ច័ន្ទ​មាន ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២​ និង ​អ្នក​ប្រដាល់​ថៃ Loom Leng។​

សម្រាប់​ជំនួប​ក្នុង​ជុំ​ទី​៣​នេះ រវាង ​ផាន់ គ្រាន់ និង Den Phichhit ពួកគេ​ទាំងពីរ​នាក់​នេះមិន​ធ្លាប់​ជួបគ្នាទេ​កន្លងមក។ ពួកគេ​ទាំងពីរ​នាក់​នេះមាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា​ទេ ហើយ​មាឌក៏ប្រហែល​គ្នា​ដែរ ប៉ុន្តែ​ ផាន់ គ្រាន់ ​ចាញ់​កម្ពស់​ថៃ​បន្តិច ដោយ​គេ​មាន​កម្ពស់ ​១,៦៨ ​ម៉ែត្រ ខណៈ ​ផាន់ គ្រាន់ គេ ​១,៦៥ ម៉ែត្រ។ ផាន់ គ្រាន់ គេ​មាន​កំណត់ត្រា​ប្រកួត​១០៧​លើក ឈ្នះ​៨៩​លើក ចាញ់​១៦លើក និង ​ស្មើ​០២​លើក។ ចំណែក Den Phichhit គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​៩២​លើក ឈ្នះ​៨០​លើក ចាញ់​១១ លើក និង​ ស្មើ​០១​លើក​។

​ទោះជា​យ៉ាងណាក្តី សម្រាប់​ការជួបគ្នា​នេះពុំ​អាចសន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះអ្នកណា​ចាញ់នោះឡើយ ហើយពីរ​នាក់​នេះក៏​មិនអាច​អ្នកណា​មើលស្រាល​អ្នកណា​បានដែរ។​ ការប្រកួតពីរជុំកន្លងមក ផាន់ គ្រាន់ ​ឈ្នះ​ទាំងពីរ​ជុំ គឺ​ឈ្នះ​ថៃ Luok Ton ដោយ​ពិន្ទុ និង​ឈ្នះ Kolab Dam ដោយ​ពិន្ទុបាន​៦​ពិន្ទុ​។ ឯ Den Phichhit ពីរ​ជុំ​គេ​ឈ្នះ​១ ​ចាញ់​១ គឺ​ឈ្នះ ​មាស ច័ន្ទ​ មាន​ដោយ​ពិន្ទុ និង​ចាញ់​ វេ​ង សុ​ភ័​ក្រ ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ដោយ​ពិន្ទុ បាន​៤​ពិន្ទុ។​
ចំពោះ​ការជួបគ្នា​រវាង មាស ច័ន្ទ​មាន និង Loom Leng វិញប្រហែលជា​មិន​ពិបាក​ទស្សន៍ទាយ​ទេ ព្រោះ ​ច័ន្ទ​មាន ធ្លាប់​វាយ​ចាញ់ Loom Leng ពីរលើក​រួចទៅហើយ មុន​ចូលរួម​ប្រកួត​ដណ្តើម​ខ្សែក្រវាត់នេះ។ Loom Leng គេ​ល្អ​និង​ខ្លាំង ហើយក៏​ធ្លាប់​វាយ​ឈ្នះ​អ្នក​ប្រដាល់​កម្ពុជា​ច្រើននាក់មកហើយ ប្រហាក់ប្រហែល​នឹង ​មាស ច័ន្ទ​មាន ​ដែរ។​ ពីរ​នាក់​នេះពីមុនមក​ពុំ​ធ្លាប់​ជួបគ្នា​ទេ។

Loom Leng របៀប​វាយ​របស់គេ គឺ​វាយ​ដោយ​មិន​បង្ខំ គេ​វាយ​ចេញ​មួយៗ​តែ​ច្បាស់ ​ហើយ​វាយចេញ​ភាគច្រើន​ចំ​គោលដៅ​បានល្អ។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨០​លើក ឈ្នះ​៦៧លើក ចាញ់១២​លើក និង​ស្មើ​ពិន្ទុ១លើក។ កាលពី​ជុំ​ទី​១ Loom Leng វាយ​ឈ្នះ ​វេ​ង សុ​ភ័​ក្រ​ ដោយ​ពិន្ទុ និងជុំ​ទី​២ គេ​វាយ​ឈ្នះ ​ឌុ​ម កែវ​ដា ក្លិប​ម្កុដ​រាជសីហ៍​ដោយ​ពិន្ទុ បាន​៦​ពិន្ទុ។

​ចំណែក មាស ច័ន្ទ​មាន មួយរយៈ​នេះ​គេ​ហាក់ដូចជា​ស្រុតចុះ​ខ្លាំងណាស់ ទោះបី​របៀប​វាយ​របស់គេនៅតែ​ល្អ​ក៏ពិតមែន និង​នៅ​រហ័ស​ក៏ពិតមែន តែ​កម្លាំង ​និងទឹកចិត្ត​របស់គេ​ស្រុតចុះខ្លាំងណាស់។ ច័ន្ទ​មាន ក្នុង​ពីរ​ជុំ​កន្លងមកគេ​វាយ​ឈ្នះ​១ ​ចាញ់​១​ប្រកួត គឺ​ចាញ់​ Kolap Dam ដោយ​ពិន្ទុ និង ​ឈ្នះ ​Luok Ton ក្នុង​ទឹក​ទី​២ បាន​៤​ពិន្ទុ។ យ៉ាងណាប្រកួត​ក្នុង​ព្រឹត្តិការណ៍​ខ្សែក្រវាត់ដូច្នេះ ទាំងសងខាងប្រាកដជា​ត្រៀមខ្លួន​បាន​ល្អជា​មិនខានឡើយ។ ច័ន្ទ​មាន គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​ចំនួន​១៣៣​លើក ឈ្នះ​៩៩លើក ចាញ់​៣០​លើក និង​ស្មើ​ពិន្ទុ៤លើក​។ ទោះជា​យ៉ាងណា មាស ច័ន្ទ​មាន គេ​ជា​អ្នក​ប្រដាល់​ដែល​សំបូរ​កលល្បិច​គ្រាន់បើ​ដែរ។​ចាំមើលការប្រកួត​ក្នុង​ជុំ​ទី​៣​នេះ រវាង ​មាស ច័ន្ទ​មាន និង Loom Leng តើន​រណារ​កបាន​៣​ពិន្ទុ​នោះ?។​

​ចំពោះ​ការ​ការប្រកួត​ក្រៅពី​គូ​ខ្សែក្រវាត់​នេះ ពុទ្ធ សំបូរ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា នឹង​ជួបសាក​កណ្តាប់ដៃ​ជាមួយ ហេង វាសនា អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង។ សម្រាប់ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ គេ​មិន​រំពឹងថា ហេង វាសនា អាច​ឈ្នះ ​ពុទ្ធ សំបូរ នោះឡើយ។​

​លីន វ​ណ្ណះ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​ សយ សុខ អ្នក​ប្រដាល់​ក្លិបពន្លឺ​វិបុល​មាន​រិ​ទ្ធ។​ ពួកគេ​ពីរ​នាក់​នេះក៏​មិន​ធ្លាប់​ជួបគ្នា​ដែរ​កន្លងមក។ សយ សុខ ត្បិត​តែមានកម្លាំង​ស៊ុ​ហ្វ​មិនសូវ​រឹងមាំ ប៉ុន្តែ​គេ​វាយ​នៅតែមាន​ផ្លែ​ល្អ​។​ ទោះជា​យ៉ាងណាអ្នក​ប្រដាល់​ពីរនាក់​នេះ​ជួបគ្នាពុំមាន​នរណា​ហ៊ាន​ទាយ​មុន​ថា អ្នកណា​ឈ្នះអ្នកណា​ចាញ់​នោះឡើយ?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114